កាលពីថ្ងៃសុក្រ ទី ២៥ ខែតុលា ឆ្នាំ ២០១៩ នេះ មានការរៀបចំកម្មវិធីមួយមានឈ្មោះថា មហោស្រពសិល្បៈដណ្តាំស្លម្ហូបអាហារលើកទី២០ និងទម្រង់ម៉ូតសម្លៀកបំពាក់ខ្មែរលើកទី១៩ ឆ្នាំ២០១៩ ដែលប្រព្រឹត្តិឡើងនៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្រ្តវត្តភ្នំ រាជធានីភ្នំពេញ ដើម្បីជាការលើកស្ទូយនូវស្នាដៃម្ហូបខ្មែរទូទាំងតំបន់ និងប្រទេសផងដែរ។
នៅក្នុងកម្មវិធីនោះ លោកស្រី ឡាត់ សុខឯម ត្រូវាបជាប់ជាបេក្ខភាពចំណាត់ថ្នាក់លេខ២ ក្នុងវិញ្ញាសារម្ហូបពិសេសប្រចាំតំបន់ ក្នុងមុខម្ហូបសម្លចាណាង ជនជាតិដើមភាគតិចគ្រឹង និងទំពួន មកពីខេត្តរតនគិរី ដោយទទួលបានការអបអរសាទរជាខ្លាំង។
តាមរយៈលោកស្រី ឡាត់ សុខឯម ដែលមានគណនីហ្វេសប៊ុក Lat Sok Em បានបង្ហោះរូបភាពជ័យលាភី និងរៀបរាប់តថា៖ « អបអសាទរ សម្លចាណាង ជនជាតិដើមភាគតិចគ្រឹង និងទំពួន មកពីខេត្តរតនគិរី ជាប់ចំណាត់ថ្នាក់លេខ២ ខ្ញុំពិតជារំភើបសប្បាយរីករាយជាទីបំផុត រកអ្វីប្រៀបផ្ទឹមពុំបានឡើយ ដែលនាងខ្ញុំជាប់ចំណាត់ថ្នាក់លេខ២ ក្នុងវិញ្ញាសារម្ហូបពិសេសប្រចាំតំបន់ នៅក្នុងមហោស្រព សិល្បៈដណ្តាំស្លម្ហូបអាហារលើកទី២០ និងទម្រង់ម៉ូតសម្លៀកបំពាក់ខ្មែលើកទី១៩ ឆ្នាំ២០១៩ នាថ្ងៃទី២៥ តុលា ២០១៩ នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្រ្តវត្តភ្នំ រាជធានីភ្នំពេញ។
សម្លចាណាង គឺខ្ញុំចម្អិនចេញពីបេះដូង និងដាក់ស្នាមញញឹម ដើម្បីអត្តសញ្ញាណរបស់ខ្លួន ហើយសម្លចាណាងនេះផងដែរវាជាសិល្បៈមួយបានរួមចំណែកយ៉ាងធំ ក្នុងការបង្ហាញអំពីអត្តសញ្ញាណ និងការផ្សារភ្ជាប់នឹងការងារកសិកម្មប្រពៃណីរបស់ជនជាតិដើមភាគតិច។ ខ្ញុំជនជាតិដើមភាគតិចគ្រឹង ខ្ញុំចូលចិត្តម្ហូបជនជាតិដើមភាគតិចខ្ញុំ ខ្ញុំចង់លើកស្ទួយម្ហូបអាហារជនជាតិដើមភាគតិចទៅកាន់ពិភពលោកបានស្គាល់ពីវប្បធម៌ ខ្ញុំចូលរួមអភិរក្ស និងថែរក្សាអត្តសញ្ញាណរស់របស់វប្បធម៌ជាតិ។ មហោស្រពសិល្បៈដណ្តាំស្ល ២០១៩ »។
គួរឱ្យដឹងផងដែរថា សម្លចាណាង គឺជាម្ហូប ឬស៊ុបមួយមុខ ដែលយកឈ្មោះតាម ស្លឹករុក្ខជាតិចាណាងរបស់ជនជាតិភាគតិចតែម្តង ដោយគេយកបន្លែនេះមកបុកពូតយកទឹកហើយផ្អាប់ទុកប៉ុន្មានថ្ងៃ ទើបយកមកស្ងោរជាមួយនឹងបន្លែជាច្រើនមុខដូចជាទំពាំង ស្នៀតពោត រួមជាមួយនឹងសាច់គោ ឬស្បែកគោជាដើម។ ដោយវាអាចញ៉ាំជាមួយបាយសម្រាប់ទទួលទានក៏បាន ឬញ៉ាំជាមួយមីក៏បាន។ តែភាគច្រើនគេនិយមយកចាណាងមកញ៉ាំស្រុះជាមួយនឹងមីជាង។ ដើម្បីឱ្យកាន់តែជ្រាបច្បាស់អាចចុចលើតំណលីងមួយនេះ ឃើញខ្មៅៗចឹងតែឆ្ងាញ់កប់ហ្មង! អត់បានទៅញ៉ាំ «ចាណាង» ដូចអត់បានទៅលេងខេត្តរតនគិរីចឹង! ៕
រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក
ប្រភពព័ត៌មាន និងរូបភាព៖ Lat Sok Em