វីតាមីន C ជាវីតាមីនមានតួនាទីចម្បងក្នុងរាងកាយមនុស្ស ដ្បិតតែវាមានសារៈសំខាន់យ៉ាងណាក៏ដោយ តែប្រភពដែលផ្តល់វីតាមីន C នេះ គឺពឹងផ្អែកលើអាហារប្រចាំថ្ងៃរបស់យើងតែមួយគត់។ វីតាមីន C វាដើរតួនាទីក្នុងការជួយឱ្យសុខភាពយើងមានស្ថិរភាព។
វីតាមីន C ជាវីតាមីនស្ថិតនៅក្នុងក្រុមវីតាមីនដែលរលាយក្នុងទឹក ដែលវាមានផ្ទុកនៅក្នុងបន្លែ និងផ្លែឈើដូចជា ក្រូច គីវី ម្ទេសប្លោក Broccoli ខាតណា -ល-។ បរិមាណវីតាមីន C ដែលមនុស្សត្រូវការជាមធ្យម គឺប្រមាណ 75mg សម្រាប់មនុស្សស្រី និង 90mg សម្រាប់មនុស្សប្រុស។ វីតាមីន C មានសារៈប្រយោជន៍ដល់សុខភាព ដូចជា ៖
១. ជួយសម្រួលដល់ប្រព័ន្ធឈាម
សម្ពាធឈាមកើនខ្ពស់វាអាចបណ្តាលឱ្យមានបញ្ហាដល់សុខភាពបេះដូង តាមការស្រាវជ្រាវ វីតាមីន C វាអាចជំនួយ និងរក្សាសម្ពាធឈាមនៅក្នុងសរសៃឈាមឱ្យមានស្ថិរភាព។ មានការសិក្សាជាច្រើនបានបង្ហាញថា ការញុំាវីតាមីន C វាអាចជួយសម្រួលដល់ដំណើរការឈាមហូរចូលបេះដូង និងធ្វើឱ្យបេះដូងមានសុខភាពល្អ។ តែត្រូវចងចាំថា វីតាមីន C តែមួយមុខវាមិនអាច ព្យាបាលជំងឺសម្ពាធឈាមឡើងខ្ពស់បានទេ។
២. បង្ការជំងឺរលាកសន្លាក់
ជំងឺរលាកសន្លាក់ ជាជំងឺដែលបណ្តាលឱ្យមានការឈឺចាប់នៅតាមសន្លាក់នៃតំណរឆ្អឹង វាធ្វើឱ្យចន្លោះដែលភ្ជាប់ឆ្អឹងមានរលាក។ កត្តាដែលបង្កឱ្យមានបញ្ហានេះគឺ ដោយសារតែបរិមាណ អាស៊ីតអ៊ុយរីន កើនខ្ពស់ក្នុងឈាម។ អាស៊ីតអ៊ុយរីននេះវាជាកាកសំណល់ដែលផលិតចេញពីរាងកាយមនុស្ស ប្រសិនបើវាកើនបរិមាណនៅក្នុងឈាម វានឹងផ្ទុកនៅក្នុងសន្លាក់នៅតាមរាងកាយ ជាពិសេសផ្នែកខាងក្រោយនៃដងខ្លួន។ មានការសិក្សាមួយចំនួនបង្ហាញថា វីតាមីន C វាអាចជួយបន្ថយបរិមាណ អាស៊ីតអ៊ុយរីន នៅក្នុងឈាម ដើម្បីបង្ការការរលាកសន្លាក់។ មានការសិក្សាផ្សេងទៀតក៏បានបង្ហាញដែរថា មនុស្សដែលទទួលទានវីតាមីន C គ្រប់គ្រាន់ វាបានកាត់បន្ថយបរិមាណ អាស៊ីតអ៊ុយរីននៅក្នុងឈាម ហើយវាប្រសើរជាងអ្នកដែលប្រើប្រាស់វីតាមីន C តិចតួច។
៣. ជួយបង្ការកង្វះជាតិដែក
ជាតិដែកវាមានសារៈសំខាន់ណាស់សម្រាប់ជួយស្រូបយកសារធាតុចិញ្ចឹមសម្រាប់ផ្គត់ផ្គង់រាងកាយ ហើយវាក៏ជាអ្នកចូលរួមក្នុងការដឹកជញ្ជូនអុកស៊ីសែននៅក្នុងឈាមរបស់មនុស្សសម្រាប់ផ្គត់ផ្គងសារពាង្គកាយទាំងមូលផងដែរ។ វីតាមីន C វាជួយក្នុងការស្រូបយកជាតិដែកពីអាហារ ក៏ជួយបម្លែងជាតិដែកដែលមិនងាយស្រូបបានពីប្រភពអាហារពពួករុក្ខជាតិមួយចំនួនឱ្យទៅជាជាតិដែកដែលរាងកាយងាយស្រូបយកបាន។
៤. ជំនួយការចងចាំ និងការគិត
ភាពអន់ថយការចងចាំ និងការគិតភាគច្រើនកើតនៅលើមនុស្សវ័យកណ្តាលឡើងទៅ។ កត្តានេះបណ្តាលមកពី ភាពស្រ្តេស ការប៉ះទង្គិច ឬរលាកនៅតំបន់ខួរក្បាល ឆ្អឹងខ្នង និងសរសៃប្រសាទជាដើម។ វីតាមីន C វាអាចជួយកាត់បន្ថយការបាត់បង់ទាំងនេះ ដោយសារវាមានផ្ទុកទៅដោយសារធាតុប្រឆាំងនឹងអុកស៊ីតកម្មខ្ពស់ សម្រាប់បង្ការការរលាក នៅតំបន់ខួរក្បាល និងទប់ស្កាត់សារធាតុវិទ្យាសកម្មដែលបណ្តាលពីបរិស្ថានជុំវិញ។ មានការសិក្សាជាច្រើនបង្ហាញថា អ្នកដែលមានភាពអន់ថយការគិត និងការចងចាំ គឺមានបរិមាណវីតាមីន C តិចតួចក្នុងឈាម។
៥. បង្កើនសមត្ថភាពប្រព័ន្ធភាពស៊ាំ
គ្រាប់វីតាមីន C ត្រូវបានគេស្គាល់ថាវាអាចជួយដល់ប្រព័ន្ធភាពស៊ាំឱ្យរឹងមាំបាន ក្នុងនេះ មូលហេតុដែលអាចឱ្យគេលើកឡើងបាន ដូចនេះដោយសារតែ វាជាអ្នកចូលរួមក្នុងការផលិតគោលិកាឈាមស ដែលជាអ្នកប្រយុទ្ធប្រឆាំងនឹងជំងឺផ្សេងៗដែលមកពីខាងក្រៅ។ ម៉្យាងទៀតវាជំនួយដល់មុខងារធ្វើការរបស់ គោលិកាឈាមស សម្រាប់ការពារ រាងកាយ ជាពិសេសវីតាមីន C ជួយការពារគោលិកាឈាមស ពីអុកស៊ីតកម្មពីខាងក្រៅដែលអាចឱ្យគោលិកាឈាមសខូចខាត។ ក្នុងនេះដែរ វីតាមីន C វាចូលរួមចំណែកការពារស្បែករបស់យើង ដែលជារបាំងការពាររាងកាយដំបូង ហើយវាក៏ជួយធ្វើជារនាំងការពារសារធាតុវិទ្យាសកម្មដែលមកពីខាងក្រៅបានផងដែរ។
៦. កាត់បន្ថយហានិភ័យពីជំងឹផ្សេងៗ
វីតាមីន C ជាប្រភពសារធាតុប្រឆាំងនឹងអុកស៊ីកកម្ម ដែលការពាររាងកាយមនុស្សពីបរិស្ថានមិនល្អពីខាងក្រៅ វាចូលរួមចំណែកការពារប្រព័ន្ធភាពស៊ាំរបស់មនុស្ស។ សារធាតុប្រឆាំងអុកស៊ីតកម្ម វាមិនត្រឹមតែជួយបង្កើនសមត្ថភាពប្រព័ន្ធការពាររាងកាយវា ក៏ជួយការពារកោសិកា ពីសារធាតុវិទ្យាសកម្មពីខាងក្រៅ ដែលអាចបណ្តាលឱ្យកោសិកាខូចខាតបានដែរ។ ម្យ៉ាងទៀតមានការសិក្សាជាច្រើនបានបង្ហាញថា ការទទួលទានគ្រាប់វីតាមីន C វាអាចជួយបង្កើនសារធាតុប្រឆាំងអុកស៊ីតកម្ម ដល់ទៅ ៣០% ដែលវាជួយដល់រាងកាយរបស់យើងការពាររបស់មិនល្អពីខាងក្រៅ និងជួយប្រឆាំងនឹងការរលាកផ្សេងៗបាន៕
ប្រភព ៖ បរទេស / ប្រែសម្រួល ៖ Mythical Bird