ម្ចាស់មេដាយមាស ស្រួង ភាវី ថា សុបិនរយៈពេល ១០ឆ្នាំ បានក្លាយជាការពិតហើយ

កីឡាការិនីមេដាយមាស ប៊ីយ៉ាការ៉ុម ស្រួង ភាវី បានឱ្យដឹងថា សុបិនរយៈពេល ១០ឆ្នាំ បានក្លាយជាការពិតហើយ ក្រោយដណ្តើមបានមេដាយមាសជូនជាតិមាតុភូមិ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ បន្ទាប់ពីបានយកឈ្នះកីឡាការិនីវៀតណាម Honag Yen Nhi Nguyen ដោយពិន្ទុ ដ៏ស្វិតស្វាញ ២៥-២០ លើវិញ្ញាសាប៊ីយ៉ាការ៉ុម ក្នុងវគ្គផ្តាច់ព្រ័ត្រ កាលពីល្ងាចថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣ នៅផ្សារទំនើបអ៊ីអនសែនសុខ ។

ក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន កីឡាការិនីមេដាយមាសប៊ីយ៉ាការ៉ុម ស្រួង ភាវី បានឱ្យដឹងថា ភាពជោគជ័យតែងតែមានឧបសគ្គ ហើយឧបសគ្គនោះត្រូវរំដោះខ្លួនដោយរបៀបណា ទោះបីជាយើង ខ្លាំងពូកែ ប៉ុន្តែយើងត្រូវការភាពច្នៃប្រឌិត ដើម្បីទទួលបានជ័យជម្នះ។ កីឡាការិនី ស្រួង ភាវី បានបន្តថា ភាពលំបាកនៃការប្រកួត ធ្វើឱ្យយើងពោរពេញទៅដោយអត្ថន័យមួយ ដ៏អស្ចារ្យ ទោះបីជាកម្រិតមួយដ៏ពិបាក ប៉ុន្តែនៅពេលដែលយើងធ្វើបានជោគជ័យ ជាសមិទ្ធផលដ៏អស្ចារ្យ សម្រាប់យើងជាកីឡាករ ។

កីឡាការិនី ស្រួង ភាវី បានបញ្ជាក់ថា ភាពជោគជ័យមិនមែនបានដោយទទេនោះទេ វាត្រូវឆ្លងកាត់ ទោះបីជាយើងដឹងក៏ដោយ ប៉ុន្តែមិនងាយស្រួលធ្វើដូចអ្វីដែលយើងចង់បាននោះទេ។

343948241_1153073235651614_1059043039016357914_n

«ខ្ញុំសូមជម្រាបជូនបងប្អូនថា នៅពេលដែលខ្ញុំចាប់ផ្ដើមលេងប៊ីយ៉ាការ៉ុមនេះ គឺស្វាមីរបស់ខ្ញុំ បាននិយាយថា ថ្ងៃណាមួយខ្ញុំគង់ដណ្ដើមមេដាយមាសជូនប្រជាពលរដ្ឋម្តង។ ហើយខ្ញុំជម្រាបថា ទោះបីខ្ញុំប្រកួតលើទឹកដីកូរ៉េ ទទួលបានកម្រិតពិភពលោកប៉ុនណាក៏ដោយ អត់ស្មើដូចជា ពេលនេះ វេលានេះ ឱកាសនេះ សម្រាប់ជូនប្រជាពលរដ្ឋខ្ញុំទេ។ ដូច្នេះក្ដីសុបិនរយៈពេល១០ឆ្នាំ ខ្ញុំបានក្លាយជា ការពិតហើយ» ។

គួរបញ្ជាក់ថា កីឡាការិនីវ័យ ៣៣ឆ្នាំ ដែលបានលើកមុខមាត់កម្ពុជា និងតម្លៃស្ដ្រីកម្ពុជា នៅប្រទេស កូរ៉េខាងត្បូង មានស្រុកកំណើតនៅខេត្តត្បូងឃ្មុំ ហើយបានទៅរស់នៅប្រទេសកូរ៉េ អស់រយៈពេល ជាង១០ឆ្នាំ បន្ទាប់ពីរៀបអាពាហ៍ពិពាហ៍ ជាមួយស្វាមីជនជាតិកូរ៉េ ជាប្រជាជននៅខេត្ត Chungcheong នៃប្រទេសកូររ៉េខាងត្បូង។ សូមបញ្ជាក់ថា បន្ទាប់ពីបង្ហាញវត្តមានលើកដំបូង ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ជាមួយការដណ្ដើមបាន មេដាយមាស ១គ្រឿង លើវិញ្ញាសាប៊ីយ៉ាការ៉ុម (៣បាំង) ហើយក្នុងនោះ ស្រួង ភាវី នៅសល់១វិញ្ញាសាទៀត គឺវិញ្ញាសាប៊ីយ៉ាការ៉ុម (១បាំង) ដែលគ្រោងនឹងធ្វើការប្រកួតនាថ្ងៃទី១២ ខែឧសភាខាងមុខ៕

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN

News (38)

Tel: