ទទួលស្គាល់ការពិត! ភាពសាមញ្ញ ៣ យ៉ាង ដែលយើងត្រូវតែទទួលយក ដើម្បីឱ្យជីវិត និងផ្លូវចិត្តបានរីករាយ!

តាមពិតជីវិតរបស់មនុស្សយើងម្នាក់ៗ គឺពិតជាសាមញ្ញណាស់ តែមនុស្សខ្លះ ចូលចិត្តធ្វើឱ្យជីវិតពោរពេញដោយភាពសាំញុំា និងស្មុគស្មាញ ​គឺស្មើនឹងនាំទុក្ខ យកបញ្ហាមកដាក់ជាប់នឹងខ្លួន។ ម្យ៉ាងវិញទៀត មានតែភាពសាមញ្ញទេ ដែលធ្វើឱ្យជីវិតយើងមានក្ដីសុខ និងរីករាយ។ យ៉ាងណាមិញ មានរឿង ៣ យ៉ាង បើយើងអាចទទួលយកបាន នោះនឹងមិនមានអ្វី ដែលធ្វើឱ្យយើងកើតទុក្ខ មិនសុខចិត្ត ក៏មិនអាចចូលមកបំផ្លាញជីវិតយើងបានដែរ។

១. ទទួលយកការពិតរបស់ឪពុកម្ដាយ

ការពិត នៅតែជាការពិត កុំខ្មាសដែលឪពុកម្ដាយក្រ ទោះគាត់ក្រយ៉ាងណា ក៏ឪពុកម្ដាយខំប្រឹងត្រដររកស៊ី ចិញ្ចឹម និងមើលថែយើងដល់ធំដឹងក្ដី ផ្ដល់ការផ្គត់ផ្គង់ ទំនុកបម្រុង ឱ្យយើងបានរៀនសូត្រចេះដឹងនឹងគេដែរ។ កុំខ្មាស ឪពុកម្ដាយយើងអាចនឹងមិនស្ងាត មិនសង្ហា តែយ៉ាងណា ឪពុកម្ដាយនៅតែជាមនុស្សដែលស្រឡាញ់យើងជាងអ្នកណាៗទាំងអស់ និយាយចំពោះគាត់ យើងជាកូន គឺជាពិភពលោករបស់គាត់ ត្រូវទទួលស្គាល់ថា ឪពុកម្ដាយ គឺជាសាច់ញាតិដែលគ្មានថ្ងៃនឹងបោះបង់យើង ឪពុកម្ដាយ គឺជាមនុស្សដែលខំប្រឹងគ្រប់យ៉ាងដើម្បីយើង ហើយឪពុកម្ដាយ ជាមនុស្សដែលយើងត្រូវតែចិញ្ចឹម និងមើលថែ តបស្នង សងគុណគាត់វិញផងដែរ។

២

២. ទទួលយកការពិតរបស់ដៃគូ

ការទទួលស្គាល់ការពិតអំពីដៃគូ ហើយព្រមទទួលយកគ្រប់យ៉ាងរបស់គាត់ វាក៏នឹងធ្វើឱ្យជីវិតគូរបស់អ្នកពោរពេញដោយក្ដីសុខ សុភមង្គល អាចរួមដំណើរជីវិតទៅមុខជាមួយគ្នាបានយូរអង្វែង។ មិនថាជារូបរាង ទ្រព្យសម្បត្តិ គំនិត បញ្ញា ការរស់នៅ ចំណង់ចំណូលចិត្តរបស់គាត់បែបណា ទោះបីផ្ទុយពីយើង មិនដូចយើង ប៉ុន្តែ ប្រសិនបើយើងចេះទទួកយកការពិតអំពីគ្នា ហើយព្រមទទួលយករវាងគ្នា ជីវិតគូមួយនេះ មានតែពាក្យថា ចុះសម្រុងមិនថាក្នុង ឬក្រៅ ការរស់នៅក៏មិនមានសម្ពាធ មិនមានបញ្ហាណាមួយដែរ។

អ្វីដែលសំខាន់ជាងនេះ ប្រសិនបើយើងដឹងការពិតអំពីគ្នា​ ព្រមទទួលយកការពិតបានហើយ ទោះបីអ្នកផ្សេង ល្អ ស្អាត មានជាងដៃគូយើងយ៉ាងណាក៏ដោយ ក៏មិនអាចមកបង្វែរចិត្តយលងឱ្យក្បត់ដៃគូយើងបានដែរ ព្រោះតែពាក្យថា ការទទួលស្គាល់ និងហព្រមទទួលយកដូច្នេះ គ្មានអ្វីថ្នាំងថ្នាក់ចិត្តយើងទៀតទេ។

១

៣. ទទួលយកការពិតរបស់ខ្លួនឯង

ចំណុចនេះរឹតតែសំខាន់ ការដែលយើងទទួលយកការពិតរបស់ខ្លួនឯងបាន យើងក៏នឹងមិនប្រៀបធៀបខ្លួនឯងទៅនឹងអ្នកដទៃ យើងក៏នឹងមិនទៅច្រណែននឹងជីវិតរបស់អ្នកណាទៀតដែរ យើងជាយើង ចំណុចល្អក៏យើងមាន ចំណុចមិនល្អ យើងក៏រៀនកែប្រែ និងផ្លាស់ប្ដូរ។ ការទទួលស្គាល់ការពិតនៃខ្លួនឯង វាជាជំហានដំបូងដែលនឹងនាំឱ្យយើងមានជីវិតល្អប្រសើរ។

យើងអាចនឹងមិនស្អាត រូបរាង តូច ល្អិត មិនខ្ពស់ សម្បុរខ្មៅ រាងធាត់ តែយ៉ាងណា យើងនៅតែមានចំណុចមួយដែលល្អស្អាតជាខ្លួនឯង ត្រូវចាំថា ផ្កាកូលាប ស្អាតបែបផ្កាកូលាប ផ្កាឈូករ័ត្ន ក៏ល្អស្អាត ឆើតឆាយតាមបែបផ្កាឈូករ័ត្ន ដូច្នេះ​មិនអាចយកទៅប្រៀបធៀបគ្នាបានឡើយ។

យ៉ាងណាក៏ដោយ ត្រូវទទួលស្គាល់ការពិត ទទួលយកស្ថានភាពជីវិតរបស់យើងខ្លួនឯង ទទួលយកអ្វីដែលជាយើង ចង់រីកចម្រើន ត្រូវខំប្រឹង ចង់ល្អ ត្រូវខិតខំ ត្រង់ណាមិនល្អ ក៏កែប្រែ តែត្រូវពេញចិត្តនឹងអ្វីដែលខ្លួនឯងមាន ហ៊ានទទួលយកអ្វីដែលជាយើងខ្លួនឯង៕

អត្ថបទ ៖ លីម ​បញ្ញា / Knongsrok

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖

Avatar photo

Tel: