Mason Mount បានបដិសេធសំណើបន្តកុងត្រាមួយចំនួនពីក្រុមតោខៀវ Chelsea ហើយគិតមកដល់ពេលនេះ ការពិផាក្សាលើកិច្ចសន្យាណាមួយហាក់នៅទ្រឹងនៅឡើយ។
យោងតាមលោក Simon Johnson មូលហេតុដែលនៅពីក្រោយកីឡាករសញ្ជាតិអង់គ្លេសរូបនេះ បដិសេធកុងត្រារបស់តោខៀវនោះគឺដោយសារតែគាត់មិនចង់ប្តេជ្ញាចិត្តធ្វើកិច្ចសន្យាយូរពេក។
មិនដូចកិច្ចសន្យារបស់ Mykhailo Mudryk នោះទេ ខណៈដែលកីឡាករអ៊ុយក្រែនបានយល់ព្រមធ្វើកិច្ចសន្យារយៈពេលវែងដែលលាតសន្ធឹងដល់ឆ្នាំ 2031, Mason Mount បានដឹងថាគាត់ខ្លួនឯងមិនអាចលេងឱ្យក្រុមតោខៀវ Chelsea បានយូរនោះទេ។
លោក Johnson បាននិយាយនៅលើកម្មវិធី The Athletic Football podcast ថា:«ខ្ញុំពិតជាមានការព្រួយបារម្ភខ្លាំងណាស់ ប្រសិនបើខ្ញុំជាអ្នកគាំទ្រ Chelsea ដែលលោក Mason នឹងមិនមែនជាកីឡាករ Chelsea នៅរដូវកាលបន្ទាប់។រយៈពេលវែងនៃកុងត្រាគឺជាបញ្ហាធំមួយ។ ម្ចាស់ក្លិបចង់ឱ្យកីឡាករបន្តកុងត្រាដល់ទៅ ៦ ឬ ៧ឆ្នាំ ប៉ុន្តែ Mount ខ្លួនឯងពិតជាមិនចង់ទេ»។
ថ្នាក់ដឹកនាំក្លិប Chelsea បានប្រាប់កីឡាករសញ្ជាតិអង់គ្លេសរូបនេះឱ្យចុះហត្ថលេខាលើកិច្ចសន្យារយៈពេលវែងថ្មីនៅរដូវក្តៅ ហើយបើមិនចង់ទេគាត់នឹងត្រូវលក់ចេញជាមិនខាន៕
ប្រភព៖ The Athletic Football podcast
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក