សរសៃសក់ជួនកាលអាចនឹងរងការខូចខាតដោយសារកម្តៅឬការថែរក្សាមិនបានល្អដែលនាំឱ្យវាឆាប់បែកចុង ស្ងួតឬឡើងអង្កែជាដើម។ ការថែរក្សាសុខភាពសក់គឺពិតជាមានសារៈសំខាន់ណាស់ ជាពិសេសសម្រាប់អ្នកដែលមានសក់វែងហើយក្រាស់។ នេះគឺរាល់រូបមន្តម៉ាសអប់សក់ងាយៗទាំង៥ដែលអ្នកអាចសាកល្បងធ្វើនៅផ្ទះបាន៖
១.ម៉ាសអប់សក់ប្រេងដូង
ម៉ាសអប់សក់ប្រេងដូងមានតួនាទីកម្ចាត់ភាពស្ងួតនៃសសៃសក់និងធ្វើឱ្យសរសៃសក់មានសំណើម។ វាក៏ជួយទប់ស្កាត់ការបែកចុងនិងធ្វើឱ្យសក់មានទម្ងន់ផងដែរ។ ងាយៗមែនទែនដោយគ្រាន់តែយកប្រេងដូង១ស្លាបព្រាបាយ រួចឈ្លីឱ្យសព្វទៅលើបរិវេណស្បែកក្បាលមុនចូលគេងជាការស្រេច។
២.ម៉ាសអប់សក់ផ្លែប័រ
ម៉ាសអប់សក់ផ្លែប័រមានតួនាទីក្នុងការទប់ស្កាត់សក់ខូចដែលបណ្តាលមកពីថ្នាំពណ៍សក់ឬថ្នាំអ៊ុតសក់ផ្សេងៗដែលសម្បូរទៅដោយជាតិគីមី។ ផ្លែប័រសម្បូរទៅដោយ Omega-3 fatty acids ដែលផ្តល់ពន្លឺនិងភាពទន់រលោងដល់សរសៃសក់។ អ្នកគ្រាន់តែលាយផ្លែប័រកន្លះផ្លែ ប្រេងអូលីវ១ស្លាបព្រាបាយ ទឹកឃ្មុំ១ស្លាបព្រាបាយ ច្របល់ចូលគ្នាជាល្បាយរួចយកមកលាបលើស្បែកក្បាល។ បន្ទាប់មក ទុកចោលរយៈពេល២០នាទីសឹមលាងទឹកចេញជាការស្រេច។
៣.ម៉ាសតែបៃតងនិងទឹកខ្មេះប៉ោម
ម៉ាសតែបៃតងនិងទឹកខ្មេះប៉ោមមានប្រសិទ្ធិភាពក្នុងការកម្ចាត់ស្បែកក្បាលរមាស់ឬស្ងួត។ តែបៃតងសម្បូរទៅដោយ antioxidant ដែលអាចជ្រៀតចូលក្នុងស្បែកក្បាលដើម្បីផ្តល់ជាតិសំណើម។ ងាយៗដោយគ្រាន់តែលាយទឹកតែបៃតងមួយកូនកែវជាមួយនឹងទឹកខ្មេះប៉ោមមួយស្លាបព្រាបាយ រួចយកមកម៉ាស្សាលើស្បែកក្បាលរយៈពេល៥នាទីចាំលាងចេញ។
៤.ម៉ាសពងមាន់
ម៉ាសពងមាន់គឺសាកសមបំផុតសម្រាប់អ្នកដែលមានបញ្ហាសក់ឆាប់ឡើងប្រេង។ ការធ្វើម៉ាសនេះគឺយកតែផ្នែកសនៃពងមាន់ទេព្រោះវាមានជាតិអង់សុីមដែលជួយកម្ចាត់ការឡើងប្រេងទាំងនោះ។ អ្នកគ្រាន់តែយកពងមាន់ផ្នែកសលាយជាមួយនឹងទឹកក្រូចឆ្មាកន្លះផ្លែ រួចយកមកលាបលើសក់ពីគល់ដល់ចុងហើយទុកចោលពី៣០នាទីទៅ១ម៉ោងសឹមលាងទឹកចេញ។
៥.ម៉ាស Baking Soda
ម៉ាស Baking Soda មានតួនាទីក្នុងការកម្ចាត់អង្កែនិងធ្វើឱ្យសក់មានទម្ងន់ជាងមុន។ អ្នកគ្រាន់តែបន្ថែមម្សៅ Baking Soda បន្តិច ចូលជាមួយនឹងសាប៊ូកក់សក់របស់អ្នកនៅពេលកក់សក់ រួចម៉ាស្សាថ្នមៗពីពីរទៅបីនាទី ហើយលាងសម្អាតចេញជាមួយទឹកស្អាតជាការស្រេច៕
ប្រភព ៖ បរទេស