យោងតាមអ្នកជំនាញអាហារូបត្ថម្ភ បង្ហាញថា ស្ពៃក្តោបជាប្រភេទបន្លែដែលផ្តល់សារធាតុចិញ្ចឹមជាច្រើនដល់មនុស្សគ្រប់គ្នា។ ហើយសារធាតុចិញ្ចឹងទាំងអស់នេះហើយដែលមនុស្សម្នាក់ត្រូវការ ដើម្បីបំពេញមុខងារ អភិវឌ្ឍ ពង្រឹងភាពស៊ាំ នោះរួមមាន កាល់ស្យូម ផូស្វ័រ ជាតិដែក ការ៉ូទីន ប្រូតេអ៊ីន កាបូអ៊ីដ្រាត វីតាមីន និងជាតិសរសៃ។
យ៉ាងណាមិញ ទោះបីជាបន្លែដែលល្អដល់សុខភាពមែន ប៉ុន្តែសម្រាប់មនុស្ស ៤ ក្រុមនេះ គួរតែកំណត់ការទទួលទានស្ពៃក្តោបឲ្យបានត្រឹមត្រូវ៖
អ្នកដែលមានជំងឺពកក៖ ទោះបីជាស្ពៃក្តោបជាបន្លែដែលមានសារធាតុចិញ្ចឹមជាច្រើនមែន ប៉ុន្តែពួកវាក៏មានផ្ទុកសារធាតុ goitrin ដែលជាសារធាតុមានឥទ្ធិពលប្រឆាំងអុកស៊ីតកម្ម អាចបណ្តាលឱ្យពកក។ ដូច្នេះហើយ អ្នកដែលមានជំងឺក្រពេញទីរ៉ូអ៊ីត ឬពកក មិនគួរទទួលទានស្ពៃក្តោបទេ ព្រោះវាអាចនឹងធ្វើឱ្យក្រពេញទីរ៉ូអ៊ីត ឬពកករីកកាន់តែធំ។
ម្យ៉ាងទៀត អ្នកដែលមានជំងឺពកក ឬជំងឺក្រពេញទីរ៉ូអ៊ីត គួរតែទទួលទានស្ពៃក្តោបក្នុងបរិមាណតិចតួច ប្រហែល ២ ដងក្នុងមួយសប្តាហ៍ ដើម្បីមានសុវត្ថិភាព ហើយគួរចម្អិនស្ពៃក្តោបឱ្យបានហ្មត់ចត់ ដើម្បីកុំឱ្យសមាសធាតុនៃពកកត្រូវបំផ្លាញ។
អ្នកដែលមានប្រព័ន្ធរំលាយអាហារមិនល្អ៖ ស្ពៃក្តោប ជាបន្លែមានជាតិសរសៃច្រើន ល្អខ្លាំងណាស់សម្រាប់អ្នកដែលមានបញ្ហាទល់លាមក។ ប៉ុន្តែសម្រាប់អ្នកដែលមានបញ្ហាក្រពះឬរាគ មិនគួរទទួលទានច្រើននោះទេ ព្រោះ បន្លែទាំងនេះអាចធ្វើអោយស្ថានភាពកាន់តែធ្ងន់ធ្ងរ និងពិបាកក្នុងការព្យាបាល។
លើសពីនេះ ស្ពៃក្តោបងាយស្រួលផលិតឧស្ម័ន ដែលងាយធ្វើឱ្យហើមពោះ ប្រសិនបើបរិភោគឆៅ។ ដូច្នេះអ្នកដែលឈឺក្រពះ ឬហើមពោះ គួរតែកំណត់ការទទួលទានស្ពៃក្តោបឆៅ ប៉ុន្តែបើចម្អិនឲ្យបានឆ្អិនរិតតែល្អចំពោះសុខភាព។
អ្នកមានជំងឺតម្រងនោម៖ តាមការស្រាវជ្រាវរបស់អ្នកជំនាញ សមាសភាពនៃបន្លែស្ពៃក្តោបមានអាស៊ីត oxalic ច្រើនណាស់ ។ ប្រសិនបើមនុស្សទទួលទានច្រើនពេក បរិមាណអាស៊ីត oxalic នេះអាចរួមផ្សំជាមួយនឹងសារធាតុចិញ្ចឹមសំខាន់ៗនៅក្នុងរាងកាយដូចជា កាល់ស្យូម ម៉ាញ៉េស្យូម ជាតិដែក ប៉ូតាស្យូម ដើម្បីបង្កើតជាអំបិល oxalate ។ នៅពេលដែលកាល់ស្យូម oxalate ចូលក្នុងតម្រងនោម បង្កើតជាគ្រួសក្នុងតម្រងនោមបាន ដូច្នេះ អ្នកជំងឺខ្សោយតម្រងនោមមិនគួរទទួលទានស្ពៃក្តោបទេ។
អ្នកដែលមានជំងឺផ្ដាសាយ៖ អ្នកដែលមានសុខភាពខ្សោយ មានដៃជើងត្រជាក់ ឬមានបញ្ហាទាក់ទងនឹងជំងឺផ្តាសាយ មិនគួរទទួលទានស្ពៃក្តោបទេ ព្រោះវានឹងធ្វើឱ្យជំងឺកាន់តែធ្ងន់ធ្ងរ។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកនៅតែចង់ញ៉ាំស្ពៃក្តោប អ្នកអាចបន្ថែមខ្ញីដែលបុករួច និងស្ងោរទៅក្នុងស្ពៃក្តោប ដើម្បីបន្សាបភាពត្រជាក់នៅក្នុងស្ពៃក្តោប។
ប្រភព៖ បរទេស