ទៅជួបពេទ្យជាបន្ទាន់ បើភ្ញាក់ពីដំណេកញឹកញាប់ចំពេលវេលាមាស ២ នេះ អ្នកកំពុងផ្ដល់ឱកាសឲ្យថ្លើមរងទុក្ខហើយ

យោងទៅតាមនាឡិកាជីវសាស្រ្ត និយាយថា ចាប់ពីម៉ោង ១១ យប់ដល់ម៉ោង ១ ព្រឹក អំឡុងពេលដែលរាងកាយបានសម្រាក ថ្លើមនឹងធ្វើការងារបន្សាបជាតិពុល យកកាកសំណល់ចេញពីរាងកាយ ថែមទាំងបានប្រើប្រាស់សារធាតុចិញ្ចឹមឱ្យបានពេញលេញទៀតផង។ ចាប់ពីម៉ោង ១ ព្រឹកដល់ម៉ោង ៣ ទៀបភ្លឺ ថង់ទឹកប្រមាត់ក្នុងថ្លើមជួយឱ្យរាងកាយរំលាយជាតិខ្លាញ់ ខ្លាញ់អាក្រក់ កូលេស្តេរ៉ុលក្នុងអាហារ និងក្នុងឈាម។ លើសពីនេះ ថ្លើមនឹងបំពេញតួនាទីទាំងអស់នេះ បានល្អបំផុតនៅពេលដែលរាងកាយស្ថិតក្នុងស្ថានភាពនៃការគេង។

នៅវេលាម៉ោង ១-៣ ព្រឹក ប្រសិនបើរាងកាយមិនបានសម្រាកទេនោះ ថ្លើមនឹងមិនដំណើរការ និងសម្រាកប្រកបដោយប្រសិទ្ធភាពទេ ដែលធ្វើឲ្យប៉ះពាល់ដល់កោសិកា និងបណ្តាលឱ្យខ្វះឈាមនៅក្នុងថ្លើម។ ហេតុដូចនេះ អ្នកគួរតែប្រយ័ត្ន ទៅលើពេលវេលា ២ ដូចខាងក្រោមនេះ ឲ្យមែនទែន៖

១. នៅវេលាម៉ោង ១ ព្រឹក

ប្រសិនបើអ្នកឧស្សាហ៍ក្រោកពីដំណេកនៅម៉ោងមួយព្រឹក នោះមានន័យថា អ្នកបានផ្ដល់ឱកាសដល់ថ្លើមរបស់អ្នករងទុក្ខយ៉ាងខ្លាំង ដោយសារតែក្នុងអំឡុងពេលនេះ qi រាងកាយនិងឈាម មានទំនាក់ទំនងគ្នា។ ជាងនេះទៀត ការ​ដែល​អ្នក​តែង​តែ​ភ្ញាក់​ពី​ដំណេក​អំឡុងពេលម៉ោងមួយព្រឹក អាច​ដោយ​សារ​រាងកាយ​​ចុះខ្សោយ​ ដែលជា​ហេតុធ្វើ​ឱ្យ​មុខងារ​ថ្លើម​ធ្លាក់​ចុះផងដែរ។ ជាពិសេសជាងនោះ ក្នុងករណីដែលលាមករបស់អ្នកមានឈាមញឹកញាប់ ពិបាកក្នុងការដេកលក់ គួរតែស្វែងយល់ដោយប្រុងប្រយ័ត្នជាមួយគ្រូពេទ្យជំនាញ ថាតើវាបណ្តាលមកពីការខូចខាតថ្លើមឬអត់។

២. នៅវេលាម៉ោង ៣ ព្រឹក

ចាប់ពីម៉ោង ១១ យប់ដល់ម៉ោង ៣ ព្រឹក ជាពេលវេលាល្អបំផុតដើម្បីឲ្យថ្លើមសម្រាក និងស្តារថាមពលឡើងវិញ ប៉ុន្តែប្រសិនបើអ្នកក្រោកពីដំណេកនៅម៉ោង ៣ ទៀបភ្លឺទៀងទាត់ ថ្លើមនឹងមិនមានឱកាសបន្សាបជាតិពុលឡើយ ជាហេតុធ្វើឱ្យរាងកាយមានជាតិពុលជាច្រើន ធ្វើឱ្យកាកសំណល់កកកុញ ហើយរយៈពេលយូរនឹងគំរាមកំហែងដល់សុខភាពរបស់អ្នកជាក់ជាមិនខាន។

*តើអ្វីដែលល្អសម្រាប់ថ្លើម?

អ្នកគួរតែមានតុល្យភាពរវាងពេលសម្រាក ការងារ និងពេលទំនេរ ការ​បោះបង់​ទម្លាប់​គេង​យប់​ជ្រៅដែលប៉ះពាល់​ផ្ទាល់​ដល់​សុខភាព​ថ្លើម។ ជារៀងរាល់ថ្ងៃ អ្នកគួរតែចូលគេងមុនម៉ោង ១០យប់ ដើម្បីជួយឲ្យអ្នកបានគេងលក់ស្រួលនៅចន្លោះម៉ោង ១១យប់ ដល់ម៉ោង ៣ ទៀបភ្លឺ ព្រោះនេះជាពេលវេលាដ៏ល្អបំផុតក្នុងការចិញ្ចឹមឈាមក្នុងថ្លើម និងបន្ថែមថាមពលដល់ថ្លើម។

ប្រសិនបើអ្នកមានបញ្ហាក្នុងការគេង ចូរកំដៅខ្លួនមុនពេលដេកលើគ្រែ ដោយត្រាំជើងរបស់អ្នកក្នុងអាងទឹកក្តៅ ដើម្បីបង្កើនចរន្តឈាម កែតម្រូវ​សីតុណ្ហភាព​ក្នុង​បន្ទប់​ឱ្យ​បាន​សមរម្យ បង្កើត​កន្លែង​ត្រជាក់ និង​ខ្យល់អាកាស​នឹង​ជួយ​ឱ្យ​អ្នក​គេង​កាន់តែ​ស្រួល។ ពេលគេង អ្នកមិនគួរស្លៀកសម្លៀកបំពាក់តឹង តឹង ដែលបណ្តាលឱ្យមិនស្រួល និងថប់អារម្មណ៍នោះទេ ផ្ទុយទៅវិញ ត្រូវស្លៀកសម្លៀកបំពាក់រលុង និងស្រួលខ្លួន ដែលនឹងជួយឱ្យអ្នកមានអារម្មណ៍ស្រួលក្នុងការគេង។

ប្រសិនបើការងាររបស់អ្នកតម្រូវឱ្យអ្នកចូលគេងយប់ជ្រៅ និងធ្វើការនៅពេលយប់ អ្នកត្រូវផ្តួចផ្តើមគំនិតដើម្បីការពារសុខភាពរបស់អ្នក និងការពារការពុលថ្លើម ដោយជ្រើសរើសប្រភពអាហារស្អាតដោយប្រុងប្រយ័ត្ន ញ៉ាំឆ្អិន និងផឹកទឹកឆ្អិន កំណត់ជាតិអាល់កុល និងបង្កើនកម្រិតថាមពល។ ការបំពេញបន្ថែមជាមួយនឹងសារធាតុចិញ្ចឹមត្រឹមត្រូវ ជួយគ្រប់គ្រងកោសិកា ការពារពីការធ្វើការងារហួសប្រមាណ និងបំផ្លាញថ្លើម ដែលជាសរីរាង្គធំបំផុតក្នុងរាងកាយមានទម្ងន់រហូតដល់ ១.៥ គីឡូក្រាម និងរក្សាមុខងារសំខាន់ៗជាច្រើនដើម្បីជួយអ្នកឱ្យមានសុខភាពល្អខ្លាំង៕

ប្រភព៖ បរទេស