រឿងតូចៗ ១០ យ៉ាងដែលបង្ហាញថា ប្តីរបស់អ្នកស្រឡាញ់អ្នកខ្លាំង

មួយជីវិតនេះថាវែងក៏មិនវែង ថាខ្លីក៏មិនខ្លីដែរ មនុស្សដែលអ្នកស្រលាញ់មិនប្រាកដថាសក្តិសមនឹងអ្នក តាមពិតទៅប្តីប្រពន្ធមិនមែនមើលតែលើភាពសក្តិសមនោះទេ អ្វីដែលសំខាន់ត្រូវមើល អ្នកទាំងពីរមានភាពអន់ឱនឱ្យគ្នា និងធ្វើការកែប្រែអ្វីដែលមិនល្អរាងខ្លួនកម្រិតណា គ្មាននរណាកើតមកល្អឥតខ្ចោះពីធម្មជាតិនោះទេ លុះត្រាតែគេមានចិត្តស្រលាញ់ដល់កំពូលចំពោះអ្នកទើបគេព្រមលះបង់ កែប្រែដើម្បីអ្នក។

ចង់ដឹងថាខ្លួនជាមនុស្សសំណាងឬអត់ មើលថាប្តីរបស់អ្នកមានធ្វើទង្វើតូចៗទាំងនេះដែរឬទេ?

១

១. មិនថារៀបការយូរយ៉ាងណាទេ គេនៅតែចងចាំថ្ងៃអាពាហ៍ពិពាហ៍របស់អ្នកទាំងពីរ តែងនាំអ្នកចេញទៅហូបអាហារពេលល្ងាចដ៏រ៉ូមែនទិក ផ្តល់ការភ្ញាក់ផ្អើលដល់អ្នក។

២. ដ្បិតតែការងាររវល់ តែគេជារៀងរាល់ថ្ងៃនៅអាចឆ្លៀតពេលឆាតមកអ្នក ឬទូរសព្ទរកអ្នក។

៣. ឆ្លៀតពេលកំដរអ្នកដើរទិញឥវ៉ាន់ ពេលដែលអ្នកឃើញសម្លៀកបំពាក់ស្រស់ស្អាត ទោះជាតម្លៃថ្លៃពេកអ្នកមិនដាច់ចិត្តទិញ គេនឹងលួចចំណាំ រកឱកាសដែលសក្តិសមទិញជូនអ្នក ផ្តល់ការភ្ញាក់ផ្អើលដល់អ្នក។

៤. ចូលចង្រ្កានធ្វើម្ហូបផ្ទាល់ដៃដើម្បីអ្នក ធ្វើកិច្ចការផ្ទះ បោកសម្លៀកបំពាក់ដោយមិនរើសអើងថាជាការងារស្រីប្រុសឡើយ ព្រមទាំងជួយមើលកូនៗ បំពេញកាតព្វកិច្ចជាប្តី និងឪពុកដ៏ល្អ។

៥. ប្រាក់ដែលរកបាន គឺប្រគល់ឱ្យអ្នកអស់ៗ មិនប្រើពាក្យសម្ដីទ្រគោះបោះបោក មិនមើលស្រាលអ្នក មានតែធ្វើឱ្យអ្នកសប្បាយចិត្ត។

២

៦. សុខចិត្តធ្វើការផ្លាស់ប្តូរអ្វីដែលមិនល្អនៅលើខ្លួនគេ។ ឧទាហរណ៍ថា ៖ អ្នកមិនចូលចិត្តគេជក់បារី ផឹកស្រា ខ្លាចសុខភាពគេមិនល្អ។ ដ្បិតតែគេមិនអាចផ្តាច់ភ្លាមៗមែន តែគេនឹងកែប្រែជាសន្សឹមៗ ជាដំបូងមិនជក់បារីនៅចំពោះមុខអ្នក លួចទៅជក់នៅខាងក្រៅ ជក់អស់ហើយទើបចូលក្នុងផ្ទះវិញ ព្យាយាមផ្តាច់ការផឹកស្រា ព្រោះតែគេចង់នៅកំដរអ្នកបានយូរអង្វែង។

៧. ពេលអ្នករងទុក្ខ គេនឹងឈរនៅខាងអ្នកដោយឥតលក្ខខណ្ឌ។ បើមាននរណាចង់បង្កើតបញ្ហាជាមួយអ្នក គេនឹងចេញមុខជំនួសអ្នក ហើយគេដឹងទុកធុរៈអ្នកណាស់ មិនថាពេលអ្នកមកខែ ចុកពោះ ឬឈឺស្កាត់អ្វីឡើយ គេយកចិត្តទុកដាក់នឹងអ្នក មើលថែអ្នក។

៨. ដឹងពីចំណូលចិត្តរបស់អ្នក មិនបង្ខំអ្នកធ្វើអ្វីដែលមិនពេញចិត្ត គោរពសិទ្ធអ្នក ពេលមានបញ្ហា ឬឈ្លោះប្រកែកគ្នាជាមួយអ្នក ព្យាយាមយកធម៌ខន្តីមកដោះស្រាយជាមួយអ្នក ពន្យល់អ្នកតាមសម្រួល។

៩. ដ្បិតតែអ្នកតឹងរឹងចំពោះគេមែន ទោះមាត់គេនិយាយថាធុញនឹងអ្នក តែពេលដែលគេនៅក្រៅច្រើនម៉ោង ឱ្យតែឃើញអ្នកខលទូរសព្ទទៅរកគេ គេប្រញាប់ត្រលប់មកវិញ នេះបានន័យថាក្នុងចិត្តគេគោរពដល់អ្នក។

១០. ពេលចុងសប្តាហ៍ បើឃើញអាកាសធាតុល្អគេចង់នាំអ្នកដើរលេង ឬទៅញុំាអី ឬក៏គេមិនចេញទៅក្រៅសុខចិត្តនៅកំដរអ្នក មើលទូរទស្សន៍ ធ្វើម្ហូប ធ្វើកិច្ចការផ្ទះរួមគ្នា ឬមានរឿងនិយាយមិនចេះអស់ជាមួយអ្នក៕

អត្ថបទ ៖ បក្សីទេព / Knongsrok