នៅលើទឹកដីខេត្តកំពង់ស្ពឺដែលស្ថិតនៅភាគខាងលិចនៃ រាជធានីភ្នំពេញនោះ គឺសម្បូរទៅដោយតំបន់ទេសចរណ៍ប្រណីតៗជាច្រើនមិនចាញ់ខេត្តនានានោះឡើយ តែក្នុងចំណោមរមណីយដ្ឋានទេសចរណ៍ មានតែកន្លែងកម្សាន្តចំនួន៤ ប៉ុណ្ណោះដែលមានប្រជាប្រិយភាពខ្លាំង គឺឧទ្យាជាតិព្រះសុរាម្រឹតកុសុមៈឬគិរីរម្យ ទឹកធ្លាក់ចំបក់ អំពែភ្នំ និងភ្នំព្រៃខ្មែរ។
លក្ខណៈពិសេសនៃតំបន់ រមណីយដ្ឋានទេសចរណ៍ទាំងនោះពិតជាស្រស់ត្រកាលណាស់ដូចជា៖
ទឹកធ្លាក់ចំបក់
នៅអមតាមសងខាងផ្លូវចូលទៅកាន់ទីរមណីយដ្ឋានទេសចរណ៍ធម្មជាតិ ទឹកធ្លាក់ចំបក់គឺគ្រប់អ្នកទេសចរទាំងអស់អាចគយគន់ទេសភាពបណ្តើរ ដែលមានជ្រលងភ្នំប្រមូលផ្តុំ ដោយព្រៃឈើដុះស្អេកស្កះគួរឲ្យជំពាក់ចិត្តក្រៃលែង។
ក្រោយពីយើងធ្វើដំណើរក្នុងចម្ងាយផ្លូវ៣ គីឡូម៉ែត្រកាត់ព្រៃនោះយើងនឹងត្រូវបន្ត ដំណើរដោយថ្មើរជើងវិញម្តងប្រហែលជា១គីឡូម៉ែត្រទៀតក្នុងសភាពផ្លូវ រដិបរដុបទើបបានដល់ទឹកធ្លាក់ចំបក់ដែលលាក់ខ្លួនពួនអាត្មានៅកណ្តាលព្រៃជ្រៅ។
យើងអាចធ្វើដំណើរទៅកាន់ទឹកធ្លាក់ចំបក់បានដោយចេញពីរាជធានីភ្នំពេញ តាមបណ្តោយផ្លូវជាតិលេខ៤ចុះនៅត្រែងត្រយឹងឬក៏លោកអ្នកអាចជិះឡាន ទេសចរខ្នាតតូចទៅត្រែងត្រយឹងផ្ទាល់តែម្តងទៅដល់ទឹកធ្លាក់ចំបក់ដែល មានចម្ងាយជាង២០គីឡូម៉ែត្រ លុះដល់ជើងភ្នំគិរីរម្យបត់ស្តាំតាមផ្លូវក្រួសក្រហមចម្ងាយ៨ គីឡូម៉ែត្របន្ទាប់មកយើងត្រូវបន្តដំណើរដោយការជិះរទេះគោចេញពីវត្ត ចំបក់ទៅទឹកធ្លាក់ចម្ងាយ៣ គីឡូម៉ែត្រ ៨ម៉ែត្រ ទៀតនោះយើងនឹងបានមកដល់ទឹកចំបក់ជាក់ជាមិនខានដែលស្ថិតនៅក្នុងទឹក ដីភូមិចំបក ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
អំពែភ្នំ
បើនិយាយអំពីទីរមណីយដ្ឋានអំពែភ្នំនោះនរណាក៏គេស្គាល់កន្លែង កម្សាន្តប្រកប ដោយខ្យល់ជំនោរត្រជាក់ ផុសចេញពីទឹកស្ទឹងហូរបត់បែនវែងអន្លាយនេះដែរ ជាពិសេសក្រុមយុវជនយុវនារីតែម្តង។
អំពែភ្នំនៅមិនឆ្ងាយប៉ុន្មានពីទីក្រុង ភ្នំពេញនោះឡើយគឺមានចម្ងាយផ្លូវត្រឹមតែ៤៦គីឡូម៉ែត្រតែប៉ុណ្ណោះរួច បត់ឆ្វេងដៃចូលតាមផ្លូវក្រួសក្រហមប្រហែលជា២គីឡូម៉ែត្រនោះនឹង បានពើបប្រទះស្លាកសញ្ញារមណីយដ្ឋាននេះដែលមានទីតាំងស្ថិតនៅក្នុង ភូមិអំពែភ្នំ ឃុំសុពណ៌ទេព និងឃុំស្វាយ ក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
តំបន់នេះមានទេសភាពនៃទឹកស្ទឹងហូរឆ្លងកាត់រួម ផ្សំលម្អដោយដើមឈើធំៗប្រឹងដុះប្រជ្រៀតគ្នាតាមមាត់ស្ទឹង និងជើងភ្នំដែលមានស្ពានយោលឆ្លងកាត់ពីភូមិតាំងទន្លេតភ្ជាប់ឆ្លង ទៅភូមិអំពែភ្នំ។ ក្រៅពីនេះយើងនៅសង្កេតឃើញមានវត្តអារាមចាស់មួយបណ្តែតខ្លួននៅលើ កូនភ្នំដែលជាទី សក្ការរបស់ប្រជា ពលរដ្ឋគ្រប់ស្រទាប់វណ្ណៈទៅធ្វើបុណ្យទានតាមលក្ខណៈទំនៀមទម្លាប់ប្រពៃណីខ្មែរ ផងដែរ។
ឧទ្យានជាតិព្រះសុរាម្រឹតឬឧទ្យានជាតិគិរីរម្យ
គឺជារមណីយដ្ឋានទេសចរណ៍ ធម្មជាតិមួយក្នុងចំណោមឧទ្យានជាតិធំៗនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានសម្រស់ទេសភាពប្រៀបបាននឹងឋានសួគ៌លម្អដោយដើមស្រល់ដុះពី ធម្មជាតិនៅលើខ្ពង់រាបគិរីរម្យ និងមានទឹក ជ្រោះជាច្រើនកន្លែងរួមទាំងហ្វូងម្រឹគីម្រឹគារស់នៅទីនោះថែមទៀតផង។
ភ្ញៀវទេសចរអាចធ្វើដំណើរពីក្រុងភ្នំពេញទៅទស្សនារមណីយដ្ឋាននេះបាន តាមរយៈកំណាត់ផ្លូវជាតិលេខ៤លុះធ្វើដំណើរទៅដល់បង្គោលគីឡូម៉ែត្រលេខ ៨៧ត្រង់ម្តុំផ្លូវបំបែកត្រែងត្រយឹងនឹងបានឃើញផ្លូវបំបែកទៅខាងស្តាំ ដៃមួយឆ្ពោះទៅកាន់តំបន់គិរីរម្យដែលស្ថិតក្នុងចម្ងាយ ផ្លូវ២៧គីឡូម៉ែត្រ ក្នុងនោះរយៈចម្ងាយ ផ្លូវ១០គីឡូម៉ែត្រដំបូងគឺជាផ្លូវរាបស្មើនឹង១៧ គីឡូម៉ែត្របន្ទាប់ គឺជាផ្លូវឡើងចុះភ្នំ។
រមណីយដ្ឋានគិរីរម្យមានចម្ងាយផ្លូវពីរាជធានីភ្នំពេញ១១៤គីឡូម៉ែត្រ និង១៤៧គីឡូម៉ែត្រពីក្រុងព្រះសីហនុឬចម្ងាយ ៤៤ គីឡូម៉ែត្រពីផ្សារកំពង់ស្ពឺ។ ឧទ្យានជាតិគិរី រម្យមានផ្ទៃដី ប្រមាណ៨៤០១ហិកតាដែលស្ថិតនៅលើខ្ពង់រាបមានកម្ពស់ចាប់ពី៣០០ទៅ១០០០ ម៉ែត្រពីនីវ៉ូសមុទ្រ។ រមណីយដ្ឋានគិរីរម្យគឺជាតំបន់ឧទ្យានធម្មជាតិដ៏ធំ និងនៅ ជិតរាជធានីភ្នំពេញផងដែរ។
តំបន់នេះរាជរដ្ឋាភិបាលកម្ពុជាបានចុះបញ្ជីរមណីយដ្ឋាន គីរីរម្យជាឧទ្យានជាតិព្រះសុរាម្រឹតដែលមានផ្ទៃដី៥០០០ហិកតាតាម ព្រះរាជក្រឹត្យរបស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុវរ្ម័នចុះថ្ងៃទី០១ វិច្ឆិកា ឆ្នាំ១៩៩៣ និងបានសម្ពោធជាផ្លូវការនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ១៩៩៥ ហើយក៏បានចងក្រង ទុកជាប្រវត្តិផងដែរ។
ភ្នំព្រៃខ្មែរ
គឺជារមណីយដ្ឋានធម្មជាតិមួយដ៏ទាក់ទាញដែល ស្ថិតនៅក្នុងភូមិ ក្រាំពោធិ ឃុំក្រាំពោធិ ស្រុកភ្នំស្រួច តាម បណ្តោយ ផ្លូវជាតិលេខ៤មានចម្ងាយផ្លូវ ៧០គីឡូម៉ែត្រ ពីទីក្រុងភ្នំពេញ និង២២ គីឡូម៉ែត្រពីទីរួមខេត្តកំពង់ស្ពឺ។
តំបន់នេះមានទេសភាពប្រណីតណាស់សម្រាប់អ្នកទេសចរដោយឃើញមានកូនភ្នំ តូចៗនៅជាប់គ្នា និងមានផ្លូវអាចបើកបររថយន្តឡើងទៅដល់កំពូលភ្នំតែម្តងដោយលោកអ្នក អាចធ្វើដំណើរពីភ្នំមួយទៅភ្នំមួយទៀត និងនៅលើភ្នំមានខ្ចូសសម្រាប់ភ្ញៀវទេសចរ អង្គុយលេងស្រូបយកខ្យល់អាកាសដ៏បរិសុទ្ធ។
និយាយរួមចំពោះអ្នកទេសចរដែលធ្វើដំណើរមកលេងកម្សាន្តនៅតំបន់ រមណីយដ្ឋានទេសចរណ៍ដ៏មានប្រជាប្រិយភាពទាំង៤ខាងលើនៅទឹកដីខេត្ត កំពង់ស្ពឺនេះជឿជាក់ថា ប្រាកដជាបានសប្បាយរសាយអស់នូវទុក្ខកង្វល់ជាក់ជាមិនខានឡើយ។