ការបរិភោគជាតិស្ករគឺជារឿងធម្មតាទេព្រោះរាងកាយយើងត្រូវការវាដើម្បីថាមពលនិងការលូតលាស់។ ប៉ុន្តែអ្នកត្រូវចេះថ្លឹងថ្លែងមើលថាបរិមាណប៉ុណ្ណាដែលគួរសមសម្រាប់អ្នកព្រោះតម្រូវការជាតិស្កររបស់មនុស្សម្នាក់ៗខុសៗគ្នា។ ប្រសិនបើអ្នកសង្កេតឃើញថាខ្លួនឯងមាននូវរោគសញ្ញាទាំង៧នេះ ចូរកាត់បន្ថយការញុំាជាតិស្ករភ្លាម៖
១. ចាស់ជាងអាយុ
ការទទួលទានជាតិស្ករច្រើនពេកវាបានចូលទៅបំផ្លាញប្រូតេអុីនរបស់ស្បែក កូឡាជែននិងអុីឡាស្ទីនជាដើមដែលធ្វើស្បែកឆាប់ជ្រីវជ្រួញនិងឆាប់ចាស់។ វាក៏បានធ្វើអរម៉ូនរបស់មនុស្សស្រីខ្វះតុល្យភាពនាំឲ្យឡើងមុននៅម្តុំចង្ការទៀតផង។
២. ខ្វះជាតិស្ករមិនបាន
ស្ករប្រៀបបានដូចជាគ្រឿងញៀនអញ្ចឹង នៅពេលបានទទួលទានវាបានបញ្ចេញនូវអរម៉ូនដូប៉ាមីនធ្វើឲ្យមានអារម្មណ៍សប្បាយចិត្ត។ ហេតុដូចនេះហើយអ្នកខ្លះនៅពេលបរិភោគអាហារឬភេសជ្ជៈគឹតែងថែមស្ករ ខ្វះមិនបានទេ។
៣. គ្មានកម្លាំង
ជាតិស្ករគឺជាប្រភពជំនួយកម្លាំងប៉ុន្តែវាត្រូវការតុល្យភាពត្រឹមត្រូវ។ នៅពេលដែលអ្នកចាប់ផ្តើមមានអារម្មណ៍ថានៅតែអស់កម្លាំងទោះទើបបរិភោគអាហារឬភេសជ្ជៈដែលមានជាតិស្ករក្តី នេះគឺជាសញ្ញាដែលប្រាប់អ្នកថាគួរកាត់បន្ថយហើយ។
៤. ហើមពោះដោយគ្មានមូលហេតុ
បាក់តេរីមិនល្អចូលចិត្តសុីជាតិស្ករណាស់ខុសពីបាក់តេរីល្អចំពោះសុខភាពដែលចូលចិត្តសុីពពួកបន្លែ។ នៅពេលដែលពួកបាក់តេរីមិនល្អនោះទទួលយកជាតិស្ករដែលអ្នកបានបរិភោគ វាបានបង្កើនជាតិឧស្ម័នពុលដែលនាំឲ្យហើមពោះ។
៥. ភាពថយចុះនៃប្រព័ន្ធសុំា
៧០%នៃប្រព័ន្ធសុំារបស់មនុស្សគឺស្ថិតនៅបរិវេណពោះវៀនហើយត្រូវបានទ្រទ្រង់ដោយពពួកបាក់តេរីល្អ។ ជាតិស្ករគឺមិនល្អសម្រាប់បាក់តេរីទាំងនោះទេ ដែលនាំឲ្យប្រព័ន្ធសុំាចុះខ្សោយជាងមុន។
៦. គេងមិនលក់
ការញុំាជាតិស្ករមុនចូលគេងអាចនឹងរំខានដល់ដំណេកដោយសារការផ្តល់ថាមពលឲ្យរាងកាយខុសពេលវេលា។ មុនដំណេកគឺជាពេលដែលរាងកាយយើងត្រូវការសម្រាកនិងបញ្ចេញនូវអរម៉ូនមេឡាតូនីនដើម្បីគេងលក់ស្រួល។ អ្នកដែលបរិភោគជាតិស្ករលើសកម្រិតតែងតែជួបប្រទះនឹងការគេងមិនស្កប់ឬគេងមិនលក់ជាដើម។
៧. ឡើងទម្ងន់
គ្លុយកូសគឺជាប្រភពនៃថាមពលសម្រាប់រាងកាយប៉ុន្តែបើមិនត្រូវការប្រើប្រាស់ភ្លាមៗទេ វានឹងយកទៅស្តុកទុកក្នុងថ្លើម សាច់ដុំនិងខ្លាញ់។ ប៉ុន្តែភាគច្រើនជាតិស្ករទាំងនោះមិនត្រូវបានប្រើប្រាស់ទាំងអស់នោះទេដែលនាំឲ្យវាក្លាយទៅខ្លាញ់នាំឲ្យឡើងគីឡូ៕
ប្រភព៖ បរទេស