ដើម្បីការពារការប្រមូលផ្តុំជាតិខ្លាញ់លើស និងជួយសម្រកទម្ងន់យ៉ាងមានប្រសិទ្ធភាព សូមមើលវិធីសាស្រ្តងាយៗទាំង ៥ ដូចខាងក្រោមនេះ៖
ផ្លាស់ប្តូររបបអាហារ៖ វិធីសាមញ្ញ និងមានប្រសិទ្ធភាពបំផុតមួយក្នុងការសម្រកទម្ងន់ និងជំរុញការដុតបំផ្លាញជាតិខ្លាញ់ក្នុងរាងកាយគឺការផ្លាស់ប្តូររបបអាហារពិតជាសំខាន់ណាស់។ អ្នកអាចបរិភោគបន្លែជាច្រើនប្រភេទ ជំនួសអង្ករស នំបុ័ងពណ៌ស ផ្តល់អាទិភាពដល់ការប្រើប្រាស់អាហារសម្បូរប្រូតេអ៊ីន និងខ្លាញ់មានប្រយោជន៍ ជំនួសឱ្យអាហាររហ័ស កាត់បន្ថយជាតិស្ករ និងអំបិលក្នុងរបបអាហារ និងកំណត់ការប្រើប្រាស់ភេសជ្ជៈមានជាតិអាល់កុលផ្សេងៗ។
ហាត់ប្រាណយ៉ាងសកម្ម៖ ជំនួសឱ្យការអង្គុយមួយកន្លែង អ្នកគួរតែធ្វើខ្លួនឲ្យមានភាពសកម្ម។ ជាឧទាហរណ៍ ប្រសិនបើកន្លែងស្នាក់នៅជិតកន្លែងធ្វើការ អ្នកអាចជ្រើសរើសដើរ ឬជិះកង់ ជាជាងទៅដោយម៉ូតូ ឬឡាន ដើម្បីលើកកម្ពស់ការសម្រកទម្ងន់ឲ្យបានលឿនបំផុត។ ម្យ៉ាំងទៀត ការដើរហាត់ប្រាណជាមួយសត្វចិញ្ចឹមក៏ជួយអ្នករក្សាសុខភាពបានល្អ ភាពបត់បែននៃរាងកាយ និងសម្រកទម្ងន់យ៉ាងមានប្រសិទ្ធភាព។
ញាំអាហារចម្អិននៅផ្ទះ៖ ការទទួលទានអាហារដែលបានចម្អិននៅផ្ទះ នឹងផ្តល់ឱ្យអ្នកនូវការគ្រប់គ្រងកាន់តែច្រើនលើរបបអាហារ។ អ្នកអាចជ្រើសរើសអាហារស្រស់ៗ និងឆ្ងាញ់ដែលសមស្របនឹងតម្រូវការរបស់អ្នក ហើយក្នុងពេលតែមួយជ្រើសរើសវិធីកែច្នៃដែលមានសុខភាពល្អ កែសម្រួលគ្រឿងទេសឱ្យសមស្រប កុំបន្ថែមសារធាតុបង្កគ្រោះថ្នាក់ទៅក្នុងម្ហូបដាច់ខាត។ លើសពីនេះ ការចម្អិនអាហារក៏ជាសកម្មភាពដែលជួយអ្នកដុតកាឡូរីផងដែរ (ការចម្អិនអាហាររយៈពេល ៣៣ នាទី រាងកាយអាចដុតបំផ្លាញ ១០០ កាឡូរី)។
ចូលគេងឱ្យលឿន៖ ដើម្បីញ៉ាំតិច និងមិនឃ្លានអាហារឥតប្រយោជន៍អំឡុងពេលយប់ អ្វីដែលអ្នកត្រូវធ្វើគឺរក្សាទម្លាប់គេងឱ្យបានលឿនដើម្បីទទួលបានសុខភាពល្អ។ នៅពេលដែលអ្នកគេងបានគ្រប់គ្រាន់ និងគេងលក់ប្រកបដោយគុណភាព នោះរាងកាយរបស់អ្នកនឹងកាត់បន្ថយការសំងាត់នៃអរម៉ូនដែលបណ្តាលឱ្យឃ្លាន ជាពិសេសអាហារដែលមិនផ្តល់សុខភាព។ លើសពីនេះ ពេលគេង រាងកាយក៏នឹងដុតបំផ្លាញកាឡូរីមួយចំនួនផងដែរ ដូច្នេះ ការចូលគេងឱ្យបានឆាប់ និងក្រោកពីដំណេកឱ្យទាន់ពេលវេលា ក៏ជួយឱ្យសរីរាង្គក្នុងរាងកាយធ្វើការបានល្អប្រសើរ បង្កើនការរំលាយអាហារ និងកម្រិតការប្រមូលផ្តុំជាតិខ្លាញ់លើស។
ផឹកទឹកមុនពេលញាំអាហារ៖ មនុស្សម្នាក់ៗត្រូវផឹកទឹក ១.៥-២.៥ លីត្រ/ថ្ងៃ ការផឹកទឹកឱ្យបានគ្រប់គ្រាន់នឹងជួយឱ្យរាងកាយរំលាយអាហារបានល្អប្រសើរ ២៤-៣០% ក្នុងរយៈពេល ១-១.៥ ម៉ោង ដូច្នេះការដុតកាឡូរីក៏នឹងប្រព្រឹត្តទៅបានល្អប្រសើរផងដែរ។ ការផឹកទឹកប្រហែល ៣០ នាទីមុនពេលអាហារនឹងជួយឱ្យអ្នកញ៉ាំតិច បង្កើនសមត្ថភាពសម្រកទម្ងន់។ លើសពីនេះ ការយកដបទឹកទៅជាមួយគ្រប់ទីកន្លែង ក៏អាចជួយឱ្យអ្នកគ្រប់គ្រងការហូបចុករបស់អ្នកបានប្រសើរជាងមុន។
ប្រភព៖ បរទេស