មនុស្សគ្រប់គ្នាក្នុងលោកនេះ មិនអាចមានតែម្នាក់ឯងនោះឡើយ យ៉ាងណាទោះតិចច្រើនក្តី ក៏មានសាច់ញាតិខ្សែស្រឡាយខ្លះដែរ។ ការប្រាស្រ័យទាក់ទងរវាងសាច់ញាត់ ក៏ត្រូវដឹងពីច្បាប់ទម្លាប់ដែរ ពាក្យអ្វីត្រូវនិយាយ និងមិនត្រូវនិយាយ ។ ពុំដូច្នេះទេ បើហ៊ានតែលើសព្រំដែន នឹងប៉ះពាល់ដល់មនោសញ្ចេតនា ចុងក្រោយក៏នៅតែក្លាយទៅជាអ្នកដទៃដែរ។ ពិសេសរឿងទាំងប៉ុន្មាននេះនៅក្នុងគ្រួសារ បើហ៊ានតែខ្ជះខ្ជាយចេញទៅក្រៅ ទោះជាអ្នកគ្មានបំណង តែអ្នកស្តាប់ប្រកាន់ នោះទីបំផុតនឹងបង្កើតទៅជាបញ្ហាជាមិនខាន។
១. ប្រាក់ចំណូល
ស្ថានភាពគ្រួសារនីមួយៗមិនដូចគ្នាទេ ការរស់នៅក៏មិនដូចគ្នាដែរ រវាងសាច់ញាតិក៏មានភាពខុសគ្នា មានសាច់ញាតិខ្លះ មានសមត្ថភាពរកចំណូលបានច្រើន សម្ភារៈប្រើប្រាស់ក៏សម្បូរបែប ហើយក៏មានសាច់ញាតិខ្លះទៀត មានជីវភាពខ្វះខាត រស់នៅក៏ខ្វះមុខខ្វះក្រោយ។ ជួនកាលយើងបាននិយាយពីបញ្ហាប្រាក់ចំណូលឱ្យគេដឹង តាមពិត គឺនិយាយដោយគ្មានបំណងអ្វីទេ ពេលគេស្តាប់ឮហើយ គេបែរជាយល់ថាអ្នកអួត ឬចង់បង្ហាញថាខ្លួនអ្នកខ្លាំងជាងគេទៅវិញ។
មានពាក្យមួយឃ្លាពោលថា ៖ ក្នុងលោកនេះ ក្រៅពីម្តាយឪពុកអ្នក អ្នកដែលសង្ឃឹមចង់ឱ្យអ្នករស់នៅបានសុខ គឺមិនមានច្រើនឡើយ។ ពួកគេសុខចិត្តឱ្យមនុស្សស្គាល់គ្នាក្លាយជាមហាសេដ្ឋីពិភពលោក ក៏មិនចង់ឱ្យមនុស្សក្បែរខ្លួនឈ្នះឆ្នោតរង្វាន់ធំដែរ។ ពេលគេដឹងពីចំណូលរបស់អ្នកហើយ បើគេហាមាត់ខ្ចីប្រាក់ តើអ្នកចង់ឱ្យគេខ្ចី ឬអត់ ? បើឱ្យខ្ចី បារម្ភថាគេមិនសង។ បើមិនឱ្យខ្ចី ខ្លាចប៉ះពាល់ដល់មនោញ្ចេតនា។
២. វិវាទផ្ទៃក្នុង
កន្លែងមានមនុស្ស គឺដឹងតែមានរឿង តាមពិតនេះជារឿងធម្មតាទៅហើយ សូម្បីតែធ្មេញនិងអណ្តាតក៏តែងតែប៉ះគ្នាដែរ។ រឿងវិវាទក្នុងគ្រួសារមួយ មិនមែនជារឿងធំនោះឡើយ ត្រូវរៀនចេះបែងចែក ព្យាយាមដោះស្រាយបញ្ហា ធ្វើយ៉ាងណាសម្រេចឱ្យបានការយល់ឃើញរួមគ្នាមួយ នេះទើបជាមធ្យោបាយត្រឹមត្រូវ។
ប៉ុន្តែមានមនុស្សមួយចំនួនពេលជួបបញ្ហាក្នុងគ្រួសារ ចូលចិត្តនិយាយប្រាប់គេ ជាពិសេសប្រាប់ទៅសាច់ញាតដែលខ្លួនយល់ថាជិតស្និទ្ធគ្រាន់បើ។ តែអ្នកស្មានមិនដល់សោះនោះគឺ សាច់ញាតិ គឺមានទំនាក់ទំនងជាមួយអ្នក ហើយក៏មានទំនាក់ទំនងជាមួយអ្នកផ្ទះរបស់អ្នកដែរ ពាក្យដែលអ្នកនិយាយប្រាប់គេ ក៏អាចលេចឮដល់អ្នកដទៃក៏ថាបាន។ ទោះជាចេតនា ឬអចេតនា តែទំនាក់ទំនងក្នុងគ្រួសាររបស់អ្នកបានប្រះឆាទៅហើយ ព្រោះវាទៅជារឿងយល់ច្រឡំនឹងគ្នា។ ដើមឡើយបញ្ហាក្នុងគ្រួសារ គឺមិនងាយដោះស្រាយទៅហើយ ដោយសារតែអ្នកបានប្រាប់រឿងទៅសាច់ញាតិ គេទៅបន្ថែមបន្ថយពាក្យ ក៏ធ្វើឱ្យមានបញ្ហាកាន់តែធំ។
៣. រឿងផ្ទៃក្នុងគ្រួសារ
គ្រួសារនីមួយៗ សុទ្ធតែមានរឿងមិនចង់ឱ្យគេដឹង រឿងអតីតកាល ឬរឿងមិនល្អរបស់គ្រួសារ មនុស្សមួយចំនួន គឺមិនចូលចិត្តនិយាយប្រាប់គេឡើយ ព្រោះយល់ថាពេលគេដឹងហើយអាចជាភាពអាម៉ាស់របស់ខ្លួន។ ទំនាក់ទំនងសមាជិកនៅក្នុងគ្រួសារ ទោះជាល្អ ឬអាក្រក់ វាសុទ្ធតែរាប់បញ្ជូលថាជាផ្នែកមួយរបស់អ្នកដែរ គេតែងនិយាយថា ត្រីមួយកន្ត្រកស្អុយមួយ គឺស្អុយទាំងអស់។
មិនថាទោះជាយ៉ាងណាទេ បញ្ហាផ្ទៃក្នុងគ្រួសារ គឺដោះស្រាយតែក្នុងគ្រួសារទៅបានហើយ កុំចេះតែរមាស់មាត់ដើរនិយាយប្រាប់សាច់ញាត ឬគេគ្រប់គ្នាឱ្យសោះ។ ទោះជាទំនងអ្នកជាមួយពួកគេល្អយ៉ាងណា ចុងក្រោយនៅតែជាអ្នកដទៃ រឿងក្នុងគ្រួសាររបស់អ្នកតាមពិតគ្មានទាក់ទងអ្វីនិងគេឡើយ។ បើគេយករឿងសំងាត់នៅក្នុងគ្រួសាររបស់អ្នកនិយាយចេញទៅឱ្យគេរាល់គ្នាដឹងអំពីរឿងដែលអ្នកមិនចង់ឱ្យគ្រប់គ្នាដឹងនោះ ដល់ពេលនោះតើអ្នកគួរធ្វើយ៉ាងដូចម្តេចទៅ?
អត្ថបទ ៖ បក្សីទេព / Knongsrok