(Knongsrok): ការទទួលទានភេសជ្ជៈប៉ូវកម្លាំងធម្មជាតិទាំងនេះ អាចនាំមកនូវអត្ថប្រយោជន៍ជាច្រើនដល់សុខភាព។
យោងតាមអ្នកជំនាញឱសថបូព៌ា ទឹកដូងមានរសជាតិផ្អែម ត្រជាក់ មានប្រសិទ្ធភាព បំបាត់ការស្រេកទឹក បញ្ចុះទឹកនោម ធ្វើត្រជាក់ខ្លួន បន្សាបជាតិពុល និងបញ្ឈប់ការហូរឈាម។ ទឹកដូងមិនមានផ្ទុកជាតិខ្លាញ់ទេ ដូច្នេះអ្នកដែលត្រូវការសម្រកទម្ងន់អាចទទួលទានវាបាន។
ការទទួលទានទឹកដូងមួយកែវមុនពេលញ៉ាំអាហារ អាចជួយឱ្យអ្នកមានអារម្មណ៍ឆ្អែតបានយូរ ការពារការញ៉ាំច្រើនពេក ដោយហេតុនេះជួយដល់ដំណើរការសម្រកទម្ងន់កាន់តែមានប្រសិទ្ធភាព។ ទទួលទានទឹកដូងក៏ជួយឱ្យប្រព័ន្ធរំលាយអាហារដំណើរការល្អ ការពារការហើមពោះក្រោយញ៉ាំអាហារ។
ទឹកដូងមានផ្ទុកអាស៊ីត lauric ដែលបង្កើនភាពស៊ាំ បង្កើនការរំលាយអាហារ និងបន្សាបជាតិពុលក្នុងរាងកាយ។ ការទទួលទានទឹកដូងពេលអ្នកភ្ញាក់ពីគេងដំបូងក៏ជួយធ្វើឱ្យមានតុល្យភាពអេឡិចត្រូលីត គ្រប់គ្រងសម្ពាធឈាម និងធ្វើឱ្យមុខងារពោះវៀនប្រសើរឡើង។
ទឹកដូងជាភេសជ្ជៈធម្មជាតិដែលមានវីតាមីន និងសារធាតុរ៉ែជាច្រើនដែលមានប្រយោជន៍សម្រាប់ការផលិតកូឡាជែនក្នុងរាងកាយ ជួយឱ្យស្បែកភ្លឺថ្លា និងមានសុខភាពល្អ។ នៅក្នុងទឹកដូងមានក្រុមនៃអរម៉ូនរុក្ខជាតិហៅថា cytokinins ដែលធ្វើការលើកកម្ពស់ការលូតលាស់កោសិកា ការពារភាពចាស់ និងជួយឱ្យស្បែកភ្លឺថ្លា។
ចំណាំ៖ ទឹកដូងល្អសម្រាប់សុខភាព ប៉ុន្តែមិនគួរទទួលទានលើសពី 3-4 ផ្លែ/ថ្ងៃ ឬផឹកជាបន្តបន្ទាប់ជាច្រើនថ្ងៃ។ ពេលទទួលទានទឹកដូង ជៀសវាងបន្ថែមស្ករ ទឹកកក ឬសារធាតុផ្សេងៗទៀត។ អ្នកមានជំងឺទឹកនោមផ្អែម ក្រលៀន រំលាយអាហារ រាគ ស្ត្រីមានការឈឺចាប់ពេលមករដូវ អ្នកដែលមានឬសដូងបាត សម្ពាធឈាមទាប ផ្តាសាយ... មិនគួរទទួលទានទឹកដូងឡើយ។
យោងតាមអ្នកជំនាញឱសថបូព៌ា ទឹកឃ្មុំមានរសជាតិផ្អែម និងអត្ថប្រយោជន៍ជាច្រើន។ អ្នកអាចទទួលទានទឹកទឹកឃ្មុំភ្លាមៗ បន្ទាប់ពីភ្ញាក់ពីគេងនៅពេលព្រឹក និងមុនពេលចូលគេង។ ទឹកឃ្មុំមានឥទ្ធិពលគ្រប់គ្រងចំណង់អាហារ។ ផឹកទឹកទឹកឃ្មុំមុនពេលចូលគេង រាងកាយនឹងចាប់ផ្តើមដុតបំផ្លាញជាតិខ្លាញ់កាន់តែច្រើននៅពេលចូលគេង។ អ្នកអាចប្រើទឹកឃ្មុំជំនួសស្ករក្នុងការចំអិនអាហារ។
ការទទួលទានទឹកឃ្មុំជាមួយទឹកក្តៅឧណ្ហៗជារៀងរាល់ថ្ងៃ អាចជួយសម្រួលដល់ការដកដង្ហើម ដំណើរការមេតាប៉ូលីសនៃស្បែក ទប់ស្កាត់ការបាត់បង់នៃសារធាតុ melanin ធ្វើឱ្យស្បែកមានសុខភាពល្អ ភ្លឺថ្លា និងក្មេងជាងវ័យ។ ទឹកឃ្មុំក៏មានសារធាតុប្រឆាំងអុកស៊ីតកម្ម ប្រឆាំងនឹងការរលាក សំណើមដែលជួយការពារស្បែកពីខាងក្នុង។
ចំណាំ៖ ការប្រើទឹកឃ្មុំច្រើនមុនពេលចូលគេងអាចធ្វើឲ្យឡើងទម្ងន់បាន ព្រោះទឹកឃ្មុំមានជាតិស្ករច្រើន។ ដូច្នេះ ទឹកឃ្មុំ ១-២ ស្លាបព្រាបាយ គួរតែលាយជាមួយនឹងទឹកក្តៅឧណ្ហៗ ហើយយ៉ាងហោចណាស់ទទួលទានចន្លោះ ៣០ នាទីមុនពេលចូលគេង។ ក្រោយពីទទួលទានរួច អ្នកគួរដុសធ្មេញដើម្បីចៀសវាងការពុកធ្មេញ។
លាយទឹកឃ្មុំជាមួយទឹកក្តៅមិនលើសពីសីតុណ្ហភាព 60 អង្សាសេ។ ការប្រើទឹកក្តៅខ្លាំងពេកនឹងបំផ្លាញសារធាតុចិញ្ចឹមនៅក្នុងទឹកឃ្មុំ ផ្លាស់ប្តូរពណ៌ និងរសជាតិធម្មជាតិ។ ក្មេងអាយុក្រោម១ឆ្នាំ អ្នកជំងឺទឹកនោមផ្អែមមិនគួរប្រើទឹកឃ្មុំទេ៕
ប្រែសម្រួលដោយ៖ វីរៈ(Knongsrok)