របស់ប្រើប្រាស់មួយចំនួនក្នុងផ្ទះ បើអ្នកមិនបានបោកសម្អាត ឬទុកដាក់វាឲ្យបានត្រឹមត្រូវ ពិតណាស់វានឹងក្លាយជារបស់កខ្វក់ជាងចានបង្គន់ទៅទៀត។ គ្រាន់តែមួយយើងឃើញភាពកខ្វក់នៅនឹងមុខ មួយទៀតយើងមើលរំលង៖
៦) កន្សែងជូតខ្លួន
ទាំងកន្សែងជូតខ្លួន និងជូតមុខ ជាកន្លែងបណ្តុំបាក់តេរីទ្វេដង ជាពិសេសនៅពេលដែលវាសើម ហើយអ្នកទុកចោល មិនបានយកទៅហាលថ្ងៃត្រឹមត្រូវ នោះគឺបាក់តេរីនឹងរីកលូតលាស់យ៉ាងឆាប់រហ័ស។
ដូច្នេះអ្នកគួរតែលាងសម្អាតកន្សែងជូតខ្លួន ជូតមុខជាប្រចាំ ហើយពេលសើម គួរយកវាទៅហាលនៅក្រោមពន្លឺថ្ងៃឲ្យស្ងួត សឹមយកមកប្រើប្រាស់សារជាថ្មី។
៥) ច្រាសដុសធ្មេញ
តាមការស្រាវជ្រាវ ច្រាសដុសធ្មេញជាកន្លែងដែលផ្ទុកបាក់តេរីច្រើនជាង ៦ ដង ធៀបនឹងលើចានបង្គន់។ ក្នុងកំឡុងពេលអ្នកដុសសម្អាតធ្មេញ បាក់តេរីនឹងមាននៅជាប់ចន្លោះសរសៃច្រាសតូចៗដែលយើងមើលមិនឃើញ។
អ្នកត្រូវរក្សាទុកច្រាសដុសធ្មេញនៅកន្លែងដែលមានខ្យល់បរិយាកាសល្អ ហើយតាមការណែនាំគួរតែ ៣ ខែយ៉ាងយូរ ត្រូវប្តូរច្រាសដុសធ្មេញថ្មីម្ដង។
៤) អាងលាងដៃក្នុងបន្ទប់ទឹក
វាជាជម្រកបាក់តេរីច្រើនជាង ៥ មុឺនមុខផ្សេងៗពីគ្នា ហើយអ្នកជំនាញណែនាំឲ្យអ្នកត្រូវសម្អាតវាជាប្រចាំដាច់ខាត ណាមួយទាំងដើម្បីសុខភាព និងសោភ័ណភាពបន្ទប់ទឹកស្អាត។
៣) Keyboard
Keyboard ដែលអ្នកប្រើប្រាស់រាល់ជាមួយកុំព្យូទ័រ ឬថេបប្លែត នៅចន្លោះតូចៗរបស់វានោះហើយ ជាកន្លែងផ្តុំបាក់តេរីដ៏ច្រើនលើសលប់។ ដូច្នេះអ្នកត្រូវឧស្សាហ៍សម្អាត ហើយមិនត្រឹមសម្អាតពីសំបកខាងក្រៅ ឬផ្នែកខាងលើតួ Keyboard ទេ តែត្រូវរកជក់ឬឧបករណ៍ជំនួយណាមួយ មកសម្អាតដល់ក្នុងរន្ធតូចៗរបស់វា។
២) ដៃទ្វារ
យើងទាញទ្វារបើកចេញចូល មួយថ្ងៃៗរាប់ភ្លេច ហើយគ្នាយើងខ្លះសម្អាតគ្រប់សព្វក្នុងផ្ទះ តែបែរជាមករំលងកន្លែងដែលងាយនឹងបណ្តុំបាក់តេរីទៅវិញ។ ដៃរបស់យើងជាទូទៅ ងាយនឹងប៉ះមេរោគមិនល្អខ្លាំងណាស់ ហើយពេលយកមករុញទ្វារ ឬបើកទ្វារនោះមេរោគនឹងទុំជាប់លើនោះហើយ បើអ្នកមិនឧស្សាហ៍សម្អាត នោះវានឹងចម្លងទៅសមាជិកគ្រួសារជាបន្តបន្ទាប់។
១) ក្បាលផ្កាឈូកងូតទឹក
រន្ធតូចៗនៃក្បាលផ្កាឈូកក្នុងបន្ទប់ទឹក អ្នកក៏ត្រូវសម្អាតឲ្យបានដិតដល់ដែរ ព្រោះកាកសំណល់ និងបាក់តេរីផ្សេងៗក៏អាចផ្តុំគ្នាកកកុញនៅត្រង់រន្ធទាំងអស់នោះ។ អ្នកគួរយកវាមកត្រាំទឹកក្តៅ ឬប្រើទឹកណាមួយមកលាងសម្អាតជាប្រចាំ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក