មនុស្សស្រីជាច្រើន នៅពេលដែលមានចន្លោះប្រហោង ហើយធ្វើឲ្យខ្លួនឯងពិបាក ពេលខ្លះបុរសជាដៃគូទៅប្រាប់ ទៅណែនាំ បែរជាផ្តល់អារម្មណ៍មកវិញ ថាគេហ្នឹងជាបុរសសុញសាញច្រើន គួរឲ្យធុញ រហូតដល់ពេលខ្លះ មានអារម្មណ៍អន់ចិត្តនឹងគ្នាក៏មាន។
តាមពិតទៅទង្វើទាំង ៥ ខាងក្រោម ប្រសិនពេលនោះ ជាពេលដែលបុរសជាដៃគូបង្ហាញអារម្មណ៍ខឹងមកលើអ្នក នោះស្មើនឹងគេកំពុងស្រលាញ់អ្នកខ្លាំង និងមិនចង់បាត់បង់អ្នកទៅវិញទេ៖
៥) មិនទទួលទានទៀងទាត់
ការរំលងពេលវេលានៃអាហារណាមួយ គឺគ្រោះថ្នាក់ណាស់សម្រាប់សុខភាព ហើយបើវាជាទម្លាប់ ដោយស្រីៗខ្លះគិតរឿងសម្រកទម្ងន់ពេក លែងចង់ទទួលទានអ្វី នោះដូចធ្វើបាបខ្លួនឯងទៅវិញ ហើយបើពេលនោះបុរសជាដៃគូ ខឹង សូមកុំអន់ចិត្តអី។
មានន័យថា គេស្រលាញ់អ្នកពិត បារម្ភពីសុខភាពអ្នក ពុំបានគិតដល់បញ្ហាសម្រកទម្ងន់ឬអត់របស់អ្នកនោះទេ ដូច្នេះជួនខ្លះគួរចេះស្តាប់គេខ្លះផង។
៤) ហួងហែងពេលចូលផ្ទះយប់ជ្រៅ
ដឹងថាពេលខ្លះ គួរមានពេលវេលាសប្បាយម្តងម្កាលនៅខាងក្រៅជាមួយមិត្តភក្តិ ឬមិត្តរួមការងារ តែនៅខាងក្រៅយប់ពេក គឺមិនមានសុវត្ថិភាពឡើយ ហើយបើបុរសជាដៃគូប្រាប់ទៅកាន់អ្នក រួចអ្នកខឹង នោះវាជាអារម្មណ៍ខុសឆ្គងដែលអ្នកគួរតែកែប្រែចេញ។
៣) ស្រវឹងជោកជាំ
ការទទួលស្រា មិនជារឿងល្អទេ ដោយពេលខ្លះការជួបជុំមិនចាំបាច់តែផ្តោតដល់ទទួលស្រវឹង ជោកជាំលែងដឹងខុសត្រូវឡើយ។ ជាតិអាកុលនេះសោត ប៉ះពាល់ណាស់ដល់រាងកាយស្រ្តី មិនថាតែសភាពបច្ចុប្បន្ន និងពេលទៅមុខ អាចនាំឲ្យចាស់ជាងវ័យលឿន ប៉ះពាល់ដល់ស្បែកសម្រស់ ជារួមបើ គាត់ជាសង្សារឬស្វាមីប្រាប់ ណែនាំ ក៏អ្នកគួរតែស្តាប់ខ្លះដែរ។
២) មិនឲ្យតម្លៃខ្លួនឯង
មនុស្សស្រីពេលខ្លះ សប្បាយជ្រុល លេងសើចជ្រុល ភ្លេចគិតពីតម្លៃខ្លួនឯង ហើយជឿទៅមានតែបុរសដែលស្រលាញ់យើង យល់ពីយើងច្បាស់ទេ ទើបគេឆាប់មើលដឹង និងហ៊ានមកកែតម្រូវយើងចំៗ។ ទាំងពាក្យសម្តី កាយវិការខ្លះ វាដូចជាបន្ទាបតម្លៃខ្លួនឯង បើគាត់ប្រាប់អ្នក ឬគាត់ខឹងអ្នកចំពោះទង្វើអស់នោះ សុំស្តាប់ហេតុផលគាត់សិន មុននឹងអន់ចិត្តតបទៅគាត់វិញ។
១) ពេលអ្នកសុំគាត់បែក
ពេលខ្លះមិនមានរឿងអ្វីដែលគួរបែកទេ តែមនុស្សស្រីមាត់ឆៅណាស់ ខឹងមួយសារ ហាឡើងនិយាយពាក្យបែកទាំងមិនញញើតឡើយ។ បើបុរសគេស្រលាញ់អ្នកពិត គេនឹងមានអារម្មណ៍ខឹង ហើយព្យាយាមលួងលោមអ្នកឲ្យស្ងប់ចិត្ត តែបើគេជាមនុស្សប្រុសអាត្មានិយម លែងស្រលាញ់អ្នកដែរនោះ អ្នកចង់ទៅណាក៏ទៅៗ គេមិនខ្វល់ឡើយ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក