គេមិនដឹងពីថ្ងៃខែកំណើត របស់អ្នកភិរម្យភាសាអ៊ូ ហៅង៉ុយ ទេ ប៉ុន្តែឯកសារបានអះអាងថា លោកប្រសូត នៅឆ្នាំ១៨៦៥ ត្រូវនឹងពុទ្ធសករាជ ២៤០៨ នៅភូមិព្រៃអណ្ដូងស្វាយ ឃុំកំបូល ស្រុកភ្នំពេញ (បច្ចុប្បន្នស្រុកអង្គស្នួល) ខេត្តកណ្ដាល ។ ហើយលោកមានឈ្មោះពីកំណើតគឺ អ៊ុក អ៊ូ ហៅង៉ុយ ។ ឯកសារដែលអាចប្រមូលបានឥឡូវនេះ មិនបានបញ្ជាក់ទេថា លោកមានបងប្អូនប៉ុន្មាននាក់ គឺគ្រាន់តែនិយាយថាលោកជាកូនទី២ក្នុងគ្រួសារប៉ុណ្ណោះ ។ បិតារបស់លោក គឺចៅពញាធម្មធារា មេឃុំកំបូល នាមអ៊ុក ។ រីឯមាតា នាម អៀង ជាបុត្រីរបស់ចៅពញាម៉ុក មេឃុំស្ពានថ្ម ស្រុកខេត្តជាមួយគ្នា ។ មាតាបិតា លោកត្រូវជាបងប្អូនជីទួតមួយនឹងគ្នា ។ ជីវិតស្នេហារបស់កវីប្រជាប្រិយយើង ពុំទាន់មានឯកសារណារៀបរាប់ទេ យើងគ្រាន់តែដឹងថា ក្រោយពីបានចាក់សិក្ខាបទមកជាគ្រហស្ត លោកមានភរិយា ឈ្មោះ អ៊ិន និងមានកូនសុទ្ធតែប្រុសចំនួន៦រូប,រួមមានឈ្មោះ ដួង,ចេង ,ចា,ចិន,ចុង,ចេវ ។
តាមការបញ្ជាក់របស់លោក យី ធន់ ក្នុងចំណោមកូនលោកទាំង៦រូប មានកូនទី៥ ដែលមានទេព្យកោសល្យខាងសំនួនវោហារ ហើយក៏ល្បីល្បាញផងដែរក្នុងឈ្មោះថា"អាចារ្យចុង" ។ តាមពត៌មានខ្លះទៀតនិយាយថា លោកអ៊ុក អ៊ូ មានចៅម្នាក់ទៀតដែរ ដែលមានវោហារល្បីខាងច្រៀងអាយ៉ៃ ហើយមានរូបរាងស្គមស្ដើងដែលគេធ្លាប់ឮឈ្មោះថានាយស្លឹក ។ នៅពេលច្រៀងអាយ៉ៃ នាយស្លឹកតែងឧទ្ទេសនាមខ្លួនគាត់ថា"ស្រុកខ្ញុំនៅខាងលិច ពោធិចិនតុង កូនអាចារ្យចុង ចៅអាចារ្យង៉ុយ" ។ អាចារ្យ ចុង បានទទួលអនិកម្មក្នុងគុកនយោបាយនៅឆ្នាំ ១៩៥៥ ពេញបោះឆ្នោតគណៈបក្សប្រជាធិតេយ្យ ប្រកួតប្រជែង និងបក្សសង្គមរាស្ត្រនិយម។
ក្នុងការរស់នៅជាកសិករ តាង៉ុយមានប្រជាប្រិយភាពខ្លាំងខាងវោហារ និងល្បិចលើកកំណាព្យភ្លាមៗ ច្រៀង ឡើង និងសំនៀងសាដៀវយ៉ាងពិរោះ ព្រមទាំងចំណេះខាងធម៏អាថ៍យ៉ាងខ្ពង់ខ្ពស់ ដែលធ្វើឧ្យកសិករឯទៀតរាប់អាន ស្រឡាញ់ទុកលោកជាអ្នកប្រាជ្ញក្នុងភូមិស្រុក ហើយអ្នកស្រុកហៅលោកថា ភិរម្យ ង៉ុយ។ បន្ទាប់មករដ្ឋអំណាច បានតាំងលោកជា ( ក្រម ) គឺជាភារៈជន ដែលធ្វើទំនាក់ទំនងទាក់ទងរវាងរដ្ឋបាល និងប្រជាជនក្នុងឃុំ។
ពេលរដូវរំហើយ ក្រោយពីកិច្ចការច្រូតកាត់អ្នកប្រាជ្ញអក្សរសាស្ត្រខ្មែរក្រមង៉ុយ តែងតែទេរសនាប្រៀនប្រដៅ ច្រៀងកំណាព្យបន្ទដោយសំនៀងសាដៀវដ៏ក្រលួចពីភូមិមួយ ដោយយំស្រណោះអាណិតខ្មែរគ្នាឯង ពីភាព ខ្សត់ខ្សោយ ក្រីក្រ ល្ងងខ្លៅ ឈ្លោះគ្នាឯងបែកបាក់សាម្គី។ ល ។ ផ្ទុយនឹងទម្ងន់ពន្ឋដារនៃរដ្ឋអំណាចបារាំង ភាពរហ័សរហួនឆ្លាតការកេងបន្លំជនបរ ទេស មានចិន យួន ជាដើម។ សំនូរល្បីល្បាញពីកវីសិល្បករនេះ លេចឮដល់ទីក្រុង ហើយសម្តេចចក្រីបានហៅឧ្យ ទៅច្រៀងថ្វាយស្តេចស៊ីសុវត្តិពេញព្រះទ័យបានឧ្យរង្វាន់ជា ប្រាក់កាស និងគោរម្យងារជា ព្រះភិរម្យភាសា។
អ្នកភិរម្យភាសាអ៊ូហៅង៉ុយ (ក្រមង៉ុយ) គឺជាគោរមងារមួយដែលហ្លួង ស៊ីសុវត្ថិ ប្រទានឲ្យកវី អ៊ុក អ៊ូ ហៅង៉ុយ អ្នកដែលបានធ្វើឲ្យកូនខ្មែរបានរស់នៅក្នុងការប្រៀនប្រដៅបែបប្រជាប្រិយដោយការរួមបញ្ចូលរវាងពុទ្ធោវាទ ជាមួយ បរិស្ថានសង្គមកិច្ចកម្ពុជានាសម័យកាលថ្មីមួយ : ប្រជាជនកម្ពុជាបាត់បង់សេរីភាព និងឥស្សរភាពជាម្ចាស់ប្រទេស ដោយពួកអាណានិគមបារាំងបានចាប់បង្ខំដាក់នឹមត្រួតត្រា។ ជាមួយនឹងគោរមងារនេះ អ្នកមុខអ្នកការទាំងឡាយតែងហៅលោកថាអ្នកភិរម្យភាសាអ៊ូ ហៅង៉ុយ ព្រោះដើម្បីកុំឲ្យច្រឡំនឹងនាយក្រុមវាំងម្នាក់នាសម័យនោះដែល មានឈ្មោះ អ៊ូ ដែរ ។ ក៏ប៉ុន្តែ ឈ្មោះខ្លី ដែលអ្នកស្រុកចូលចិត្តហៅហើយដែលបន្តស្ថិតស្ថេរមកទល់ពេលនេះ គឺឈ្មោះ ក្រមង៉ុយ ។
អ្នកភិរម្យភាសាអ៊ូ បានទទួលអនិច្ចកម្ម នៅថ្ងៃសុក្រ ៦កើត ខែមិគសិរ ព.ស ២៤៧៩ គ.ស ១៩៣៦ ក្នុងជន្មាយុ៧១ឆ្នាំ ដោយជំងឺទល់លាមក ។