ក្រៅពីត្រូវបានគេស្គាល់ថាជាគ្រឿងផ្សំនៅក្នុងមុខម្ហូបបែបអាស៊ីជាច្រើន មើមឈូកក៏ល្បីឈ្មោះជា “ឱសថសុខភាព” ផងដែរ ដែលមនុស្សគ្រប់គ្នាមិនគួរមើលរំលងឡើយ។
១. គ្រប់គ្រងទម្ងន់
យោងតាមអ្នកជំនាញបានឲ្យដឹងថា ដោយសារតែមើមឈូកមានផ្ទុកនូវជាតិសរសៃច្រើន នៅពេលដែលទទួលទាន វានឹងជួយឱ្យអ្នកមានអារម្មណ៍ឆ្អែតបានយូរ ដោយហេតុនេះជួយការពារការញ៉ាំច្រើនពេក និងមានអារម្មណ៍ថាឃ្លាននៅអាហារពេលថ្ងៃ។ ជាមួយគ្នានេះ របបអាហារសម្បូរជាតិសរសៃអាចជួយរំខានដល់ការស្រូបយកសារធាតុចិញ្ចឹម។ ដូច្នេះមើមឈូកជាអាហារមួយក្នុងចំណោមអាហារសម្រាប់អ្នកចង់សម្រកទម្ងន់។
២. មានប្រយោជន៍សម្រាប់ប្រព័ន្ធរំលាយអាហារ
ជាតិសរសៃនៅក្នុងមើមឈូកមានសមត្ថភាពបង្កើនបរិមាណ និងល្បឿននៃចលនាអាហារក្នុងពោះវៀន ដោយហេតុនេះជួយកាត់បន្ថយពេលវេលានៃការប្រមូលផ្តុំសារធាតុពុលនៅក្នុងខ្លួន។ ក្រៅពីនេះ វាក៏ធ្វើការដើម្បីគ្រប់គ្រងចលនាពោះវៀនដើម្បីបន្ទន់លាមក។ ជាតិសរសៃរលាយត្រូវបានបង្ហាញថាកាត់បន្ថយកូឡេស្តេរ៉ុល និងកំណត់ហានិភ័យនៃជំងឺសរសៃឈាមបេះដូង។ អាហារសម្បូរជាតិសរសៃជួយបន្ថយការរំលាយអាហារក្នុងពោះវៀន ជួយរក្សាកម្រិតជាតិស្ករក្នុងឈាមឱ្យស្ថិតស្ថេរ ។
៣. កែលម្អសុខភាពស្បែក
អ្នកវិទ្យាសាស្ត្របានធ្វើការសិក្សាស្រាវជ្រាវទៅលើសារធាតុ polyphenols ដែលចម្រាញ់ចេញពីមើមឈូក ហើយបានរកឃើញថាវាជួយរក្សាសុខភាពស្បែកដោយកាត់បន្ថយកម្រិតនៃសកម្មភាព metalloproteinase មានវត្តមាននៅក្នុងកោសិកាស្បែកតាមរយៈលក្ខណៈសម្បត្តិប្រឆាំងនឹងការរលាករបស់វា ដោយហេតុនេះធ្វើឱ្យសុខភាពស្បែកប្រសើរឡើង។
៤. ជំនួយដ៏ល្អសម្រាប់ប្រព័ន្ធសរសៃប្រសាទ
អត្ថប្រយោជន៍មួយផ្សេងទៀតនៃមើមឈូកក៏មកពីប្រភពដ៏មានតម្លៃនៃវីតាមីន B ដូចជា pyridoxine, folate, niacin, riboflavin, pantothenic acid និង thiamin ដែលមាននៅក្នុងអាហារនេះ។ ជាពិសេស វីតាមីន B6 ដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយដល់មុខងារសរសៃប្រសាទឱ្យដំណើរការប្រកបដោយប្រសិទ្ធភាព។
ដូច្នេះហើយ ក្នុងករណីប្រសិនបើរាងកាយខ្វះវីតាមីននេះ អ្នកនឹងមានអារម្មណ៍អស់កម្លាំង និងឆាប់ខឹង ជួនកាលអាចឈានទៅដល់ការធ្លាក់ទឹកចិត្ត។ អាហារបំប៉នវីតាមីន B6 ត្រឹមត្រូវអាចជួយអ្នកគ្រប់គ្រងការឆាប់ខឹង ឈឺក្បាល ឬភាពតានតឹង។ លើសពីនេះ វីតាមីននេះមានសមត្ថភាពការពារការគាំងបេះដូង។
៥. កាត់បន្ថយហានិភ័យនៃពិការភាពពីកំណើត
មើមឈូក អាចជួយផ្តល់ឱ្យរាងកាយនូវសារធាតុចិញ្ចឹមសំខាន់ៗជាច្រើនដើម្បីរក្សាផ្ទៃពោះឱ្យមានសុខភាពល្អ ដែលជាវីតាមីន B9 ។ ជាពិសេស ស្ត្រីមានផ្ទៃពោះត្រូវទទួលបានវីតាមីន B9 ឱ្យបានគ្រប់គ្រាន់ ដើម្បីជួយការពារទារកពីកំណើតកុំឱ្យមានគ្រោះថ្នាក់។ លើសពីនេះ អាហារប្រភេទនេះក៏ផ្តល់សារធាតុ Choline ជាតិដែក និងកាល់ស្យូមផងដែរ។ ទាំងនេះគឺជាមីក្រូសារជាតិទាំងអស់ដែលគាំទ្រដល់ការមានផ្ទៃពោះដែលមានសុខភាពល្អ។
៦. ជួយកាត់បន្ថយការរលាក
យោងតាមការស្រាវជ្រាវ មើមឈូកមានជាតិ fermented មានសមត្ថភាពកាត់បន្ថយការរលាកក្រពះដែលបណ្តាលមកពី ethanol/HCl ដោយគ្រប់គ្រងហ្សែនដែលពាក់ព័ន្ធនឹងការរលាក។ លទ្ធផលបង្ហាញថា មើមឈូកមានជាតិ fermented អាចកាត់បន្ថយការរលាក។ ទោះជាយ៉ាងណាក៏ដោយ យន្តការនៃការថយចុះនៃការរលាកនេះមិនទាន់បានបកស្រាយច្បាស់នៅឡើយទេ ហើយការស្រាវជ្រាវបន្ថែមទៀតគឺត្រូវការជាចាំបាច់ ដើម្បីអាចធ្វើការអះអាងបានត្រឹមត្រូវបំផុត។
៧. ឥទ្ធិពលនៃ hemostasis និងចរាចរឈាម
យោងតាមឱសថបុរាណ មើមឈូកមិនត្រឹមតែជាអាហារប៉ុណ្ណោះទេ ថែមទាំងជាថ្នាំដែលមានប្រសិទ្ធិភាពជួយបញ្ឈប់ការហូរឈាម ក្នុងករណីមានឈាមច្រមុះ របួសហូរឈាម…។ មើមឈូកក៏មានផ្ទុកនូវវីតាមីន B6 ច្រើនផងដែរ ដែលជួយគ្រប់គ្រងកម្រិត homocysteine រួមចំណែកការពារបេះដូង និងគាំទ្រដល់ចលនាឈាមរត់ក្នុងរាងកាយ។
៨. ការពារថ្លើម
មើមឈូក មានកម្រិតខ្ពស់នៃសមាសធាតុ polyphenolic ដែលត្រូវបានគេជឿថាមានសមត្ថភាពការពារកោសិកាថ្លើម។ យោងតាមការសិក្សាទៅលើសត្វ ម្សៅមើមឈូកត្រូវបានគេគិតថាអាចការពារជំងឺខ្លាញ់រុំថ្លើម។ លើសពីនេះ នៅក្នុងឱសថបូព៌ា មើមឈូកក៏ត្រូវបានគេចាត់ទុកថាជាភេសជ្ជៈបំបាត់កំដៅ និងត្រជាក់សម្រាប់រាងកាយផងដែរ។
៩. ធ្វើអោយប្រសើរឡើងនូវមុខងារប្រព័ន្ធភាពស៊ាំ
មើមឈូក សម្បូរទៅដោយវីតាមីន C ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏រឹងមាំ ការពារភ្នាសកោសិកាប្រឆាំងនឹងផលប៉ះពាល់ដ៏គ្រោះថ្នាក់នៃរ៉ាឌីកាល់សេរី បង្កើនការផលិត interferon ធ្វើអោយប្រសើរឡើងនូវភាពធន់ ប្រឆាំងនឹងភាពតានតឹង។ ដូច្នេះ ការបន្ថែមមើមឈូកទៅក្នុងរបបអាហារដែលមានជីវជាតិរបស់អ្នក នឹងជួយអ្នកឱ្យប្រសើរឡើងនូវមុខងារប្រព័ន្ធភាពស៊ាំរបស់អ្នក។
១០. ការពារបេះដូង និងគ្រប់គ្រងសម្ពាធឈាម
ជាអាហារដែលមានជីវជាតិ មើមឈូកស្រស់មានប្រសិទ្ធភាពជួយដល់សុខភាពបេះដូង ដោយសារបរិមាណប៉ូតាស្យូមខ្ពស់របស់វា។ លក្ខណៈសម្បត្តិដែលមានប្រយោជន៍ជាច្រើននៃប៉ូតាស្យូមរួមមាន vasodilation បង្កើន GFR និងការថយចុះ renin ដែលជួយគ្រប់គ្រងសម្ពាធឈាម។ របបអាហារដែលមានជាតិប៉ូតាស្យូមទាបអាចបណ្តាលឱ្យខ្សោយសាច់ដុំ ចង្វាក់បេះដូងលោតមិនទៀងទាត់ អារម្មណ៍ប្រែប្រួល ឬចង្អោរ។ លើសពីនេះ សារធាតុ folate និងវីតាមីន C នៅក្នុងមើមឈូក ក៏មានសារៈសំខាន់ខ្លាំងណាស់ ក្នុងការជួយបង្កើតឈាម និងរក្សាជញ្ជាំងសរសៃឈាម៕
ប្រែសម្រួលដោយ៖ វីរៈ(Knongsrok)