នៅពេលដែលផ្នែកណាមួយនៃរាងកាយរបស់មនុស្សមានការឈឺចាប់ ពួកគេគិតថាប្រាកដជាមានបញ្ហានៅត្រង់កន្លែងដែលឈឺនោះតែម្ដង។ ឧទាហរណ៍ថា ប្រសិនបើអ្នកឈឺពោះ អ្នកគិតថាដោយសារតែអ្នកបានញ៉ាំអ្វីខុស។
ប្រសិនបើអ្នកមានបញ្ហាឈឺខ្នង អ្នកប្រាកដជាសន្មតភ្លាមៗថាអ្នកបានអង្គុយខុសទីតាំងទើបបែបនេះ។
ទោះជាយ៉ាងណាក៏ដោយមានផ្នែកខ្លះនៃរាងកាយរបស់មនុស្សប្រែជាមានការឈឺចាប់ ប៉ុន្តែដើម្បីបង្ហាញពីស្ថានភាពសុខភាពមិនប្រក្រតីរបស់ផ្នែកផ្សេងទៅវិញ។ វាជាការសំខាន់ដែលមនុស្សម្នាក់ៗគួរតែអាចដឹងអំពីមូលហេតុដែលបណ្ដាលឲ្យតំបន់ជាក់លាក់ណាមួយនៅក្នុងខ្លួនរបស់ពួកគេប្រែជាឈឺចាប់។
ខាងក្រោមនេះ គឺជាការឈឺចាប់ធម្មតាមួយចំនួននិងលក្ខខណ្ឌដែលអាចបញ្ជាក់បានថា យើងកំពុងនឹងជួបប្រទះបញ្ហាសុខភាពអ្វី៖
១. ឈឺទ្រូង ៖ វាអាចមានន័យថា អ្នកកំពុងមានបញ្ហាទាក់ទងនឹងសួត។ វាមិនអាចធ្វើឲ្យអ្នកឈឺចាប់ដោយផ្ទាល់ត្រង់កន្លែងសួតបានទេ ព្រោះផ្នែកនេះមិនមានចុងសសៃប្រសាទគ្រប់គ្រាន់ ផ្ទុយទៅវិញវាបង្ហាញឲ្យយើងដឹងពីភាពមិនប្រក្រតីនៃសួត តាមរយៈការឈឺក្នុងទ្រូង។ រោគសញ្ញាផ្សេងទៀតដែលឧស្សាហ៍សម្គាល់ឃើញនោះ គឺការក្អក និងការពិបាកដង្ហើម ពោលអាចដកដង្ហើមបានខ្លីៗ។
២.ឈឺចាប់នៅចំកណ្តាលពោះនៅលើឆ្អឹងជំនី ៖ អ្នកប្រហែលជាបញ្ហាក្រពះ ឬបំពង់អាហារ ដូចជាជម្ងឺរលាកក្រពះ។ អ្នកក៏អាចមានអារម្មណ៍ឈឺចាប់ដូចគ្នានៅនឹងខ្នងដែរ ហើយប្រសិនបើអ្នកឧស្សាហ៍មានអារម្មណ៍ឈឺចាប់ ក្រោយពីទទួលទានអាហារនោះ វាអាចមានន័យថាមានដំបៅក្នងក្រពះ។
៣. ផ្ដុំការឈឺចាប់នៅក្នុងទ្រូងដែលរាលដាលទៅដល់ដៃឆ្វេងរបស់អ្នក ៖ នេះជាការឈឺចាប់ដែលចង្អុលបង្ហាញអ្នកឲ្យដឹងថា កំពុងមានបញ្ហាបេះដូង។ មកដល់ចំណុចមួយដែលអ្នកមានអារម្មណ៍ថាធ្ងន់នៅលើទ្រូងរបស់អ្នកនោះ អ្នកគួរសុំជំនួយភ្លាមៗ ពីព្រោះនេះអាចជាអាការៈនៃការគាំងបេះដូង។ រោគសញ្ញានៃជំងឺបេះដូងអាចខុសគ្នារវាងបុរសនិងស្ត្រី ដូច្នេះវាជាការសំខាន់ណាស់ក្នុងការទៅជួបពិគ្រោះជាមួយគ្រូពេទ្យ។
៤. ឈឺចាប់នៅផ្នែកជុំវិញផ្ចិត ៖ ប្រសិនជាអ្នកមានអារម្មណ៍ឈឺបែបនេះ អ្នកគួរតែមានការព្រួយបារម្ភអំពីពោះវៀនតូចរបស់អ្នក។ ប៉ុន្តែប្រសិនបើការឈឺចាប់បន្តដោយមានការចង្អោរ បាត់បង់ចំណង់អាហារ ហើយថែមទាំងគ្រុនក្ដៅទៀតនោះ វាអាចជាការរលាកនៃពោះវៀនធំ។
៥. ឈឺចាប់ត្រង់ផ្នែកខាងស្ដាំនៃពោះ ៖ បញ្ហា គឺស្ថិតនៅត្រង់ពោះវៀនធំ។ ប្រសិនបើជាអមជាមួយនឹងការទល់លាមកផងនោះ វាគ្មានអ្វីគួរអោយសង្ស័យទៀតឡើយ។
៦. ការឈឺចុកចាប់លើផ្ទៃពោះ ៖ បញ្ហានេះទំនងជាបណ្ដាលមកពី លំពែង។ រោគសញ្ញាផ្សេងទៀតរួមមាន គ្រុនក្តៅ ចង្អោរ ឈឺក្បាល ចង្វាក់បេះដូងកើនឡើងខុសធម្មតា និងស្រកទម្ងន់។
៧. ឈឺចុកចាប់ខ្នង ៖ វាអាចនឹងមានបញ្ហាចំពោះ តម្រងនោម របស់អ្នក។ ប្រភេទនៃការឈឺចាប់នេះតែងត្រូវបានយល់ច្រឡំជាញឹកញាប់ជាមួយនឹងការឈឺចាប់សាច់ដុំទូទៅ ប៉ុន្តែភាពខុសគ្នាគឺនៅត្រង់ការឈឺចាប់ចាប់ផ្តើមពីក្រោមឆ្អឹងជំនីចុះទៅជើង។
៨. ឈឺនៅផ្នែកខាងស្តាំនៃពោះ ៖ អ្នកគួរតែមានការព្រួយបារម្ភអំពីថង់ទឹកប្រមាត់និងថ្លើមរបស់អ្នក។ ការឈឺចាប់នេះក៏អាចលេចឡើងក្នុងតំបន់តែមួយនៃខ្នងរបស់អ្នក ហើយជាទូទៅមានភាពថេរ។ ទោះបីជាមិនមានជាទូទៅក៏ដោយ ប្រសិនបើអ្នកឈឺចាប់អមជាមួយនឹងការក្អួត ហើយស្បែករបស់អ្នកប្រែជាពណ៌លឿងវាអាចជារោគសញ្ញានៃជំងឺមហារីកប្រមាត់។ ប្រសិនបើអ្នកមានការសង្ស័យច្រើននោះ វាជាការល្អបំផុតដែលអ្នកត្រូវទៅជួបពិគ្រោះជាមួយគ្រូពេទ្យ។
៩. ឈឺចាប់ផ្នែកខាងក្រោមពោះ ៖ ប្រសិនជាឈឺចាប់បែបនេះ អ្នកគួរតែទៅពិនិត្យមើលខ្នែងពោះវៀន។ ជាញឹកញាប់ការឈឺចាប់អាចរាលដាលពេញពោះទាំងមូល ឬត្រង់ភ្លៅខាងស្តាំ។ វាកាន់តែឈឺខ្លាំងនៅពេលដើរ ឬក្អក។ បើសិនអ្នកជួបប្រទះនូវអាការៈញាក់ញ័រ គ្រុនក្ដៅ រាគ និងក្អួតផងដែរនោះ វាទំនងជាអ្នកមានជម្ងឺរលាកខ្នែងពោះវៀនហើយ ដូច្នេះចូរប្រញាប់ទៅជួបជាមួយនឹងគ្រូពេទ្យជាបន្ទាន់!
ព័ត៌មាននេះមានសារៈសំខាន់ និងមានប្រយោជន៍ក្នុងការទទួលបានគំនិតដំបូងអំពីអ្វីដែលអាចកើតឡើងចំពោះរាងកាយអ្នក។ ប៉ុន្តែមិនថាអ្នកឈឺចាប់ត្រង់ណា ឬបែបណាទេ ប្រសិនបើវាកើតឡើងម្តងហើយម្ដងទៀតនោះ វាជាការល្អបំផុតសម្រាប់អ្នកដើម្បីទៅពិគ្រោះជាមួយវេជ្ជបណ្ឌិត។
ទោះបីជាយ៉ាងណាក៏ដោយរាងកាយរបស់មនុស្សមានភាពស្មុគស្មាញ ហើយមនុស្សម្នាក់ៗមានភាពខុសៗគ្នា ដូច្នេះកុំស្ទាក់ស្ទើរក្នុងការទៅជួបគ្រូពេទ្យនៅពេលអ្នកឈឺឬមានរោគសញ្ញាទាំងនេះ។ សូមចាំថាសុខភាពរបស់អ្នកនិងមនុស្សជាទីស្រលាញ់របស់អ្នកគឺជារឿងសំខាន់បំផុត!
សូមជួយស៊ែរទាំងអស់គ្នា សូមអរគុណ!
ប្រភព៖ Healthhacks