អំឡុងពេលមានផ្ទៃពោះ រាងកាយរបស់ស្ត្រីមានការប្រែប្រួលជាច្រើន ដែលជះឥទ្ធិពលយ៉ាងខ្លាំងដល់ផ្លូវចិត្ត និងសុខភាពរាងកាយរបស់នាង។ ការឈឺចាប់ទ្វារមាស ការហត់នឿយ ការធ្លាក់ទឹកចិត្តក្រោយឆ្លងទន្លេ ខ្លាំងពេក ក៏ជាហេតុធ្វើឲ្យស្ត្រីបាត់បង់ចំណាប់អារម្មណ៍លើការរួមភេទផងដែរ៖
*តើវាជារឿងធម្មតាទេដែលស្រ្តីមិនចង់រួមភេទបន្ទាប់ពីមានកូន?
ការថយចុះចំណង់ផ្លូវភេទក្រោយពេលសម្រាលកូនគឺជារឿងធម្មតា ហើយអារម្មណ៍មួយនេះអាចមានរយៈពេលជាច្រើនខែទៀតផង។ នៅក្នុងការសិក្សាលើស្ត្រីក្រោយសម្រាលបង្ហាញថា ២០% មានចំណង់ផ្លូវភេទតិចតួចឬគ្មានរហូតដល់រយៈពេល ៣ ខែបន្ទាប់ពីសម្រាលកូន ហើយ ២១% ទៀតបាត់បង់ចំណង់ផ្លូវភេទទាំងស្រុង ឬមិនចូលចិត្តសកម្មភាពផ្លូវភេទ។
ទាំងនេះជាកត្តាចម្បងមួយចំនួនដែលនាំឱ្យស្រ្តីមិនចង់រួមភេទក្រោយពេលសម្រាលកូន៖
១.ការថែទាំកុមារ
នេះគឺជាកត្តាទី១ ដែលចំណង់ផ្លូវភេទរបស់ស្រ្តីត្រូវប្រកួតប្រជែងជាមួយនឹងភាពអស់កម្លាំងដ៏លើសលប់ដែលបណ្តាលមកពីការថែទាំទារកទើបនឹងកើត។ ដោយសារទារកទើបនឹងកើតត្រូវការការយកចិត្តទុកដាក់ពេញម៉ោង និងការទំនាក់ទំនងរាងកាយច្រើន។
២. ការផ្លាស់ប្តូរអ័រម៉ូន
រាងកាយស្ត្រីបានធូរស្បើយពីការសម្រាលកូនហើយ ប៉ុន្តែការផ្លាស់ប្តូរអ័រម៉ូនសំខាន់ៗកំពុងកើតឡើង ដែលអាចធ្វើអោយអ្នកមានអារម្មណ៍ថា មិនមានតុល្យភាព។ ម្យ៉ាងទៀត ស្ត្រីក្រោយសម្រាលក៏អាចបារម្ភថា ការរួមភេទនឹងមានការឈឺចាប់ ហើយការរួមភេទម្តងទៀតក្រោយពេលសម្រាលកូនគឺមិនស្រួល។
ការបំបៅកូនដោយទឹកដោះម្តាយអាចដើរតួនាទីយ៉ាងសំខាន់ក្នុងការកាត់បន្ថយចំណាប់អារម្មណ៍ផ្លូវភេទ ព្រោះនៅពេលបំបៅកូនដោយទឹកដោះម្តាយ កម្រិតនៃអរម៉ូនអ៊ឹស្ត្រូសែនក្នុងរាងកាយថយចុះហើយបានធ្វើឲ្យប៉ះពាល់ដល់ជាលិកាទ្វារមាស។
៣. ព្រួយបារម្ភអំពីការមានផ្ទៃពោះម្តងទៀត
នេះជាកត្តាមួយដែលបានធ្វើឲ្យស្រ្តីមានការភ័យខ្លាចខ្លាំងដោយមិនដឹងខ្លួន ឬមានការមិនស្រណុកចិត្តក្នុងការមានផ្ទៃពោះ និងការចិញ្ចឹមកូនម្តងទៀត។
*តើស្ត្រីអាចរួមភេទបានរយៈពេលប៉ុន្មានក្រោយសម្រាលកូនរួច?
ទាំងអស់គឺអាស្រ័យលើស្ត្រីខ្លួនឯង និងស្ថានភាពនៃសុខភាពផ្លូវកាយ និងផ្លូវចិត្ត ប៉ុន្តែបើតាមសម្ភព និងរោគស្ត្រី ពន្យល់ណែនាំថា ស្ត្រីក្រោយសម្រាល ឱ្យរង់ចាំប្រហែល ៤-៦ សប្តាហ៍ក្រោយសម្រាល ដោយមិនគិតពីវិធីសម្រាល ដើម្បីរួមភេទ។
ការរួមភេទពិតជាមិនមានសុវត្ថិភាពទេ ប្រសិនបើការរួមភេទពាក់ព័ន្ធនឹងការជ្រៀតចូលរហូតដល់យ៉ាងហោចណាស់ពីរសប្តាហ៍បន្ទាប់ពីការសម្រាល។ ពីរសប្តាហ៍ដំបូងក្រោយពេលសម្រាលបានផ្តល់ពេលវេលាដល់រាងកាយដើម្បីព្យាបាល និងស្តាររាងកាយរបស់ស្ត្រីឡើងវិញក្រោយពេលសម្រាលកូន។ ដោយសារ ស្ត្រីក្រោយសម្រាលតែងតែហូរឈាម និងមានហានិភ័យនៃការហូរឈាម ឬការឆ្លងមេរោគក្នុងស្បូនជាដើម។
ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើស្ត្រីមានស្នាមដេរ ការវះកាត់ ឬការវះកាត់រោគស្ត្រីនោះ គួរតែរង់ចាំរហូតដល់ ៦ សប្តាហ៍បន្ទាប់ពីការទៅពិនិត្យក្រោយពេលសម្រាល។
ប្រសិនបើស្ត្រីក្រោយសម្រាលកូននៅតែមិនទាន់ត្រៀមខ្លួនដើម្បីបន្តជីវិតផ្លូវភេទឡើងវិញ សូមទុកពេលឱ្យខ្លួនឯងសម្រាកដើម្បីសម្របខ្លួនទាំងផ្លូវកាយ និងអារម្មណ៍ទៅនឹងតម្រូវការនៃការថែរក្សាកូនរបស់អ្នក ហើយមិនចាំបាច់ប្រញាប់ប្រញាល់រួមភេទរហូតដល់អ្នកមានអារម្មណ៍ត្រៀមខ្លួនរួចរាល់។ យូរៗទៅ ការរួមភេទអាចមានភាពស្កប់ស្កល់ដូចកាលពីមុនអ្នកមានកូនដែរ៕
ប្រភព៖ បរទេស