ជាទូទៅ គេតែងនិយាយថា គ្រាន់តែស្តាប់សម្ដី និងឃើញទង្វើរបស់គេ នឹងដឹងថាគេជាមនុស្សបែបណាទៅហើយ ប៉ុន្តែចំពោះកិច្ចការប្រចាំថ្ងៃតូចតាចនៅក្នុងដំណើរជីវិតរបស់យើង ក៏អាចធ្វើឱ្យយើងមើលឃើញពីចិត្តមនុស្សផងដែរ។ ពេលដែលមនុស្សម្នាក់គេតបសារអ្នកដោយពាក្យសម្ដី និងទង្វើបែបនេះ បញ្ជាក់ថាគេបានមើលស្រាលអ្នកហើយ បើអាចកុំបន្តរាប់អានអី។
១. មនុស្សដែលប្រើសម្ដីក្អេងក្អាង និងចូលចិត្តនិយាយឌឺដងដល់អ្នក
មានមនុស្សមួយចំនួនឱ្យតែគេតបសារអ្នកម្តងៗ ជួនតបជួនចូលមើលហើយមិនតប ឬក៏តបដោយដាក់ជារូបសញ្ញា ចង់បង្ហាញថា គេគ្មានពេលសម្រាប់អ្នកឡើយ ឬជួនកាលអ្នកនិយាយហូរហែយ៉ាងច្រើន គេបែរជាឆ្លើយតបវិញតែមួយម៉ាត់ៗ។ មានពេលខ្លះទៀត គេទុកអ្នកជារបស់កំដរអារម្មណ៍ ឱ្យតែពេលគេចង់បញ្ចេញកំហឹង ឬក៏ចង់ខ្ចីអ្វីពីអ្នក គេតែងឆាតរកអ្នកមុន ឬបន្ទន់ពាក្យសម្ដីរបស់គេ ពេលដែលអ្នកអស់ប្រយោជន៍ហើយ គេលែងខ្វល់ពីអ្នក ម្យ៉ាងទៀត គេតែងប្រើពាក្យសម្ដីវាយប្រហារអ្នក មិនដែលមានពាក្យលើកទឹកចិត្តអ្នកឡើយ នេះហើយគឺជាការមើលស្រាល។
២. មិនឆ្លើយតបសារអ្នក បែរជាឆ្លើយតបសារអ្នកដទៃ
មានមនុស្សមួយចំនួន មិនដឹងថាគាត់គិតអ្វីនោះទេ ពេលខ្លះយើងឆាតសួរសំណួរដូចគ្នា ទោះជាគេបានចូលមើលហើយក៏មិនព្រមឆ្លើយសារយើងដែរ ប៉ុន្តែមានមនុស្ស ឬមិត្តម្នាក់ទៀតឆាតទៅសួរសំណួរដូចគ្នា គេបែរជាព្រមតបសារម្នាក់នោះទៅវិញ។ ទង្វើនេះបញ្ជាក់ថា យើងគ្មានតំណែងអ្វីក្នុងចិត្តគេឡើយ ព្រោះតែគេមិនចូលចិត្តយើង ទើបគេបង្ហាញកាយវិការបែបនេះ។
៣. បង្វិលអ្នកតាមចិត្តរបស់គេ
មានមនុស្សខ្លះ គេឆាតរកអ្នកពេលគេអផ្សុកប៉ុណ្ណោះ ទាល់តែគេអស់ជម្រើសទើបឆាតរកអ្នក ពេលអ្នកមានទុក្ខលំបាកឆាតសួរនាំគេ គេចូលមើលហើយមិនព្រមតប មិនថាអ្នកនិយាយអង្វរករគេយ៉ាងណាទេ ក៏គេមិនខ្វល់ដែរ ដល់ពេលដែលគេមានទុក្ខ គេធ្វើជាដឹងកំហុស ឬបើមនុស្សផ្ទុយភេទវិញ គេយកអ្នកមកកំដរអារម្មណ៍ពេលដែលគេខូចចិត្ត ឬមិនដឹងធ្វើអ្វីនោះទេ។ មនុស្សបែបនេះមិនបានចាត់ទុកអ្នកជាមិត្តភក្តិគេឡើយ ទោះបីជាអ្នកបាត់មុខមិនលេងក្នុងបណ្តាញសង្គមយ៉ាងយូរក៏ដោយ គេក៏មិនសួរនាំអ្នកឡើយ ព្រោះអ្នកគ្មានតម្លៃសម្រាប់គេទេ។
បើមនុស្សម្នាក់គេមើលស្រាលអ្នកហើយ អ្នកមិនចាំបាច់ទៅសួរនាំគេទេ ព្រោះមនុស្សខ្លះតែងគិតប្រយោជន៍ជាធំ គេនឹងគិតអំពីប្រយោជន៍អ្វីខ្លះដែលគេអាចទទួលបានពីអ្នក ត្រូវចាំថា មនុស្សបែបនេះទោះរាប់អានមានតែនាំទុក្ខលំបាកដល់ខ្លួន ហើយក៏មិនយូរអង្វែងដែរ៕
អត្ថបទ ៖ បក្សីទេព / Knongsrok