បើមនុស្សប្រុសម្នាក់គ្មានអារម្មណ៍អ្វីទៅកាន់មនុស្សស្រីណាម្នាក់ទេ ពិតណាស់គេមិនខ្វល់ខ្វាយ មិនយកចិត្តទុកដាក់ចំពោះការរស់នៅ ឬរឿងរ៉ាវរបស់នាងនោះឡើយ ទោះជាអផ្សុកយ៉ាងណាក៏គេមិនមកចំណាយពេលវេលា ឬមកសួរនាំអ្នកមុនដែរ។
ផ្ទុយមកវិញ ពេលដែលមនុស្សប្រុសម្នាក់លួចស្រលាញ់អ្នកណាម្នាក់ ពេលដែលមិនបានឃើញនាង គេនៅមិនសុខនោះទេ គេតែងតែចង់ទាក់ទងមកនាងមុន ចង់និយាយរឿងប្រាប់នាង ហើយផ្គាប់ចិត្តនាង។
បើគេចាប់អារម្មណ៍ទៅលើនារីណាហើយនោះ គេនឹងធ្វើទង្វើមើលទៅដូចជាគួរឱ្យធុញទ្រាន់ខ្លាំងណាស់ តែបើសង្កេតមើលឱ្យលម្អិតទៅ ទើបដឹងថានេះមិនមែនដោយសារគេអផ្សុកនោះទេ តាមពិតក្នុងចិត្តគេខ្វល់ខ្វាយពីនារីម្នាក់នោះសោះ។
១. តែងតែសួរសុខទុកនាង ឬមកសួរនាំនាងមុន
ជាធម្មតាមនុស្សប្រុសមិនសូវជាចូលចិត្តរឿងសាំញុំាឡើយ បើមានពេលទំនេរវិញគេមិនដែលមករកមិត្តភក្តិជាមនុស្សស្រីនិយាយគ្នាលេង ឬដើរលេងជាមួយច្រើននោះទេ ពួកគេសុខចិត្តទៅរកមិត្តភក្តិប្រុសៗរបស់គេផឹកស្រា លេងហ្គេមវិញល្អជាង ។
ផ្ទុយមកវិញ ពេលដែលមនុស្សប្រុសម្នាក់នៅជាមួយនារីណាម្នាក់នោះ បើបង្ហាញភាពរីករាយ ចូលចិត្តនៅជិតនាង មិនចង់ឃ្លាពីនាង ហើយពេលដែលបាត់នាងមានអារម្មណ៍ថាអផ្សុកនោះ នេះបង្ហាញឱ្យឃើញគេមាននាងនៅក្នុងចិត្តហើយ។ គេចង់មានវត្តមានរបស់ខ្លួននៅក្នុងកម្មវិធីរបស់នាងជានិច្ច នេះមិនមែនព្រោះតែគេទំនេរ ឬអផ្សុកគ្មានការងារអ្វីនោះទេ ហើយក៏មិនមែនគេអផ្សុកទើបគេមករកនាងដែរ ព្រោះតែគេមិនឃើញនាងទើបគេមានអារម្មណ៍អផ្សុក ព្រោះពេលនោះគេមិនអាចគ្រប់គ្រងអារម្មណ៍របស់គេបានទេ គេចង់ស្តាប់ឮសំឡេងរបស់នាង ចង់ឃើញសាររបស់នាង។
២. ឧស្សាហ៍និយាយថា “អផ្សុក” ចង់ណាត់នាងជួបគ្នា
ក្នុងទំនាក់ទំនងអាចឱ្យយើងដឹងបានថា បើមនុស្សប្រុសមិនដែលណាត់នារីម្នាក់ណាចេញទៅណាជាមួយគ្នា ឬមិនដែលខ្វល់ខ្វាយពីនាង មិនដែលឆាតមកនាងមុន មិនដែលសួរសុខទុក្ខនាងសោះ នេះច្បាស់ណាស់ថាគេមិនបានមានចិត្តចំពោះនាងទេ។ តែបើមនុស្សប្រុសម្នាក់ តែងតែផ្ញើសារមកនាង ហើយក្នុងនោះតែងនិយាយថាគេអផ្សុកណាស់ ចង់ចេញទៅក្រៅ ហើយក៏ចង់បបួលនាងចេញទៅជាមួយ ឬក៏ពេលចេញទៅណាជាមួយមិត្តភក្តិគេ តែងសួរនាងចង់ទៅជាមួយពួកគេឬអត់នោះ នេះអាចបង្ហាញថា ៧០% គេមានាងក្នុងចិត្តហើយ។
៣. ចូលចិត្តលូកលាន់ដៃរឿងរបស់នាង ជួយធ្វើការងារឱ្យនាង
ជាទូទៅ បើមនុស្សប្រុសម្នាក់គ្មានចិត្តចំពោះនារីណាទេ ក៏មិនអាចយកពេលវេលា និងកម្លាំងស្មារតីដាក់លើខ្លួននាងដែរ គេប្រាកដជាមិនខ្វល់ពីនាង ទោះជានាងមានរឿងអ្វីក៏គេមិនលូកដៃដែរ។
ផ្ទុយមកវិញ ពេលដែលគេមានចិត្តស្មោះចំពោះនារីណាម្នាក់ គេប្រាកដជាចង់ជួយនាងដោយអស់ពីចិត្ត បារម្ភពីនាងគ្រប់ពេល រឿងរបស់នាងក៏ដូចជារឿងរបស់គេដែរ ហើយស្ថានភាពការរស់នៅរបស់នាង គឺគេយកចិត្តទុកដាក់យ៉ាងខ្លាំង។
ជួនកាលដោយទង្វើចេះដឹងរបស់គេពេក បានធ្វើឱ្យខាងនារីយល់ថា ប្រហែលជាគេទំនេរពេក ឬអផ្សុកពេកទេដឹង ឬក៏គេ គឺជាមនុស្សចិត្តល្អហើយមើលទៅ តែតាមពិតទៅគេអាចប្រហែលជាធ្វើដាក់នាងតែម្នាក់ក៏ថាបាន៕
អត្ថបទ ៖ Mythical Bird / Knongsrok