កីឡាការិនីជឺជីស៊ូជម្រើសជាតិកម្ពុជា ខាន់ ចេសា បានបង្ហាញពីការ ប្តេជ្ញាចិត្តខ្ពស់ថា នឹងប្រែងប្រែងដណ្តើមមេដាយមាសឱ្យបានពីរគ្រឿង ក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ក្នុងប្រទេសកម្ពុជា។
«នាងខ្ញុំពិតជាមានមោទនភាពខ្លាំងណាស់ ដោយសារ ស៊ីហ្គេម លើកនេះខុសពីស៊ីហ្គេម មុនៗ ដោយកម្ពុជាយើងជាអ្នករៀបចំធ្វើម្ចាស់ផ្ទះ។ ខ្ញុំ និងគ្រួសារនាងខ្ញុំ បានមកដល់កម្ពុជាទាំងអស់ ហើយនាងខ្ញុំពិតជាសប្បាយរីករាយខ្លាំងណាស់ ដែលប្រជាជនកម្ពុជា បានផ្តល់ការគាំទ្រទាំងអស់គ្នា។ គោលដៅរបស់នាងខ្ញុំ គឺនៅតែដដែលទេ ដូចដែលខ្ញុំបានកំណត់ គឺដណ្តើមមេដាយមាសជូនជាតិកម្ពុជា ដូចព្រឹត្តិការណ៍ស៊ីហ្គេមមុនៗ និងការប្រកួតកីឡាអន្តរជាតិនានាកន្លងមក»។
កីឡាការិនីកូនកាត់ ខ្មែរ-អាមេរិក មិកស៊ិកបានបន្តថា៖ «ជាទូទៅ! ការប្រកួតនៅសហរដ្ឋអាមេរិកមានការលំបាកជាងការប្រកួតកីឡាស៊ីហ្គេម ហើយការនិយាយ បែបនេះមិនមែនមានន័យថា នាងខ្ញុំមើលស្រាលដៃគូប្រកួត ក្នុងស៊ីហ្គេមនោះទេ។ នាងខ្ញុំប្រឹងប្រែងឱ្យអស់ ពីសមត្ថភាព ដើម្បីដណ្តើមមេដាយមាសឱ្យបាន២គ្រឿង ជូនជាតិ»។
កីឡាការិនីកូនខ្មែរកាត់អាម៉េរិករូបនេះត្រូវប្រកួតលើ២វិញ្ញាសា គឺវិញ្ញាសាគី (Gi) ទម្ងន់ ៥២ គីឡូក្រាម និងវិញ្ញាសាគ្មានគី (No-Gi) ទម្ងន់៥២គីឡូក្រាម។ ចំពោះវិញ្ញាសាសរុបនៃការប្រកួត កីឡាស៊ីហ្គេម លើកទី៣២ លើប្រភេទកីឡាជឺជីតស៊ូនេះ សរុបចំនួន១៣វិញ្ញាសា ក្នុងនោះវិញ្ញាសាផ្នែកបុរស៦ ផ្នែកនារី៥ និងវិញ្ញាសាចម្រុះមានចំនួន២។ ការប្រកួតគ្រោងនឹងដំណើរការជាផ្លូវការពីថ្ងៃទី០៤ ដល់ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៣ នៅសាលD នៃមជ្ឈមណ្ឌលពិព័រណ៌ជ្រោយចង្វារ OCIC៕
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក