អ្នកជំនាញឥណ្ឌា បង្ហើបថា មានមនុស្សតិចណាស់ដែលដឹងថា ការទទួលទានចេកជារៀងរាល់ថ្ងៃ ជួយឱ្យរាងកាយមានសុខភាពល្អ បំពេញបន្ថែមដោយវីតាមីន និងមានសារធាតុចិញ្ចឹមចាំបាច់ផងដែរ។
ប៉ុន្តែទោះជាយ៉ាងនេះក្ដី អ្នកមិនគួរញ៉ាំចេកច្រើនពេកក្នុងមួយថ្ងៃនោះទេ ដោយមនុស្សម្នាក់គួរតែទទួលទានចេក ១ ទៅ ២ផ្លែក្នុងមួយថ្ងៃបានហើយ។ ព្រោះការញាំច្រើនលើសលប់ ចេកក៏អាចនាំឱ្យឡើងទម្ងន់ ឬខ្វះសារធាតុចិញ្ចឹមផ្សេងទៀតក្នុងរាងកាយ។ ខាងក្រោមនេះជាអត្ថប្រយោជន៍ដ៏អស្ចារ្យនៃការទទួលទានចេក ១ ផ្លែក្នុងមួយថ្ងៃ ដែលអ្នកមិនគួររំលង៖
១. ល្អសម្រាប់ពោះវៀន
ផ្លែចេក ជាប្រភេទអាហារដែលមានសារធាតុធន់នឹងម្សៅ ជួយផលិតអាស៊ីតខ្លាញ់ក្នុងពោះវៀនបានល្អ។ ដូច្នេះ ការទទួលទានចេក ១ ផ្លែក្នុងមួយថ្ងៃ នឹងផ្តល់សារធាតុចិញ្ចឹមគ្រប់គ្រាន់ ជួយឱ្យពោះវៀនមានស្ថេរភាព។
២. ស្រកទម្ងន់
ការទទួលទានចេកជារៀងរាល់ថ្ងៃ ជួយអ្នកសម្រកទម្ងន់បានយ៉ាងងាយ ដោយសារចេកសម្បូរជាតិសរសៃ និងប្រូតេអ៊ីនទើបធ្វើឱ្យអ្នកមានអារម្មណ៍ឆ្អែតបានយូរ។ ផ្លែឈើនេះជាអាហារមួយក្នុងចំណោមអាហារល្អបំផុតទាំង ២០ ក្នុងការសម្រកទម្ងន់។ ដូច្នេះ ចូរបន្ថែមចេក ១ ផ្លែទៅក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នក ដើម្បីទទួលបានរាងស្អាតដូចអ្វីដែលអ្នកចង់បាន។
៣. ស្បែកស្រស់ស្អាត
វីតាមីន និងសារធាតុចិញ្ចឹមនៅក្នុងផ្លែចេក ដូចជា ម៉ង់ហ្គាណែស មានសមត្ថភាពខ្ពស់ក្នុងការជួយបង្កើនសារធាតុ Collagen នៅក្នុងស្បែកយ៉ាងមានប្រសិទ្ធភាព។ ហេតុដូច្នោះ ដើម្បីទទួលបានស្បែកស្អាត គ្មានមុន បំបាត់ស្នាមជ្រួញ អ្នកគួរតែទទួលទានចេក ១ ផ្លែក្នុងមួយថ្ងៃជាប្រចាំ។
៤. បង្កើនថាមពល
ការទទួលទានចេកជារៀងរាល់ថ្ងៃ អាចជួយឱ្យអ្នកភ្ញាក់ពីគេងពោរពេញដោយថាមពល ជាពិសេសមុន និងក្រោយពេលហាត់ប្រាណ។
៥. ល្អសម្រាប់បេះដូង
បរិមាណប៉ូតាស្យូមច្រើននៅក្នុងផ្លែចេក ជួយឱ្យបេះដូង និងសម្ពាធឈាមមានសុខភាពល្អ។ ហេតុនេះ របបអាហារសម្បូរប៉ូតាស្យូមជាមួយចេក ១ ផ្លែក្នុងមួយថ្ងៃនឹងកាត់បន្ថយហានិភ័យនៃជំងឺបេះដូងបាន ២៧% ផងដែរ។
៦. ជួយឱ្យភ្នែកមានសុខភាពល្អ
មិនត្រឹមតែការ៉ុតប៉ុណ្ណោះទេ ផ្លែចេកក៏ជាអាហារដែលជួយពង្រឹងដល់ភ្នែករបស់អ្នកផងដែរ ជាពិសេសវីតាមីន A នៅក្នុងផ្លែចេកនឹងជួយអ្នកការពារភ្នែក រក្សាចក្ខុវិស័យបានល្អ និងមើលឃើញកាន់តែច្បាស់នៅពេលយប់។
ប្រភព៖ បរទេស