សៀវភៅកំណាព្យស្រ្តីកម្ពុជា «​ ពុកម៉ែខ្ញុំស្រី​ » បានបោះពុម្ពជាស្ថាពរហើយ

សៀវភៅកំណាព្យស្រ្តីកម្ពុជា «​ ពុកម៉ែខ្ញុំស្រី​ » បានបោះពុម្ពជាស្ថាពរហើយ​ ដោយនឹងធ្វើការដាក់សម្ពោធនៅថ្ងៃសៅរ៍ ទី ១ ខែតុលា ឆ្នាំ​ ២០២២​ នេះ ចាប់ពីម៉ោង ៥ ដល់ ៧ យប់ នៅផ្ទះមេត្តា (មេត្តាហៅស៍)។ ដោយសៀវភៅកំណាព្យស្រ្តីកម្ពុជា ដែលបានបោះពុម្ពនេះ បានផ្តើមគំនិត និងផ្តល់ថវិកាពីមូលនិធិ Heinrich Böll Stiftung Cambodia

305277253_10230401724253363_2560384724075724897_n

មានសំណួរជាច្រើនអំពីចំណងជើង សៀវភៅកំណាព្យស្រ្តីកម្ពុជា «​ ពុកម៉ែខ្ញុំស្រី​ » មួយនេះ​ ដោយការពិតទៅ វាគឺជារឿងរ៉ាវមួយរបស់កូន ដែលចិញ្ចឹមបីបាច់ដោយម្តាយពីររូប ជាស្រ្តីស្រលាញ់ស្រ្តី​ ។​ បន្ថែមពីនេះ​ កំណាព្យនេះក៏បានរៀបរាប់អំពីការរឹតត្បិតសេរីភាព និងការរើសអើងមកលើពួកគេ និងកូនៗរបស់ពួកគេ ពីសំណាក់បងប្អូន មិត្តភក្តិ សហគមន៍ និងសង្គមផងដែរ ។

1111

អ្នកស្រី សូ ភីណា ជាអ្នកគ្រប់គ្រងគម្រោងបានរៀបរាប់ថា​ ៖​ « មុននឹងគម្រោងកំណាព្យស្រ្តីកម្ពុជាបានផ្តួចផ្តើមឡើង ខ្ញុំបានសហការរៀបចំកម្មវិធីអំណានជារឿយៗ ដើម្បីលើកកម្ពស់ការសរសេរ អាន និងគុណតម្លៃនៃកំណាព្យ និងអក្សរសិល្ប៍ជារួម។ មានអ្នកគាំទ្រកំណាព្យម្នាក់ ដែលតែងតែចូលរួម កម្មវិធីអំណាននេះ បានសុំជួប និងផ្តួចផ្តើមអំពីគម្រោងកំណាព្យនេះ កាលពីខែមករា ឆ្នាំ ២០២១។ បន្ទាប់ពីនោះមក ខ្ញុំបានដាក់ស្នើគម្រោង និងទទួលបានមូលនិធិ ដើម្បីអនុវត្តគម្រោងនេះ រហូតទទួលបានលទ្ធផលជាកម្រងកំណាព្យស្រ្តីកម្ពុជាមួយក្បាលនេះ ដែលមានស្រ្តីចំនួន ៣៩ នាក់ និងកំណាព្យចំនួន ៦២ កំណាព្យ ដែលក្នុងនោះរួមមានកំណាព្យប្រពៃណី និងពាក្យរាយមួយចំនួនផងដែរ​​ » ។

ក្រៅពីការប្រមូល ចងក្រង និងបោះពុម្ពសៀវភៅកម្រងកំណាព្យនេះ គម្រោងកំណាព្យស្រ្តីកម្ពុជាក៏មានសកម្មភាពដូចជា សិក្ខាសាលាកំណាព្យ មហោស្រពកំណាព្យតូច សួនកំណាព្យនៅមហោស្រពអក្សរសិល្ប៍ខ្មែរលើកទី៥ នៅខេត្តពោធិ៍សាត់ និងកម្មវិធីអំណាននៅតាមបណ្តាខេត្តមួយចំនួនផងដែរ។

អ្នកស្រី ភីណា ក៏បានបញ្ជាក់បង្ហាញដែរថា ក្រៅពីមូលនិធិ Heinrich Boll Foundation នៅមានបុគ្គល មួយចំនួន ដែលចូលរួមចំណែកជួយឱ្យសៀវភៅនេះបានកើតឡើងគឺ លោក Ali Al-Nasani ដែលបានផ្តួចផ្តើមគំនិត, ឡាយ ឈុនយី ដែលបានរចនាគំនូរលើក្របសៀវភៅ​, សិល្បករ តាន់ វត្តី ដែលបានរចនាកំណាព្យ និងសៀវភៅនេះប្រកបដោយស្នាដៃសិល្បៈ និងកវី ជិន មាស ដែលបានជួយប្រឹក្សាយោបល់ កែសម្រួលកំណាព្យឱ្យកាន់តែមានសោភ័ណ និងលោក សូ សឿន និង រ៉ាត់ ទី ដែលបានជួយអាន​ និងពិនិត្យអក្ខរាវិរុទ្ធ និងមិត្តភក្តិមួយចំនួនទៀត ដែលបានផ្ញើសារមកជួយកែលម្អសៀវភៅនេះ។

301785393_10230315387855007_3820129065584263788_n

សូមជម្រាបផងដែរថា នៅក្នុងកម្មវិធីនេះ នឹងមានការអានកំណាព្យពីស្រ្តី​ ដែលបានដាក់បញ្ចូលកំណាព្យនៅក្នុងកម្រងកំណាព្យនេះ ការជជែកអំពីការរចនាកំណាព្យ ក្របសៀវភៅ និងគុណតម្លៃរួមនៃសៀវភៅនេះ។ សូមអញ្ជើញចូលរួមឱ្យបានច្រើនកុះករ​ !

ប្រភព៖​ Phina So

ប្រែសម្រួលអត្ថបទ​៖​ Kavei - The Writer

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ Writers

Avatar photo

Tel: