អ្នកដែលមិនឆ្លើយតបសាររបស់អ្នក ភាគច្រើនមានគំនិតប៉ុន្មានប្រភេទនេះ

តើអ្នកធ្លាប់ដោយសារតែអង្គុយរង់ចាំសាររបស់គេ ចិត្តនៅមិនសុខ គេងមិនលក់ដែរឬទេ? រាល់ដងឱ្យតែឮសំឡេងទូរស័ព្ទ តែងយល់ថា គឺជាគេទ្រាំមិនបានប្រញាប់ទៅមើល ដល់ពេលមើលទៅមិនមែនជាគេសោះ មានអារម្មណ៍អស់សង្ឃឹមយ៉ាងខ្លាំង។ តែក្នុងចិត្តអ្នកវិញបានលួងលោមខ្លួនឯងថា ប្រហែលជាគេរវល់ហើយ ហត់ពេកមើលទៅ មិនបានផ្ញើសារឱ្យអ្នក តាមពិតទៅដល់ពេលស្អែកព្រឹកភ្ញាក់ឡើងគេនៅតែមិនបានផ្ញើសារឱ្យអ្នកដដែល។

ស្ថានភាពបែបនេះ តាមគិតមើលទៅប្រហែលជាមានមនុស្សជាច្រើនធ្លាប់ជួបរឿងបែបនេះ ពាក់ព័ន្ធនឹងការមិនឆ្លើយសារនេះ យើងតែងមានទម្លាប់គិតថាប្រហែលទូរស័ព្ទគេអស់ថ្ម ឬក៏កំពុងតែរវល់...។ បើអ្នកទៅពិចារណាឱ្យល្អិតល្អន់ តាមពិតទៅអ្នកដែលមិនបានឆ្លើយតបសាររបស់អ្នក ភាគច្រើនពួកគេមាននូវគំនិតទាំងនេះ៖

១. មិនខ្វល់ពីអ្នក មិនចង់ឆ្លើយសារ

ធ្លាប់អានឃ្លាមួយគេសរសេរ “សម័យនេះម្នាក់ៗសុទ្ធតែកាន់ទូរស័ព្ទជាប់ដៃ ទៅណាក៏យកតាមខ្លួន ហេតុអ្វីគ្រាន់តែគេផ្ញើសារឱ្យខ្លួនបែរជាមិនដឹងនោះ”

មនុស្សម្នាក់ខ្វល់ពីអ្នកឬអត់ មើលតែការជជែកគ្នាតាមឆាតទៅអាចដឹងបានហើយ។ បើគេខ្វល់ពីអ្នក គេនឹងឆ្លើយតបសាររបស់អ្នកភ្លាមៗ ព្រោះគេចង់ឱ្យអ្នកស្ងប់ចិត្ត តែបើគេមិនខ្វល់ទេនោះ ទោះជាគេចូលមើលហើយ ក៏គេមិនចង់តបសារអ្នកដែរ។

មិត្តខ្ញុំម្នាក់ពីមុនធ្លាប់តែធ្លាក់ក្នុងស្នេហាដ៏ផ្អែមល្អែម ថ្មីៗនេះតែងតែធ្វើមុខស្អុយ ពេលសួរមូលហេតុទៅ នាងនិយាយថា៖ “ថ្មីៗនេះសង្សារនាងមិនសូវតបសារសោះ ទោះជានាងបានប្រាប់គេថានាងផ្តាសាយក្តៅខ្លួនពិបាកក្នុងខ្លួន គេមិនបាននិយាយពាក្យយកចិត្តទុកដាក់ដូចពីមុនឡើយ ម្សិលម្ង៉ៃខ្ញុំខឹងខ្លាំងពេក បាននិយាយទៅកាន់គេថាបើមិនតបសារទៀតថ្ងៃក្រោយមិនបាច់ទាក់ទងគ្នាទេ ចុងក្រោយគេនៅតែមិនខ្វល់លែងទាក់ទងមកនាងតាំងពីពេលនោះមក។”

ដោយសារតែឃើញនាងបែបនេះ មានមិត្តភ៏ក្រ្តជាច្រើនបាននិយាយបកស្រាយថា “មនុស្សម្នាក់ដែលដឹងថាអ្នកជិតចាកចេញហើយនៅតែគ្មានសកម្មភាពទៀតនោះ គេលែងស្រលាញ់អ្នកហើយ គេមិនដែលចង់ខ្វល់ពីអ្នកទេ។”

ត្រូវហើយ បើមិនឃើញគេផ្ញើរសារមកទេ មិនបាច់ចាំទៀតឡើយ ហើយបើគេមិនតបសារ ក៏មិនបាច់ទៅរំខានគេទៀតដែរ។ មនុស្សពីរនាក់ស្រលាញ់គ្នា អ្វីដែលខ្លាចបំផុតមិនត្រឹមតែជាការផិតក្បត់នោះទេ គឺក្តីរំពឹងរបស់មនុស្សម្នាក់ ហើយបែរជាមិនទទួលបានរាល់ការតបត្រលប់មកវិញអ្វីទាំងអស់។

១

២. ធុញទ្រាន់ចំពោះអ្នក ខ្ជិលតបសារអ្នក

នៅចាំបានថាមានម្តងនោះ ពេលដែលខ្ញុំហូបបាយជាមួយមិត្តភក្តិជុំគ្នា មានមិត្តម្នាក់ទូរស័ព្ទដៃគេលោតសារមករហូត ទោះជាគេឃើញហើយនៅតែធ្វើធម្មតានិយាយលេងសើចបន្តទៀត។ ខ្ញុំនៅក្បែរនោះបានរំឭកដល់គេថា លោតសារមកច្រើនបែបនេះ ប្រហែលជាមានរឿងបន្ទាន់ហើយ មិនតបសារអត់មានបញ្ហាទេឬ? គេឆ្លើយថា គឺសង្សារបស់គេ គ្មានអ្វីក្រៅពីសួរដេញដោលច្រើននោះទេ គ្មានរឿងអ្វីបន្ទាន់ឡើយ ខ្ជិលឆ្លើយណាស់។

២

៣. ចង់នៅឱ្យឆ្ងាយពីអ្នក មានចេតនាមិនតបសារអ្នក

មានពាក្យមួយឧស្សាហ៍ឮគេនិយាយលេងថា ៖ “មិនមែនគេរវល់ពេកទេ ក៏មិនមែនគេកំពុងកើតទុក្ខដែរ ក្នុងចិត្តគេគ្មានរឿងអ្វីឡើយ ទូរស័ព្ទរបស់គេក៏មិនមែនខូចមិនមែនជ្រុះបាត់ឡើយ គ្រាន់តែគេមិនសូវស្រលាញ់អ្នកប៉ុណ្ណោះ។”

ត្រឹមត្រូវណាស់ មនុស្សដែលស្រលាញ់អ្នកគេប្រាកដជាធ្វើយ៉ាងណាដើម្បីនៅក្បែរអ្នក តែបើមនុស្សមិនស្រលាញ់អ្នក គេធ្វើយ៉ាងណាគេចឱ្យផុតពីអ្នក។ ស្នេហាមួយមុនពេលបញ្ចប់ គឺតែងមានប្រផ្នូលមុនជានិច្ច ដោយសារមានម្នាក់មើលរំលងទុកម្នាក់ទៀតចោល ធ្វើយ៉ាងណាឱ្យម្នាក់ទៀតអស់ចិត្ត ឯកា អស់សង្ឃឹមសុំបែកដោយខ្លួនឯង ហើយខ្លួនឯងមិនចាំបាច់ដើរតួរជាមនុស្សអាក្រក់។ ត្រូវដឹងថា ការមិនបតសារ គឺជាចម្លើយមួយដ៏ស្មោះត្រង់បំផុត ដើម្បីកុំឱ្យខ្លួនរងរបួសទាន់ យល់ល្អកុំទៅរវល់ជាមួយមនុស្សដែលមិនព្រមតបសារអ្នកទៀតអី។

អ្នកត្រូវតែយល់ពីហេតុផលមួយ ៖ មនុស្សចង់ទៅហើយ ឃាត់យ៉ាងណាក៏មិននៅដែរ មនុស្សធ្វើពុតជាគេងលក់ ដាស់យ៉ាងណាក៏មិនភ្ញាក់ដែរ មនុស្សដែលលែងស្រលាញ់អ្នកហើយគេមិនត្រលប់មករកអ្នកវិញទេ៕