ភាពតានតឹងគឺជារឿងធម្មតាដែលអាចកើតមានចំពោះមនុស្សគ្រប់វ័យ។ ប៉ុន្តែការគ្រប់គ្រងភាពតានតឹងសម្រាប់មនុស្សម្នាក់ៗប្រហែលជាមិនដូចគ្នាទេ។ តួយ៉ាង មនុស្សមួយចំនួនអាចនៅតែស្វែងរកវិធីកាត់បន្ថយភាពតានតឹងដែលមិនដំណើរការរហូតត្រូវការវេជ្ជបញ្ជារបស់គ្រូពេទ្យ។ ដូច្នោះដើម្បីទទួលបានប្រសិទ្ធភាព សូមសាកល្បងធ្វើតាមវិធីខាងក្រោមនេះ៖
ធ្វើចលនារាងកាយគ្រប់ពេលវេលា
លំហាត់ប្រាណមិនត្រឹមតែជួយឱ្យយើងមានរាងកាយមានសុខភាពល្អប៉ុណ្ណោះទេ ប៉ុន្តែក៏ធ្វើឲ្យចិត្តកាន់តែរឹងមាំផងដែរ។ ការធ្វើលំហាត់ប្រាណអាចធ្វើឱ្យយើងភ្លេចអារម្មណ៍តានតឹង រួមទាំងបានបញ្ចេញកម្លាំងពេញលេញ ហើយថែមទាំងបង្កើនកម្រិតនៃអ័រម៉ូន serotonin ដែលធ្វើឱ្យគេងលក់ស្រួលបានឆាប់។
កាត់បន្ថយការប្រើប្រាស់គ្រឿងស្រវឹង
ការកាត់បន្ថយការទទួលទានគ្រឿងស្រវឹង អាចមានប្រសិទ្ធភាពក្នុងការកាត់បន្ថយហានិភ័យនៃជំងឺធ្លាក់ទឹកចិត្ត។ ដោយសារការផឹកស្រាក្នុងបរិមាណច្រើន អាចរំខានដល់ប្រព័ន្ធបញ្ជូនសរសៃប្រសាទដែលគ្រប់គ្រងមុខងារផ្លូវចិត្តវិជ្ជមាន។ ការរំខាននៃប្រព័ន្ធបញ្ជូនសរសៃប្រសាទអាចបណ្តាលឱ្យមានបញ្ហាមួយចំនួន រួមទាំងភាពតានតឹង។
ហាមជក់បារី
ការសិក្សាបង្ហាញថា ការជក់បារីអាចនាំឱ្យមានហានិភ័យខ្ពស់នៃភាពតានតឹងជាបន្តបន្ទាប់។ លើសពីនេះ ជាតិនីកូទីន និងសារធាតុផ្សេងៗទៀត នៅក្នុងបារីក៏ត្រូវបានផ្សារភ្ជាប់ទៅនឹងការកើនឡើងហានិភ័យនៃភាពតានតឹង។
គ្រប់គ្រងការទទួលទានជាតិកាហ្វេអ៊ីន
ការផឹកភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីន ដូចជាកាហ្វេ និងតែ ក៏ត្រូវបានផ្សារភ្ជាប់ជាមួយនឹងភាពតានតឹង ហើយជាតិកាហ្វេអ៊ីន អាចបណ្តាលឱ្យមានការវាយប្រហារភ័យស្លន់ស្លោ ដែលមិនល្អសម្រាប់អ្នកដែលមានភាពតានតឹង។
គេងឱ្យបានគ្រប់គ្រាន់
អ្នកគួរចូលគេងឲ្យបានឆាប់នៅពេលដែលអ្នកមានអារម្មណ៍ថាងងុយគេង។ អ្នកមិនគួរបង្ខំភ្នែករបស់អ្នកឱ្យបើកញឹកញាប់នៅពេលយប់នោះទេ ត្រូវឈប់ប្រើទូរសព្ទ ថេប្លេត កុំព្យូទ័រ និងទូរទស្សន៍ ពិសេសជៀសវាងកាហ្វេ និងអាហារធ្ងន់ៗមុនពេលចូលគេង។ អ្នកត្រូវតែគេងយ៉ាងហោចណាស់ ៦ ម៉ោងក្នុងមួយថ្ងៃ។
សមាធិ
ការធ្វើសមាធិជួយបន្ធូរអារម្មណ៍ កាត់បន្ថយភាពតានតឹងនៃខួរក្បាល ព្រោះវាអាចអនុញ្ញាតឱ្យខួរក្បាលរបស់យើងផ្តោតទៅលើរឿងតែមួយ។ ការធ្វើសមាធិរយៈពេល ៣០ នាទី ក្នុងមួយថ្ងៃអាចជួយកាត់បន្ថយភាពតានតឹងបានយ៉ាងច្បាស់។
របបអាហារមានតុល្យភាព
ជារឿងសំខាន់ក្នុងការគ្រប់គ្រងប្រភេទអាហារដែលយើងញ៉ាំរាល់ថ្ងៃឲ្យមានតុល្យភាព គួរទទួលទានទឹកឱ្យបានគ្រប់គ្រាន់ កាត់បន្ថយការទទួលទានអាហារកែច្នៃ ញ៉ាំកាបូអ៊ីដ្រាតស្មុគស្មាញ (អង្ករសំរូប នំបុ័ងស្រូវសាលី) ផ្លែឈើ បន្លែ និងប្រូតេអ៊ីនមានជាតិខ្លាញ់ទាប។
ប្រភព៖ បរទេស