កាលពីក្មេង ខ្ញុំយល់ថាខ្ញុំអាចចូលរៀននៅសាលាល្អ បន្ទាប់មក ពេលរៀននៅថ្នាក់អនុវិទ្យាល័យ ខ្ញុំយល់ថា យ៉ាងហោចណាស់ក៏បានរៀននៅសាលាថ្លៃហើយត្រូវមានគុណភាពសិក្សាល្អទៀតផង។
ក្រោយមកទៀតពេលដែលចូលរៀននៅថ្នាក់វិទ្យាល័យ ខ្ញុំយល់ថាបើខ្លួនប្រលងជាប់សិស្សពូកែគឺជារឿងសំណាងបំផុត។
កាលពីកន្លងទៅ ខ្ញុំធ្លាប់នៅផ្ទះនិយាយដោយមានជំនឿចិត្ត និងភាពក្លាហានថា ៖“ ខ្ញុំប្រើរយៈពេលតែមួយថ្ងៃគឺអាចសរសេរលំហាត់កិច្ចការផ្ទះគ្រប់មុខវិជ្ជាបានរួចរាល់ទាំងអស់” “ដល់ខែ១១ ខ្ញុំនឹងស្គមឲ្យបាន១០គីឡូ” “ នៅពេលដែលខ្ញុំរៀននៅមហាវិទ្យល័យ ខ្ញុំដាច់ខាតត្រូវតែអានសៀវភៅឲ្យអស់ពីបណ្តាលល័យ”។
ជួនពេលខ្លះយើងតែងតែយល់ថាខ្លួនឯងមានចិត្តអង់អាចក្លាហាន តែមានរឿងជាច្រើនគ្រាន់តែគិត និងនិយាយប៉ុណ្ណោះ ឧទាហរណ៍ថា ខ្ញុំធ្វើការសម្រកគីឡូ៤ឆ្នាំហើយ បច្ចុប្បន្ននៅតែយល់ថាខ្លួនឯងធាត់ដដែល។
ពួកយើងតែងតែពេញចិត្តនឹងសមិទ្ធផលរបស់ខ្លួនឯងនៅក្នុងរយៈពេលខ្លីប៉ុណ្ណោះ តែនៅក្នុងរយៈពេលវែងបែរជាមិនធ្វើអ្វីទាល់តែសោះ ជួនពេលខ្លះតែងតែបានផ្តល់ក្តីសង្ឃឹមចំពោះខ្លួនឯងយ៉ាងខ្លាំងទៅវិញ យល់ថាខ្លួនឯងមានកំណើត បន្តិចក្រោយមកក៏ចាប់ផ្តើមស្រពេចស្រពិលម្តងទៀត យល់ថាខ្លួនឯងមិនដឹងថាត្រូវធ្វើអ្វីទើបល្អ ហើយបន្តទម្លាប់ចូលគេងយប់ជ្រៅ និងអូសបន្លាយបែបនេះតទៅមុខទៀត...។
មានពេលខ្លះទៀត តែងតែកំណត់ផែនការជាច្រើនដល់ខ្លួនឯង ដូចជាបានគិតរួចរាល់នូវគ្រប់ដំណើរការនៃគ្រោងការរបស់ខ្លួន ប៉ុន្តែតាមពិតទៅពេលដែលធ្វើតាមតារាងផែនការនោះ ស្រាប់តែចាប់អារម្មណ៍ថា ៖ “ ហ៊ឹម! តាមពិតគ្រាន់តែជាក្រដាសឥតប្រយោជន៍មួយសន្លឹកប៉ុណ្ណោះ!”។
មនុស្សដែលពិតជាចង់កែប្រែមែននោះ មិនដែលស្រែកប្រាប់មនុស្សគ្រប់គ្នាថា ៖ “ មើលនែ៎! ខ្ញុំចាប់ផ្តើមរៀនធ្វើវាហើយ!”។
ការលត់ដំខ្លួនឯងនេះ គឺមិនមែនធ្វើឲ្យអ្នកដទៃមើលនោះទេ ពួកគេសុទ្ធតែនៅក្នុងខណៈទេសៈណាមួយ ស្រាប់តែយល់ថាខ្លួនឯងពិតជាចាំបាច់ត្រូវតស៊ូព្យាយាមបន្ត ទម្លាប់ក្នុងការតស៊ូព្យាយាម ក៏ទម្លាប់ក្នុងការទៅខិតខំប្រឹងប្រែងផងដែរ។
តើយុវភាពរបស់អ្នកណាដែលមិនធ្លាប់មានភាពស្រពេចស្រពិលនោះ? អ្នកទាំងអស់គ្នាសុទ្ធតែនៅក្នុងភាពស្រពេចស្រពិល បន្ទាប់មកបានមើលឃើញយ៉ាងច្បាស់ពីទិសដៅអនាគតរបស់ខ្លួន ដោយដឹងថាខ្លួនឯងគួរតែធ្វើអ្វី និងមិនគួរធ្វើអ្វី។
Malcolm Gladwell (ម៉ាលខម ក្រេតវេល) បាននិយាយថា ៖ មនុស្សគ្រាន់តែលះបង់ពេលវេលា និងកម្លាំងស្មារតីឲ្យគ្រប់គ្រាន់ នោះប្រាកដជាអាចក្លាយទៅជាអ្នកជំនាញនៅក្នុងវិស័យអ្វីមួយជាមិនខាន។
នៅក្នុងពេលវេលាដូចគ្នា រវាងភាពខិតខំ និងមិនខិតខំរបស់អ្នក លទ្ធផលគឺមិនដូចគ្នាទេ។
ឧទាហរណ៍ថា ៖ ថ្ងៃឈប់សម្រាកពីរថ្ងៃ មើលទៅគឺខ្លីខ្លាំងណាស់ មានអ្នកខ្លះនៅផ្ទះតាមដានរឿងភាគ មានអ្នកខ្លះមើលសៀវភៅចប់១ក្បាល មានខ្លះទៀតបានឡើងភ្នំមើលទេសភាព ។ កុំមើលស្រាលថ្ងៃសម្រាកមួយឲ្យសោះ ប្រហែលជាថ្ងៃឈប់សម្រាកកន្លងផុតទៅ អ្នក និងមិត្តភ័ក្រ្តរបស់អ្នកនឹងមានភាពខុសប្លែកពីគ្នាជាមិនខាន។
ឆាកជីវិតរបស់មនុស្ស ពីការចាប់ផ្តើមដល់ទីបញ្ចប់សុទ្ធតែនៅក្នុងកណ្តាប់ដៃរបស់ខ្លួនយើង អ្នកជ្រើសរើសលត់ដំខ្លួនឯងជារៀងរាល់ថ្ងៃ ឧបមាថា ៖
ក្នុងការគ្រប់គ្រងទម្ងន់ ហើយបន្ថែមការធ្វើលំហាត់ប្រាណ នោះអ្នកនឹងអាចទទួលបានរូបរាងដ៏ស្រស់ស្អាត បើអ្នកគ្រាន់តែជ្រើសរើសការតាមដានរឿងភាគ និងលេងហ្គេម នោះ ប្រហែលជាអ្នកនឹងអាចធ្លាក់ចូលទៅក្នុងភាពស្រពេចស្រពិលដើរចេញមិនរួចឡើយ។
អ្នកខ្លះនិយាយថា ភាពអូសបន្លាយគឺជាជំងឺម្យ៉ាង តែតាមពិតទៅគឺជាទម្លាប់មួយទៅវិញទេ ទម្លាប់ចូលគេងយប់ជ្រៅ ទម្លាប់ធ្វើអ្វីចុងក្រោយគេ ទម្លាប់មិនទាន់ដល់វិនាទីចុងក្រោយគឺមិនកម្រើកខ្លួនឡើយ ទម្លាប់រកលេសដើម្បីខ្លួនឯង ទម្លាប់លួងលោមខ្លួនឯងថាខ្លួនធ្លាប់បានសាកល្បងរួចទៅហើយ គួរតែបោះបង់ចោលទៅ។
រឿងលត់ដំខ្លួនឯងនេះ គ្មានអ្នកណាអាចជួយអ្នកបានទេ លុះត្រាតែអ្នកខ្លួនឯងចង់ទៅធ្វើដោយពិតប្រាកដ។
កុំផ្តេកផ្តួលទៅតាមវាសនា ជីវិតនៅវែងឆ្ងាយណាស់ ពួកយើងអាចរស់នៅរឹតតែល្អ មើលឃើញទេសភាពកាន់តែស្រស់ស្អាត និងមើលឃើញពិភពលោកកាន់តែធំធេង។
ចូលអ្នករៀនកែប្រែខ្លួនឯងចាប់ពីពេលនេះតទៅ ឧទាហរណ៍ដូចជា ឆាប់ចូលគេង និងងើបពីព្រលឹមជារៀងរាល់ថ្ងៃ ព្យាយាមអានសៀវភៅ ហាត់ប្រាណរាល់សប្តាហ៍ រៀនពីបច្ចេកទេសថ្មីៗឱ្យបានច្រើន។ "ពេលដែលអ្នកកាន់តែពូកែ ពិភពលោកនេះពិតជាមិនដូចពីមុននោះឡើយ"៕
ប្រភព ៖ value101 2020-12-11
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក