នរណាក៏ធ្លាប់ជួបប្រទះពីបញ្ហារមួលក្រពើដែរ តែទាស់ត្រង់ថាអ្នកខ្លះកើតមានញឹកញាប់ អ្នកខ្លះមិនសូវជាជួបប្រទះតែប៉ុណ្ណោះ។ ហើយភាគច្រើនរមួលក្រពើគឺកើតមានឡើងនៅពេលដែលអ្នកអង្គុយបត់ជើងយូរ ឬ ប្រើជើងធ្វើសកម្មភាពច្រើន ដូចជាហែលទឹកជាដើម។ ការរមួលក្រពើគឺជាការកន្ត្រាក់ដោយអចេតនានៃសាច់ដុំនៅជើង ដោយពួកវាកើតឡើងញឹកញាប់បំផុតនៅត្រង់កែងជើង និងម្រាមជើង ហើយអាចមានរយៈពេលមួយវិនាទី ឬរហូតដល់មួយនាទី។
ខាងក្រោមនេះគឺជាវិធីកម្ចាត់រមួលក្រពើឱ្យបានលឿន និងមានប្រសិទ្ធភាពបំផុត៖
១.លាតត្រដាងជើងមុនពេលចូលគេង ឬ ពេលរមួលក្រពើ
ការលាតសន្ធឹងជើងជាទៀងទាត់មុនពេលចូលគេងអាចកាត់បន្ថយការរមួលក្រពើញឹកញាប់ ហើយការលាតសន្ធឹងជើងបែបនេះក៏អាចជួយបំបាត់អាការៈរមួលក្រពើភ្លាមៗផងដែរ ព្រោះវាធ្វើឱ្យសាច់ដុំរបស់អ្នកវែង ធ្វើឱ្យវាធូររលុង និងមិនសូវមានការកន្ត្រាក់។
២.រក្សាជាតិទឹក
ប្រសិនបើអ្នកផឹកទឹកមិនគ្រប់គ្រាន់ អ្នកអាចនឹងខ្សោះជាតិទឹក ដែលវាអាចធ្វើឱ្យសាច់ដុំ រួមទាំងសាច់ដុំជើងរបស់អ្នកងាយនឹងរមួលក្រពើ។ ម្យ៉ាងវិញទៀត ការរក្សាជាតិទឹកឱ្យបានល្អ អាចកាត់បន្ថយការរមួលក្រពើនៅពេលយប់ផងដែរ។
៣.រក្សាជើងរបស់អ្នកឱ្យក្តៅ
លំហូរឈាមខ្សោយទៅជើងអាចបង្កើនហានិភ័យនៃការរមួលក្រពើ ប៉ុន្តែការពាក់ស្រោមជើងដ៏កក់ក្ដៅនឹងជួយសម្រួលសរសៃឈាម និងជំរុញលំហូរឈាម ដែលអាចកាត់បន្ថយអាការៈរមួលក្រពើ។
៤.លេបថ្នាំបំប៉នម៉ាញេស្យូម
ម៉ាញ៉េស្យូមគឺជាសារធាតុរ៉ែដែលគាំទ្រដល់សញ្ញាសរសៃប្រសាទ និងការកន្ត្រាក់សាច់ដុំ។ ដូច្នេះ ការរមួលសាច់ដុំអាចជាសញ្ញានៃកង្វះម៉ាញេស្យូមកម្រិតមធ្យម។ មានការស្រាវជ្រាវមួយចំនួនដែលបង្ហាញថាការលេបថ្នាំបំប៉នម៉ាញេស្យូមអាចកាត់បន្ថយការរមួលក្រពើបានយ៉ាងរហ័ស៕
ប្រភព ៖ បរទេស