អ្នកនាង ស្រួង ភាវី កើតនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ១៩៩០។ គាត់បានចាកចេញពីប្រទេសកម្ពុជា រស់នៅប្រទេសកូរ៉េខាងត្បូង ចាប់តាំងពីអាយុ ២០ឆ្នាំ ក្រោយមក ក៏បានរៀបការជាមួយស្វាមីដែលជាជនជាតិកូរ៉េ។
ភាវី បានចូលប្រឡូកក្នុងវិស័យកីឡាស្នូកឃ័រ និងអភិវឌ្ឍន៍ខ្លួន ដោយការចាប់ផ្តើមដំបូងគាត់គ្រាន់តែអមដំណើរស្វមី ក្នុងដំណើរទស្សនកិច្ចប្រចាំថ្ងៃរបស់គាត់ទៅក្លឹបស្នូកឃ័រប៉ុណ្ណោះ ប៉ុន្តែយូរៗទៅ ដោយសារតែមើលឃើញពីទេពកោសល្យពិសេសរបស់នាង ស្វាមីអ្នកនាង ក៏បានបង្រៀនអំពីរបៀបលេង និងនាំយកកីឡាករល្អៗមកបង្ហាត់ដល់គាត់បន្ថែមទៀតផង។
អ្នកនាង ភាវី បានចូលរួមប្រជែងកីឡាស្នូកឃ័រដំបូងបំផុត នៅក្នុងប្រទេសកូរ៉េខាងត្បូង កាលពីខែមករា ឆ្នាំ ២០១៧ ដោយបានជាប់ចំណាត់ថ្នាក់លេខ ១ និងបានក្លាយខ្លួនជាកីឡាការិនីលេខ ១ ប្រចាំប្រភេទកីឡាស្នូកឃ័រក្នុងឆ្នាំដដែលនោះផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ កីឡាការិនីដែលមានស្រុកកំណើតនៅខេត្តត្បូងឃ្មុំរូបនេះ ក៏បានជាប់ចំណាត់ថ្នាក់លេខ៣ ក្នុងការប្រកួតលំដាប់ថ្នាក់ពិភពលោកកាលពីឆ្នាំ ២០១៨ ទៀតផង។
តាមពិតទៅកាលពីនៅក្មេង អ្នកនាង ស្រួង ភាវី ចង់ក្លាយខ្លួនជាវេជ្ជបណ្ឌិតទៅវិញទេ ប៉ុន្តែដោយសារជីវភាពគ្រួសារ ទើបត្រូវបង្ខំចិត្តឱ្យនាងឈប់រៀន និងជួយធ្វើការងារស្រែចម្ការជាមួយឪពុកម្ដាយ មុនពេលចាកចេញមករស់នៅប្រទេសកូរ៉េខាងត្បូង។
លើសពីនេះទៅទៀត អ្នកនាង ស្រួង ភាវី ក៏បានចូលរួមការងារមនុស្សធម៌ ដែលបានជួយដល់កុមារកម្ពុជាជាច្រើន តាមរយៈការចែកអំណោយសម្ភារៈសិក្សា និងជួយដល់សហព័ន្ធកីឡាប៊ីយ៉ា និងស្នូកឃ័រកម្ពុជាផងដែរ។
សូមបញ្ជាក់ថា កីឡាការិនីរូបនេះ ទើបតែបានឈ្នះជើងឯកក្នុង ការប្រកួតស្នូកឃ័រ (ការ៉ុម) ដណ្ដើមពានរង្វាន់ Blue One Resort LPBA Championship (ផ្នែកនារី) នៅសាធារណរដ្ឋកូរ៉េ បន្ទាប់ពីវាយបកយកឈ្នះកីឡាការិនីម្ចាស់ផ្ទះ Kim Gayoung ដោយលទ្ធផល ៣-១ សិត នៅក្នុងវគ្គផ្ដាច់ព្រ័ត្រ កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១។ ការប្រកួតនេះ មានកីឡាការិនីចូលរួមសរុប ៦៤ នាក់ សុទ្ធសឹងជាជើងខ្លាំងកម្រិតពិភពលោក។
យ៉ាងណាមិញ មកដល់ឆ្នាំ ២០២៣ នេះ ក្នុងនាមជាកូនខ្មែរមួយរូប ក៏ជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេម លើកទី ៣២ អ្នកនាង ស្រួង ភាវី ជាកីឡាការនីជម្រើសជាតិ តំណាងឱ្យកម្ពុជាក្នុងវិញ្ញាសារប៊ីយ៉ាការ៉ុម៣ បាំងឯកត្តជននារី នាងក៏បានប្ដេជ្ញានឹងយកមេដាយមាសជូនជាតិ និងប្រជាជនកម្ពុជាផងដែរ។
យ៉ាងណាមិញ ជាលទ្ធផលដល់វគ្គផ្ដាច់ព្រ័ត្រ កីឡាការនីឆ្នើម ស្រួង ភាវី ក៏អាចយកជ័យជម្នះលើដៃគូប្រកួត កីឡាការិនីជម្រើសជាតិវៀតណាម Kien Tuong Phung ក្នុងលទ្ធផល ២៥-២០។
កីឡាការិនីឆ្នើមរបស់កម្ពុជា ស្រួង ភាវី ក៏បាននិយាយថា បំណងរបស់នាងមានរយៈពេលប្រមាណជា ១០ ឆ្នាំមកហើយ ដើម្បីរកមេដាយមាសជូនជាតិពីកីឡាស៊ីហ្គេម បន្ទាប់ពីនាងទទួលបានសមិទ្ធផលដ៏ច្រើននៅលើឆាកអន្តរជាតិ ប៉ុន្តែនេះជាលើកដំបូងក្នុងកីឡាស៊ីហ្គេម។ អ្វីដែលជាពិសេស គឺជាពេលវេលាដែលកម្ពុជារៀបចំធ្វើម្ចាស់ផ្ទះថែមទៀត៕