ការមើលងាយខ្លួនឯង គឺជាទង្វើនៃការតិះដៀលខ្លួនឯង ដោយតែងតែគិតថាខ្លួនឯងអន់ជាងអ្នកដទៃ។ នេះបណ្តាលឱ្យមនុស្សជាច្រើន តែងតែដកខ្លួនចេញពីសង្គមមនុស្ស ដាក់គម្លាត និងចង់នៅតែម្នាក់ឯង។
នៅក្នុងជីវិតដែលមានល្បឿនលឿននៃសង្គមសម័យទំនើប ការជឿទុកចិត្តគឺជាកត្តាដ៏សំខាន់បំផុតនៅក្នុងទំនាក់ទំនងភាគច្រើន រួមទាំងការផ្សារភ្ជាប់ជាមួយនឹងខ្លួនឯងផងដែរ។ ការបាត់បង់ទំនុកចិត្តលើខ្លួនឯង ឬនិយាយម្យ៉ាងទៀត ការគោរពខ្លួនឯងទាប មិនត្រឹមតែធ្វើឱ្យអ្នកភ្លេចគុណសម្បត្តិរបស់អ្នក បាត់បង់សភាវគតិរបស់អ្នកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យអ្នកបាត់បង់ឱកាសសំខាន់ៗជាច្រើនផងដែរ។
ដូច្នេះ តើធ្វើដូចម្តេចដើម្បីជម្នះការសង្ស័យលើខ្លួនឯង ជួយបង្កើនភាពជឿជាក់ និងទំនុកចិត្តលើខ្លួនឯងកាន់តែខ្ពស់។ សូមក្រឡេកមើលគន្លឹះទាំង ៤ ខាងក្រោម ដែលនឹងជួយអ្នកក្នុងការធ្វើដំណើររបស់អ្នកឱ្យកាន់តែមានទំនុកចិត្តជារៀងរាល់ថ្ងៃ។
១. ផ្លាស់ប្តូរគំនិត
វាជាការពិតដែលអ្នកមិនគួរព្រងើយកន្តើយពេក ហើយស្កប់ចិត្តលើខ្លួនឯង។ ព្រោះវាប្រហែលជានឹងបង្អាក់ឆន្ទៈ និងអារម្មណ៍ចង់ធ្វើការប្រឹងប្រែងរបស់អ្នក។ ប៉ុន្តែនោះមិនមានន័យថា អ្នកត្រូវតឹងរឹងពេកទេ ហើយមើលតែកំហុសរបស់អ្នកប៉ុណ្ណោះឡើយ។
ការគោរពខ្លួនឯងទាប កើតចេញពីគំនិតអវិជ្ជមានចំពោះខ្លួនអ្នក។ រៀនស្រឡាញ់ខ្លួនឯង និងថ្លឹងថ្លែងការវិនិច្ឆ័យរបស់អ្នកអំពីខ្លួនអ្នក ដើម្បីការលូតលាស់ជាវិជ្ជមាន និងមានសុខភាពល្អ។ កុំរិះគន់ខ្លួនឯង ចំអកមើលងាយ ចំណុចខ្វះខាតរបស់ខ្លួនឯង។ សូមលួងលោម និងលើកទឹកចិត្តពីបាតនៃគំនិតរបស់អ្នក ហើយផ្តល់ការយោគយល់ដល់ខ្លួនឯងឱ្យបានច្រើន។
២. ថែរក្សាខ្លួនឯងទាំងផ្លូវកាយ និងផ្លូវចិត្ត
ទំនុកចិត្តនឹងមកលើដំណើរនៃការខិតខំប្រឹងប្រែងខ្លួនឯង និងការកែលម្អខ្លួនឯងជារៀងរាល់ថ្ងៃ។ គ្មាននរណាម្នាក់អាចទះទ្រូងដោយមានទំនុកចិត្ត ពេលពួកគេគ្មានអ្វីនោះទេ។ ដូច្នេះ ដើម្បីមានទំនុកចិត្ត ការបណ្តុះប្រាជ្ញា គឺជាការចាំបាច់បំផុត។ ផ្តោតលើការកែលម្អការយល់ដឹងរបស់អ្នក និងរៀនដើម្បីអភិវឌ្ឍជំនាញទន់ផ្សេងទៀត។
ប៉ុន្តែក្រៅពីនោះ ក៏មិនភ្លេចថែរក្សារាងកាយឱ្យបានល្អផងដែរ។ អាកប្បកិរិយាប្រកបដោយទំនុកចិត្តនឹងត្រូវបានបញ្ចេញចេញពីអាកប្បកិរិយាដ៏ភ្លឺស្វាងនៃរូបកាយដែលមានសុខភាពល្អ។ ជឿជាក់ជានិច្ចថា បើអ្នកតស៊ូ ព្យាយាម និងប្រឹងប្រែង នោះអ្នកតែងតែអាចបញ្ចេញពន្លឺ និងលេចធ្លោនៅគ្រប់ទិសទី ហើយសម្គាល់វាជាមួយមនុស្សគ្រប់គ្នា។
៣. បោះបង់ចោលរូបភាពអតីតកាលឱ្យអស់
កំហុសដ៏ធំបំផុតក្នុងដំណើរឆ្ពោះទៅរកការបណ្ដុះការសង្ស័យលើខ្លួនឯង គឺនៅតែឈ្លក់វង្វេងនឹងអតីតកាលផ្ទាល់ខ្លួន។ ប្រសិនបើអ្នកមិនអាចដើររំលងស្រមោលរបស់អ្នកកាលពីអតីតកាលទេនោះ អ្នកមិនអាចទៅដល់អនាគតដ៏ស្រស់ស្អាតនៅខាងមុខបានទេ។
កុំបណ្តោយឱ្យការសង្ស័យខ្លួនឯង ដើរតាមអ្នកពីអតីតកាល។ ការបំភ្លេចចោលការវិនិច្ឆ័យអវិជ្ជមានរបស់មនុស្សគ្រប់គ្នា ហើយចាប់ផ្តើមរូបភាពថ្មីតាមដែលអ្នកចង់បាន ហើយបញ្ចូលរូបភាពនោះជាមួយមនុស្សគ្រប់គ្នា គឺជារឿងសំខាន់ដែលអ្នកត្រូវផ្តោតលើឥឡូវនេះ។ មនុស្សគ្រប់រូបមានអតីតកាលផ្ទាល់ខ្លួន។ ប៉ុន្តែការយកអតីតកាលមកធ្វើជាកម្លាំងចិត្ត ដើម្បីព្យាយាម ឬនៅជាប់នឹងអតីតកាលគឺជាជម្រើសផ្ទាល់ខ្លួនរបស់មនុស្សម្នាក់ៗ។
៤. ទទួលយកកំហុស ហើយឈប់ប្រៀបធៀបឯងទៅនឹងអ្នកដទៃ
កុំមានអារម្មណ៍ថាខ្លួនឯងមានកំហុសច្រើនពេក ដោយសារតែខ្លួនឯងមានកំហុស។ ហើយកុំព្យាយាមលាក់វា លើលោកនេះគ្មាននរណាម្នាក់ល្អឥតខ្ចោះ ១០០% នោះទេ។ មនុស្សគ្រប់រូបមានគុណវិបត្តិរៀងៗខ្លួន។ ដូច្នេះ មិនមែនមានតែអ្នកនោះទេ ដែលធ្វើខុសនោះ។ ជំនួសឱ្យការព្យាយាមលាក់បាំង ចូរអនុវត្តការប្រឈមមុខ និងទទួលយកការខ្វះខាតរបស់អ្នក ដើម្បីកែលម្អបន្តិចម្តងៗ និងផ្លាស់ប្តូរខ្លួនអ្នកឱ្យកាន់តែប្រសើរឡើង។
ក៏កុំប្រៀបធៀបខ្លួនឯងទៅនឹងអ្នកណា យើងស្អាតបំផុត និងមានទំនុកចិត្តបំផុតនៅពេលយើងជាខ្លួនយើង។ ខ្លួនឯងពិតប្រាកដបំផុត មិនព្យាយាមលាបពណ៌ឱ្យដូចអ្នកដទៃ។ អ្នកគឺជាកំណែដែលប្លែកពីគេ ហើយនឹងតែងតែមានមនុស្សជាច្រើន ដែលនឹងស្រលាញ់អ្នកចំពោះអ្នកជានរណា៕
ប្រភព ៖ Emdep / Knongsrok