ការមុជទឹកក្តៅនិងទឹកត្រជាក់សុទ្ធសឹងតែមានអត្ថប្រយោជន៍រៀងៗខ្លួន។ អ្នកអាចនឹងចាប់អារម្មណ៍ថា ទឹកក្តៅអាចជួយសម្រួលអារម្មណ៍និងកាត់បន្ថយភាពតានតឹង ចំណែកឯទឹកត្រជាក់វិញអាចជួយដាស់ស្មារតីឱ្យមានភាពស្រស់ស្រាយ។ យ៉ាងណាមិញ អត្ថប្រយោជន៍នៃទឹកក្តៅនិងទឹកត្រជាក់មិនមែនមានតែប៉ុណ្ណឹងនោះទេ៖
អត្ថប្រយោជន៍នៃទឹកក្តៅ
១. កាត់បន្ថយកាឡូរី
ទឹកក្តៅបានជួយកាត់បន្ថយកាឡូរីខ្លះនៅកំឡុងពេលអ្នកកំពុងមុជទឹកឬត្រាំទឹក ក៏ប៉ុន្តែនេះមិនមែនបានន័យថាអ្នកអាចយកវាមកជំនួសការហាត់ប្រាណនោះទេ។ ទោះបីជាវាអាចជួយក្នុងការកាត់បន្ថយជាតិខ្លាញ់បានខ្លះមែន ការមុជទឹកក្តៅយូរពេកអាចនាំឱ្យប្រឈមនឹងការដាច់សរសៃឈាមខួរក្បាលផងដែរ។
២. ស្បែកស្អាត
ការមុជទឹកក្តៅអាចសម្រួលដល់ការបើកសន្ទះរន្ធញើសដែលបញ្ចេញនូវជាតិពុលផ្សេងៗនៅក្នុងរាងកាយឱ្យចេញមកក្រៅ។ ទឹកក្តៅឧណ្ឌៗក៏អាចនាំឱ្យស្បែកអ្នកតឹងស្អាតនិងបង្កើនភាពម៉ត់រលោងផងដែរ។
៣. ដំណេក
សាច់ដុំរបស់អ្នកនឹងមានភាពស្ពឹកស្រពន់បន្ទាប់ពីធ្វើការអស់រយៈពេលជាច្រើនម៉ោងក្នុងមួយថ្ងៃ។ ការមុជទឹកក្តៅមុនដំណេកប្រហែលពីពីរទៅបីម៉ោង អាចជួយសម្រួលដល់ប្រតិបត្តិការនៃរាងកាយនិងនាំឱ្យអ្នកសម្រាន្តស្រួលជាងមុន។
អត្ថប្រយោជន៍នៃទឹកត្រជាក់
១. សក់និងស្បែកភ្លឺរលោង
អ្នកដែលមានស្បែកស្ងួតគួរជៀសវាងការមុជទឹកក្តៅព្រោះវាអាចនាំឱ្យស្បែកកាន់តែស្ងួតថែមទៀត។ យ៉ាងណាមិញ អ្នកគួរតែជ្រើសរើសការមុជទឹកត្រជាក់ព្រោះវាជួយរក្សាសំណើមដែលមានស្រាប់និងបន្តឹងស្បែកកុំឱ្យឆាប់ចាស់ជ្រីវជ្រួញ។
២. ពង្រឹងសុខភាពផ្លូវចិត្តនិងប្រព័ន្ធភាពសុំា
ទឹកត្រជាក់បានជម្រុញនូវការផលិត noradrenaline និង beta-endorphins នៅក្នុងរាងកាយដែលមានឥទ្ធិពលដល់ការធ្វើឱ្យអារម្មណ៍ប្រសើរឡើង។ មួយវិញទៀត វាថែមទាំងជួយពង្រឹងប្រព័ន្ធភាពសុំាពីការឆ្លងផ្តាសាយឬជំងឺផ្សេងៗទៀត។
៣. ឈាមរត់បានល្អជាងមុន
ទឹកត្រជាក់បានជួយបន្សំាប្រព័ន្ធឈាមក្នុងរាងកាយឱ្យដំណើរការបានល្អជាងមុននិងសម្រួលចង្វាក់បេះដូងឱ្យដើរបានល្អ។ នៅពេលដែលប្រព័ន្ធឈាមរត់បានល្អ អ្នកនឹងទទួលបានភាពស្រស់ស្រាយពោរពេញទៅដោយថាមពល ចំណេកឯស្បែករបស់អ្នកក៏កាន់តែស្រស់ថ្លាជាងមុនផងដែរ៕
ប្រភព ៖ បរទេស