ផ្លែស្ត្របឺរីគឺជាប្រភពដ៏ល្អនៃវីតាមីន C ។ ផ្លែស្ត្របឺរីមួយកូនចានមានផ្ទុកវីតាមីន C ៥១,៥mg ប្រហែល ១/៤ នៃតម្រូវការប្រចាំថ្ងៃរបស់រាងកាយ។ ដូច្នេះ ដោយគ្រាន់តែទទួលទានផ្លែស្ត្របឺរី ២ កូនចាន អ្នកនឹងទទួលបាននូវវីតាមីន C ១០០% នៃបរិមាណដែលត្រូវការ។ វីតាមីន C គឺជាសារធាតុជំរុញភាពស៊ាំក៏ដូចជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពល។ ថ្វីត្បិតតែសំបូរជីវជាតិ ប៉ុន្តែប្រសិនបើអ្នកញ៉ាំច្រើនពេក ផ្លែស្ត្របឺរីក៏នឹងបង្កគ្រោះថ្នាក់ដល់សុខភាពផងដែរ។
បន្ថែមពីលើអត្ថប្រយោជន៍សុខភាព និងសម្រស់ ប្រសិនបើអ្នកមានជំងឺមួយចំនួនខាងក្រោមនេះ អ្នកមិនគួរទទួលទានផ្លែស្ត្របឺរីនោះទេ។
១. ក្រពះរបស់អ្នកងាយរងគ្រោះ
គ្រាប់តូចៗនៅក្នុងផ្លែស្រ្តបឺរីនេះអាចធ្វើអោយរលាកក្រពះ។ ស្ថានភាពនេះនឹងកាន់តែគ្រោះថ្នាក់សម្រាប់អ្នកដែលមានបញ្ហាក្រពះ ឬក្រពះខ្សោយ។ ក្រៅពីនេះ ជាតិអាស៊ីតនៃផ្លែស្ត្របឺរីក៏អាចធ្វើឲ្យឈឺក្រពះបានដែរ។
២. អ្នកមានសម្ពាធឈាមខ្ពស់
សម្រាប់អ្នកដែលមានជំងឺលើសឈាម ផ្លែស្ត្របឺរីមិនមែនជាផ្លែឈើដែលមានប្រយោជន៍សម្រាប់អ្នកនោះទេ។ ជាពិសេសចំពោះអ្នកដែលឧស្សាហ៍លេបថ្នាំដែលមានផ្ទុកសារធាតុគីមីខ្ពស់។ ក្នុងករណីនេះ ផ្លែស្ត្របឺរី នឹងមានប្រតិកម្មជាមួយនឹងថ្នាំ ដែលរំខានដល់មុខងាររបស់តម្រងនោម។
៣. អ្នកដែលងាយទទួលរងអាឡែស៊ី
នៅក្នុងផ្លែស្ត្របឺរីមានសារធាតុអាចបង្កជាអាឡែស៊ីខ្លាំង ជាពិសេសសម្រាប់អ្នកដែលមានប្រវត្តិអាឡែស៊ី។ អាឡែស៊ីអាចជារឿងធម្មតាសម្រាប់ទារក និងកុមារទើបចេះដើរតេះតះ ហើយក៏កម្រកើតមានចំពោះមនុស្សពេញវ័យ។ នេះគឺដោយសារតែប្រូតេអ៊ីនដែលទទួលខុសត្រូវចំពោះពណ៌ក្រហមនៃផ្លែស្ត្របឺរីប្រឆាំងទៅនឹងប្រព័ន្ធភាពស៊ាំដែលបណ្តាលឱ្យអ្នកមានរោគសញ្ញាអាឡែស៊ីដូចជាស្បែកក្រហម និងរមាស់៕
ប្រែសម្រួល៖ វីរៈ(Knongsrok)