ការប្រើប្រាស់បន្លែទាំងនេះជាទៀងទាត់រាល់ថ្ងៃ នឹងប៉ះពាល់ដល់សុខភាព ហើយបង្កើនហានិភ័យនៃជំងឺគ្រោះថ្នាក់។
បន្លែគឺជាមុខម្ហូបដែលមិនអាចខ្វះបានសម្រាប់ជាម្ហូបអាហារគ្រួសារ។ វាគឺជាប្រភពនៃជាតិសរសៃ វីតាមីន និងសារធាតុរ៉ែដែលរាងកាយត្រូវការ។ ការទទួលទានបន្លែច្រើនជួយឱ្យពោះវៀនមានសុខភាពល្អ ប្រព័ន្ធរំលាយអាហារដំណើរការបានរលូន និងការពារជំងឺជាច្រើន... ទោះជាយ៉ាងណាក៏ដោយ មិនមែនបន្លែទាំងអស់ត្រូវបានគេចាត់ទុកថាល្អសម្រាប់សុខភាពនោះទេ។ ខាងក្រោមនេះជាបន្លែ ២ ប្រភេទដែលធ្វើឱ្យប៉ះពាល់ដល់សុខភាព បើសិនជាយើងប្រើប្រាស់វាមិនចំគោលដៅ។
បន្លែជ្រក់ គឺជាមុខម្ហូបដ៏ពេញនិយមដែលមនុស្សជាច្រើនចូលចិត្ត។ រសជាតិប្រៃ និងជូរនៃបន្លែជ្រក់មានឥទ្ធិពលជំរុញរសជាតិជួយឱ្យមនុស្សមានអារម្មណ៍ល្អ។ បន្លែជ្រក់មានរសជាតិឆ្ងាញ់ញ៉ាំក្នុងរដូវក្តៅ ឬត្រជាក់។ ទោះជាយ៉ាងណាក៏ដោយ បន្លែជ្រក់គឺជាមុខម្ហូបមួយ ដែលអ្នកមិនគួរញ៉ាំច្រើននោះទេ។ វាជាអាហារមួយក្នុងបញ្ជីខ្មៅដែលអាចធ្វើឱ្យឈឺក្រពះ។ ការទទួលទានជាប្រចាំអាចកាត់បន្ថយអាយុជីវិត។
បន្លែជ្រក់មានជាតិប្រៃខ្ពស់ណាស់។ ការញ៉ាំម្ហូបនេះជាប្រចាំនឹងធ្វើឱ្យអ្នកងាយកើតមហារីកក្រពះកើនឡើង ២ ដង។ នេះក៏ព្រោះតែបន្លែជ្រក់មានជាតិនីទ្រីតខ្ពស់។ ពេលចូលទៅក្នុងក្រពះ សារធាតុនេះអាចបំប្លែង និងផលិតសារធាតុ nitrosamines ដែលបង្កឲ្យកើតមហារីក ទម្លាប់ទទួលទានបន្លែជ្រក់ជាប្រចាំបង្កើនហានិភ័យនៃមហារីកក្រពះ។
លើសពីនេះ វាក៏មិនល្អសម្រាប់ក្រពេញទីរ៉ូអ៊ីតនោះទេ។ បរិមាណអំបិលច្រើននៅក្នុងជ្រក់ នឹងបង្កើនការផលិតអរម៉ូនទីរ៉ូអ៊ីត និងនាំទៅរកជំងឺទូទៅដូចជា hyperthyroidism, thyroiditis និងការកើនឡើងហានិភ័យនៃមហារីកក្រពេញទីរ៉ូអ៊ីត។
មនុស្សជាច្រើនមានទម្លាប់សន្សំសម្ចៃអាហារ។ អាហារដែលនៅសល់ពីល្ងាច ជាធម្មតាត្រូវបានរក្សាទុក ហើយយកមកទទួលទាននៅពេលព្រឹក។ ទោះយ៉ាងណាក៏ដោយ មិនមែនអាហារទាំងអស់អាចមានសុវត្ថិភាពនៅពេលទុករយៈពេលមួយយប់នោះទេ។ ចំពោះបន្លែបៃតង អ្នកគួរតែចម្អិន ហើយញ៉ាំវាឱ្យអស់ បើសិនជាសល់អ្នកមិនគួរទុកវារំលងមួយយប់នោះទេ។ បន្លែកាន់តែយូរ វាកាន់តែបាត់បង់តម្លៃអាហារូបត្ថម្ភ ហើយថែមទាំងអាចបង្កគ្រោះថ្នាក់ដល់សុខភាពទៀតផង។
កាលណាបន្លែឆ្អិនទុកក្នុងទូទឹកកកយូរ វាកាន់តែគ្រោះថ្នាក់។ តម្លៃអាហារូបត្ថម្ភរបស់វាមិនល្អដូចដើម ថែមទាំងខូចគុណភាពទៀតផង។ បន្លែបៃតងច្រើនតែមានជាតិនីត្រាតខ្ពស់។ នៅពេលចម្អិនហើយទុកចោលមួយយប់ នីត្រាតនឹងផ្លាស់ប្តូរបន្តិចម្តងៗទៅជានីទ្រីត។ នេះគឺជាជាតិពុលដែលមានសមត្ថភាពជំរុញការលូតលាស់នៃកោសិកាមហារីក ។
ការញ៉ាំបន្លែឆា ស្ងោរ ឬស៊ុបមួយយប់ច្រើននឹងបង្កើនហានិភ័យនៃជំងឺមហារីកក្រពះ ។ បើសិនជាស្រាល អ្នកអាចជួបប្រទះបញ្ហាក្រពះពោះវៀន ចលនាពោះវៀន ឈឺពោះ ឆ្លងមេរោគ...
ដូច្នេះ យកល្អកុំញ៉ាំបន្លែបៃតងឆ្អិនដែលរំលងមួយយប់។ សូមរៀបចំបន្លែក្នុងបរិមាណគ្រប់គ្រាន់ដើម្បីទទួលទានក្នុងមួយពេល ចៀសវាងការចម្អិនច្រើនពេកនាំឱ្យខ្ជះខ្ជាយ៕
ប្រែសម្រួលដោយ៖ វីរៈ(Knongsrok)