គ្រាប់ផ្កាឈូករ័ត្នត្រូវបានគេប្រើប្រាស់នៅក្នុងផលិតផលថែសម្រស់ដោយសារគុណប្រយោជន៍ដ៏ច្រើនរបស់វា។ វាមិនត្រឹមតែមានរសជាតិឆ្ងាញ់ ស្រួយៗដូចសណ្តែកដីប៉ុណ្ណោះទេ គ្រាប់ផ្កាឈូករ័ត្ននីមួយៗគឹសម្បូរទៅដោយសារធាតុជំនួយដល់សុខភាព។ វាសម្បូរទៅដោយជាតិប្រូតេអុីន វីតាមីន A វីតាមីនB3 វីតាមីនE វីតាមីនB5 និងជាតិរ៉ែជាដើម។ ក្នុងនោះ គ្រាប់ផ្កាឈូករ័ត្នបានផ្តល់នូវអត្ថប្រយោជន៍ដល់សម្រស់ដូចជា៖
១. រក្សាស្បែកមុខឲ្យភ្លឺថ្លា
គ្រាប់ផ្កាឈូករ័ត្នសម្បូរទៅដោយ fatty acid ដែលមានឥទ្ធិពលខ្លាំងខ្លាក្នុងការប្រឆាំងនឹងបាក់តេរីផ្សេងៗ។ វាជំនួយដល់ការកម្ចាត់មុននៅលើផ្ទៃមុខ ភាពរោលនិងបញ្ហាស្បែកមុខមួយចំនួនទៀត។
២. កាត់បន្ថយភាពចាស់
សារធាតុវីតាមីន E ដែលមាននៅក្នុងគ្រាប់ផ្កាឈូករ័ត្នត្រូវបានគេទទួលស្គាល់ថាមានប្រសិទ្ធិភាពក្នុងការកាត់បន្ថយភាពចាស់ជរានិងភាពចាស់មុនអាយុជាដើម។ វាថែមទាំងជួយការពារផ្ទៃមុខពីបរិយាកាសជុំវិញខ្លួនទៀតផង។
៣. ជួយឲ្យសក់លូតលាស់
ប្រសិនបើអ្នកកំពុងស្វែងរកវិធីដើម្បីឲ្យសក់ឆាប់លូតលឿន អ្នកអាចសាកល្បងជ្រើសរើសគ្រាប់ផ្កាឈូករ័ត្នមកជំនួយបាន។ វាសម្បូរទៅដោយជាតិស័ង្កសីនិងវីតាមីន E ដែលជួយពន្លឿនចលនាឈាមទៅកាន់លលាដ៍ក្បាលនិងនាំឲ្យសក់ឆាប់ដុះលឿន។
៤. ការពារសក់ជ្រុះ
គេបានណែនាំអ្នកដែលជួបនឹងបញ្ហាសក់ជ្រុះឲ្យឧស្សាហ៍ញុំាគ្រាប់ផ្កាឈូករ័ត្នដើម្បីកាត់បន្ថយការជ្រុះសក់។ គ្រាប់ផ្កាឈូករ័ត្នបានជួយស្រូបយកជាតិស័ង្កសីនិងអុកសុីសែនឲ្យជ្រាបចូលទៅក្នុងសរសៃសក់។
៥. ការពារពីពន្លឺព្រះអាទិត្យ
គ្រាប់ផ្កាឈូករ័ត្នមានឥទ្ធិពលជួយការពារសរសៃសក់និងស្បែកមុខពីការរងនូវកម្តៅពីពន្លឺព្រះអាទិត្យថែមទាំងផ្តល់សំណើមដល់ស្បែកទៀតផង ធ្វើឲ្យស្បែកមុខមានសុខភាពល្អ៕