ទម្លាប់នៅពេលព្រឹក ខ្លះពិតជាប៉ះពាល់ដល់អាយុជីវិតរបស់អ្នកខ្លាំងណាស់ ដោយទម្លាប់ទាំងអស់នោះ មនុស្សមួយចំនួនមើលរំលង ពុំបានចាប់អារម្មណ៍ថែមទៀត។ ជាការពិត ផ្នែកបេះដូងនិងខួរក្បាល គឺជាសរីរាង្គដែលងាយរកគ្រោះថ្នាក់ខ្លាំងបំផុត។
ប្រសិនវាជួបបញ្ហា ឬការប៉ះទង្គិចណាមួយ គឺវាងាយនឹងបង្កើតជាការគំរាមកំហែងដល់អាយុជីវិតរបស់អ្នកបាន។ ខាងក្រោមយើងបង្ហាញពីទម្លាប់ ៤ ដែលអ្នកត្រូវជៀសវាងនៅពេលព្រឹក ព្រោះវាងាយនឹងប៉ះពាល់ដល់ផ្នែកបេះដូង និងខួរក្បាល៖
៤) សម្ពាធផ្លូវអារម្មណ៍
ពេលព្រឹក ការគ្រប់គ្រងអារម្មណ៍គឺសំខាន់ណាស់ សុំកុំឲ្យពេលក្រោកពីដំណេកភ្លាម ទទួលរងសម្ពាធផ្លូវចិត្ត ការខឹងសម្បា ការលឺសំឡេងស្រែកឡូឡាទាំងព្រឹកព្រលឹមភ្លាមអី។
ពេលវេលានេះ បរិមាណ Adrenaline ត្រូវបានបញ្ចេញច្រើនក្នុងរាងកាយ ជាហេតុនាំឲ្យងាយប៉ះពាល់ដល់សម្ពាធឈាម។ ការទទួលរងសម្ពាធផ្លូវអារម្មណ៍ទាំងព្រឹក គឺងាយនឹងបំផ្លាញសរសៃឈាម ក៏ដូចជាសរីរាង្គដទៃទៀតជាងពេលណាៗទាំងអស់។ យកល្អគួរប្រកាន់ខ្ជាប់ភាពសុទិដ្ឋិនិយម គិតរឿងសប្បាយឲ្យបានច្រើននៅពេលព្រឹក។
៣) ទៅបន្ទប់ទឹកទាំងតក់ក្រហល់
ពេលព្រឹកព្រលឹម ការបញ្ចេញកាកសំណល់ពីរាងកាយ តាមរយៈការបន្ទោបង់គឺជារឿងល្អ ប៉ុន្តែសុំកុំតក់ក្រហល់ ឬប្រើកម្លាំងក្នុងការបញ្ចេញវាខ្លាំងពេក។ យើងគួរដើរយឺត កុំស្ទុះ ឬប្រើកម្លាំងខ្លាំងពេលបន្ទោបង់ ព្រោះវាអាចធ្វើឲ្យសម្ពាធឈាមកើនឡើងមួយរំពេច។
នេះអាចប៉ះពាល់ដល់បេះដូង សរសៃឈាមខួរក្បាល នាំឲ្យវិវត្តទៅរកជំងឺធ្ងន់ធ្ងរ។ ប្រសិនចង់បន្ទោបង់បានល្អ គួរទម្លាប់ទទួលទានទឹកក្ដៅឧណ្ហ៍ៗមួយកែវ មុនដើរទៅបន្ទោបង់ ហើយទម្លាប់កែសម្រួលរបបអាហារ និងហាត់ប្រាណឲ្យបានទៀងទាត់ផង។
២) ស្ទុះពីដំណេកលឿនៗពេក
ការក្រោកពីដំណេកនៅព្រឹកព្រលឹមជាទម្លាប់ល្អ តែកុំប្រញាប់ស្ទុះចេញពីកន្លែងគេងភ្លាមៗពេក ព្រោះទម្លាប់នេះ អាចធ្វើឲ្យមនុស្សវិលខ្ញាល់មួយរំពេច ឬដួលសន្លប់ ដោយសារតែសម្ពាធឈាមកើនឡើងខ្លាំង។
យកល្អទោះលឺម៉ោងរោទិ៍ឬប្រញាប់បែបណាក៏ដោយ គួរសម្រួលអារម្មណ៍បើកភ្នែកនៅលើគ្រែបន្តិចសិន ហើយដកដង្ហើមមួយ និងពត់ពែនខ្លួនទៅមកឆ្វេងស្តាំ ដើម្បីឲ្យអវយវៈមានចលនា សឹមក្រោកឡើងយឺតៗ។
១) ខ្ជិលផឹកទឹកនៅពេលព្រឹក
ពេលព្រឹកគឺជាពេលវេលាដែលរាងកាយមនុស្សបាត់បង់ជាតិទឹកច្រើន ដូច្នេះឈាមនឹងឡើងក្រាស់ នាំឲ្យលំហូរឈាមមានការថយចុះ។ ប្រសិនអ្នកមិនបានផឹកទឹកនៅពេលព្រឹក គឺវាងាយនឹងកើតមានការកកឈាម ជាពិសេសមិនល្អទេ ចំពោះមនុស្សលើសឈាម។
ចូរទម្លាប់ផឹកទឹកក្ដៅឧណ្ហ៍ៗមួយកែវនៅពេលព្រឹក ដែលវាជួយឲ្យអារម្មណ៍ស្រស់ស្រាយ បំពេញជាតិទឹកមកក្នុងខ្លួន គ្រប់គ្រងឈាម ការពារនិងបញ្ចៀសជំងឺបេះដូង សរសៃឈាមខួរក្បាលជាដើម៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក