គេថា បើមិនជឿចាស់ៗ ស្រឡះដៃធេង ជាការពិត ចាស់ៗតែងតែណែនាំ ប្រៀនប្រដៅដល់ក្មេងៗ ដែលជាកូនចៅជំនាន់ក្រោយនូវមេរៀនជាច្រើន ដើម្បីកុំឱ្យមានបញ្ហា ឬបង្កគ្រោះថ្នាក់ដល់ខ្លួន និងគ្រួសារទាំងមូល។ យ៉ាងណាមិញ ថ្ងៃនេះយើងនឹងលើកយកនូវមេរៀនមួយដែលចង់ឱ្យគ្រប់គ្នាបានដឹងនោះគឺត្រូវចំណាំទុក "មនុស្ស ៣ ប្រភេទកុំឱ្យខ្ចីលុយ និងកន្លែង ៣ ដាច់ខាតកុំទៅ"។
១. មនុស្ស ៣ ប្រភេទ កុំឱ្យខ្ចីលុយ
អ្នកត្រូវតែចំណាំទយក ដាច់ខាតកុំឱ្យមនុស្ស ៣ ប្រភេទនេះ ខ្ចីលុយឱ្យសោះ ។ មនុស្ស ៣ ប្រភេទនោះរួមមាន ទីមួយគឺអ្នកលេងល្បែង ទីពីរ គឺអ្នកក្រហើយខ្ជិល និងទីបី មនុស្សក្រឡុចក្រឡុចទុកចិត្តមិនបាន។
ប្រសិនបើអ្នកឱ្យអ្នកលេងល្បែងខ្ចីលុយ ច្បាស់ណាស់ថាលទ្ធផល លុយហ្នឹងដឹងតែមិនបានមកវិញទេ ព្រោះអ្នកលេងល្បែង លុយដែលគេមាន គឺគេសុខចិត្តយកទៅលេងល្បែងបន្ត គេមិនយកមកសងយើងវិញនោះឡើយ។
មនុស្សប្រភេទទីពីរ គឺពិតជាងាយយល់ណាស់។ សម្រាប់អ្នកក្រមួយចំនួន គាត
មានចិត្តល្អបរិសុទ្ធ ខ្ចីហើយ ច្បាស់ជាយកមកសងវិញ នេះគេហៅថា មនុស្សមានចិត្ត។ ប៉ុន្តែបើប៉ះអ្នកក្រខ្លះ ក្រហើយខ្ជិល មិនចេះខិតខំធ្វើការ ដេកចាំសំណាង ច្បាស់ណាស់ ពួកគេគ្មានលុយឯណាយកមកសងយើងវិញឡើយ ព្រោះពួកគេដេកចាំលុយធ្លាក់ពីលើមេឃ មិនធ្វើការ រកស៊ីអ្វីផង បានលុយឯណាមកសងយើងទៅ។
ចំណែកអ្នកឯមនុស្សប្រភេទទី ៣ នេះវិញ គឺមនុស្សក្រឡិចក្រឡុច រកទុកចិត្តមិនបាន ដូច្នេះ បើហ៊ានតែឱ្យមនុស្សទាំងនេះខ្ចីលុយ គឺមានតែខាតលើខាត លុយហ្នឹងមិនអាចយកមកវិញបានឡើយ ហើយមនុស្សបែបនេះ ហត់នឹងទារលុយមកវិញទៀត ព្រោះម្ដងនិយាយអ៊ីចេះម្ដងនិយាយអ៊ីចុះ រកលេស គេចវេសឥតល្ហែ។
២. ទីតាំង ៣ កន្លែងហាមទៅ
មានកន្លែង ៣ ដែលអ្នកគួរតែដើរចៀស ដាច់ខាតកុំឈានជើងចូលឱ្យសោះ បើមិនចង់លង់ខ្លួន ផុងជ្រៅនាំកើតមានបញ្ហា។ កន្លែងទាំង ៣ នោះរួមមាន កន្លែងលេងល្បែងស៊ីសង កន្លែងស្រីញីវីវក់ កន្លែងមានរឿងប្ដឹងផ្ដល់។
កុំទៅលេងល្បែងស៊ីសង អ្នកត្រូវដឹងថា ល្បែង តែងនាំមកនូវភាពវិនាស នៅពេលដែលអ្នកចូលដល់កន្លែងនេះ លុយក៏អស់ កិត្តិយស កេរ្តិ៍ឈ្មោះក៏បាត់បង់ ហើយអាចនឹងត្រូវបែកបាក់គ្រួសារថែមទៀត ដូច្នេះហើយ កុំចូលក្បែរឱ្យសោះ កន្លែងមួយនេះ។
កន្លែងទី ២ គឺកន្លែងស្រីញី ពង្វក់ឱ្យអ្នកវក់វី ភ្លេចអស់ប្រពន្ធកូន អ្នកខ្លះ ភ្លេចទាំងការងារ រវល់តែផ្កាប់ផ្គន់ស្រីញី លែងដឹងអ្វីជាអ្វីអស់ហើយ កន្លែងនេះហើយ ដែលនឹងធ្វើឱ្យគ្រួសារអ្នកបែកបាក់ ព្រាត់ប្រាស់គ្នា។ ចំណែកឯកន្លែងទី៣ គឺកន្លែងក្ដីក្ដាំ ជម្លោះវិវាទ គ្មានអ្នកណាចង់ឱ្យជីវិតជាប់មានបញ្ហា ក្ដីក្ឌាំកើតឡើងនោះឡើយ ព្រោះវាមិនមែនជារឿងសប្បាយនោះទេ ចៀសបានចៀសទៅ កន្លែងប្ដឹងផ្ដល់គ្នានេះ ច្បាស់ជាមានចាញ់មានឈ្នះ ហើយច្បាស់ណាស់ថា អ្នកចាញ់អាចនឹងជាប់ពន្ធធនាគារ ចំណែកអ្នកឈ្នះ ក៏មិនប្រាកដថា បានសុខសប្បាយនោះដែរ៕
ប្រភព ៖ បរទេស / Knongsrok