- បណ្តុះស្មារតីកូនខ្មែរឲ្យស្រឡាញ់កីឡាកាន់តែខ្លាំងថែមទៀតស្របតាមគោលការណ៍ «មនុស្សម្នាក់លេងកីឡាមួយមុខយ៉ាងតិច»។ វិស័យកីឡាខ្មែរនឹងកាន់តែរីកចម្រើន, ពលរដ្ឋ ខ្មែរកាន់តែមានសុខភាពល្អ និងកាន់តែយល់អធ្យាស្រ័យគ្នាច្រើនជាងមុន។
- បណ្តុះមោទកភាពជាតិដល់ខ្មែរគ្រប់រូបតាមរយៈការគាំទ្រនិងការសាទរយ៉ាងគគ្រឹកគគ្រេងដល់អត្តពលិកជាតិដោយអារម្មណ៍ក្តុកក្តួលរហូតស្រក់ទឹកភ្នែកដោយមិនដឹងខ្លួនទោះជាពួកគេបានទទួលជោគជ័យឬ
បរាជ័យក្តីពីព្រោះគ្រប់គ្នាបានខិតខំដើម្បីមុខមាត់ប្រទេសជាតិ។
- មហាទស្សនីយភាពពេលបើកស៊ីហ្គេមដែលធ្វើឲ្យអ្នកទស្សនាព្រឺសម្បុរគ្រប់គ្នាគឺជាការដាស់ស្មារតីខ្មែរឲ្យនឹកឃើញឡើងវិញពីអច្ឆរិយភាពក្នុងអតីតកាលដើម្បីកសាងភាពរុងរឿងមួយសម្រាប់បច្ចុប្បន្នកាលនិងអនាគតក្រោមម្លប់សុខសន្តិភាពដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំ។
- គឺជាការលើកស្ទួយកិត្យានុភាពជាតិខ្មែរនៅលើឆាកអន្តរជាតិដោយធ្វើឲ្យពិភពលោកភ្ញាក់ ផ្អើលនិងលាន់មាត់គ្រប់គ្នាថា «Amazing Cambodia» ស្របតាមអត្ថន័យ ព្រះរាជា ណាចក្រអច្ឆរិយៈ ( Kingdom of Wonder)។ នេះជារូបភាពថ្មីរបស់កម្ពុជានៅលើឆាកអន្តរជាតិ។
- បង្ហាញពីភាពខ្លាំងដ៏គួរឲ្យស្ញប់ស្ញែងរបស់ខ្មែរតាមរយៈការដណ្តើមបានមេដាយយ៉ាង ច្រើនសន្ធឹកសន្ធាប់របស់អត្តពលិកខ្មែរដែលជាប្រវត្តិសាស្ត្រថ្មី នៅពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមលើកដំបូងបន្ទាប់ពីទន្ទឹងរង់ចាំអស់រយៈពេល ៦៤ឆ្នាំ ស្របតាមស្មារតី«ខ្មែរអាចធ្វើបាន»។
- បង្ហាញពីភាពថ្លៃថ្នូរនិងឯកភាពជាតិខ្មែរគ្រប់មជ្ឈដ្ឋានក្នុងការចូលរួមលើកស្ទួយមុខមាត់ប្រទេសជាតិតាមរយៈការបង្ហាញស្នាមញញឹម រីករាយ រាក់ទាក់ និងស្វាគមន៍យ៉ាងកក់ក្តៅដល់ភ្ញៀវបរទេសទោះបីឈ្នះឬចាញ់ ស្រប តាមការចង់បានរបស់ប្រមុខដឹកនាំរាជរដ្ឋាភិបាលក្នុងអត្ថន័យ"កីឡារស់ក្នុងសន្តិភាព, សន្តិភាពដើម្បីទាំងអស់គ្នា, ទាំងអស់គ្នាដើម្បីសន្តិភាព"។