ផ្កាកុលាប ជារុក្ខជាតិដែលគេនិយមធ្វើជាអំណោយ ក្នុងពិធីបុណ្យនៅប្រទេសលោកខាងលិច ប្រទេសកម្ពុជាយើងកុលាប ច្រើនគេយកទៅដាំដើម្បីយកផ្កាលំអគេហដ្ឋាន សួនច្បារ ឬគេប្រើផ្ការបស់វាដើម្បីឱ្យទៅនរណាម្នាក់តំណាងឱ្យក្តីស្រលាញ់។
ប៉ុន្តែផ្កាកុលាប វាមិនត្រឹមតែមានរូបរាងស្អាត និងក្លិនប្រហើរប៉ុណ្ណោះទេ ទឹកដែលបានចម្រេញចេញពីផ្កាកុលាប វាផ្តល់អត្ថប្រយោជន៍ជាច្រើន មិនថាសម្រាប់ផ្នែកសុខភាព និងសម្រស់នោះឡើយ។ ម្យ៉ាងទៀតផ្កាកុលាប ក៏ត្រូវគេចាត់ទុកវាជារុក្ខជាតិឱសថផងដែរ។
ដូច្នេះខាងក្រោមនេះ គឺជាអត្ថប្រយោជន៍ដែលបានពីការប្រើប្រាស់ទឹកផ្កាកុលាប ៖
១. ថែរក្សាស្បែក
ស្បែកជាផ្នែកចម្បងនៅលើតួខ្លួនរបស់មនុស្ស វាមានតួនាទីសំខាន់សម្រាប់ការពាររាងកាយពីការប៉ះទង្គិច កាំរស្មីព្រះអាទិត្រ និងសារធាតុកខ្វក់ផ្សេងៗពីខាងក្រៅ។ សារធាតុប្រឆាំងអុកស៊ីតកម្ម ដែលមាននៅក្នុងផ្កាវាអាចជួយការពារកោសិកាស្បែកពីការខូចខាត ហើយវាក៏មានសារធាតុការពារការរលាកផ្សេងៗផងដែរ ដែលបណ្តាលមកពីកត្តាខាងក្រៅ និងខាងក្នុង ដូចជា ការរោលដោយសារពន្លឺព្រះអាទិត្រជាដើម។
២. រក្សាភ្នែក
ទឹកដែលបានពីការចម្រាញ់ចេញពីផ្កាកុលាបវាអាចប្រើសម្រាប់ធ្វើជាទឹកបណ្តក់ភ្នែក ទឹកផ្កាកុលាបនេះវាមានប្រសិទ្ធភាពក្នុងការព្យាបាល និងជំនួយ ចំពោះភ្នែកស្ងួត ភ្នែកឡើងក្រហម លាងសម្អាតធូលីដីជាដើម។
៣. ជួយព្យាបាលរបួស
ទឹកផ្កាកុលាប វាប្រើជាថ្នាំសម្លាប់មេរោគ វាអាចការពារមេរោគឆ្លងចូលរបួស និងធ្វើឱ្យរបួសផ្សះបានឆាប់រហ័ស ហើយយើងអាចប្រើវាសម្រាប់លាបលើ របួសលើស្បែក មួយចំនួន ដូចជា ការរលាក ការមុត និងឆូតនៅលើស្បែកជាដើម។ ម្យ៉ាងទៀតវាក៏អាចផ្សះរបួសខាងក្នុងសារពាង្គកាយបាន និងជំនួយដល់ប្រព័ន្ធការពាររាងកាយប្រឆាំងនឹងការរលាក ផ្សេងៗនៅក្នុងរាងកាយ។
៤. សម្រាប់ក្នុងការគ្រប់គ្រងអារម្មណ៍
ការស្រូបយកក្លិនដែលចេញរំភាយរបស់ទឹកផ្កាកុលាប វាត្រូវបានគេប្រើជាឱសថបុរាណក្នុងការសម្រួលដល់អារម្មណ៍តានតឹង ហើយវាក៏ជួយបំបាត់ការឈឺក្បាលដែលបណ្តាលមកពី ស្រ្តេស ឬការប្រើខួរក្បាលច្រើន។
ទឹកផ្កាកុលាបនេះដែរ វាក៏អាចប្រើសម្រាប់ធ្វើជាថ្នាំស្ងប់អារម្មណ៍ ដែលអាចព្យាបាលជំងឺស្ត្រេស ជំងឺថប់បារម្ភ ភាពតានតឹងក្នុងអារម្មណ៍ និងជំងឺផ្លូវចិត្តផ្សេងៗបានថែមទៀតផង៕
Rose water : Benefits, uses, and side effects (medicalnewstoday.com)
ប្រែសម្រួល ៖ Mythical Bird / ក្នុងស្រុក