ក្នុងជីវិតគូ ការជួបរឿងសប្បាយ ការជួបទុក្ខ វារមែងតែងតែកើតមាន មិនខុសពីចានក្នុងរាវដែលគង់តែទង្គិច។ យ៉ាងណាទោះប៉ះគ្នាច្រើនក៏ដោយ ដរាបណាអ្នកទាំងពីរមានការយល់ពីគ្នាច្បាស់ ហើយមិនបណ្តោយឲ្យមានអ្នកទីបីចូលមកជ្រៀតបាន នោះក៏មិនងាយមានថ្ងៃ ដែលពួកគេនឹងឈានដល់ការបែកនោះដែរ។
តើស្វាមី&ភរិយា ត្រូវការ ៣ ចំណុចអ្វីខ្លះ? ប្រសិនអ្នកកំពុងមានជីវិតគូ អ្នកគួរតែអានអត្ថបទនេះដល់ចប់ ហើយជឿថា គ្រប់មនុស្សប្រុសស្រីទាំងឡាយ គឺសុទ្ធតែត្រូវការវាដូចៗគ្នា៖
៣ យ៉ាងបុរស ឬស្វាមីត្រូវការ៖
១) ការគោរព – ប្តីណាក៏ចង់ទទួលបានការគោរព ការឲ្យតម្លៃ ទំនុកចិត្តពីភរិយានិងក្រុមគ្រួសារផងដែរ។ ប្រសិនគាត់អាចទទួលបានចំណុចមួយនេះហើយ វាប្រៀបដូចជាកម្លាំងចិត្ត ដែលជំរុញឲ្យគាត់ព្រមលះបង់ឥតឈប់ ទាំងក្នុងជីវិតការងារ និងឧបសគ្គទាំងឡាយ ដោយមិនរុញរាឡើយ។
២) ភាពទន់ភ្លន់ - ភាពទាក់ទាញរបស់មនុស្ស គឺចង់បាននារីដែលមានភាពទន់ភ្លន់ មិនឆ្មើងឆ្មៃ មិនគំរោះគំរើយ ដោយមិនខ្វល់ពីមុខមាត់ រូបសម្រស់របស់នាងទាំងស្រុងនោះទេ។ ជារួមបុរសតែងតែចង់ទទួលបានភរិយាដែលគួរឲ្យស្រលាញ់ ចេះផ្អែមខ្លះ ចេះទន់ភ្លន់ វាដូចជាការបន្ថែមឱជារសនៃស្នេហ៍ដែលខ្វះពុំបាន។
១) ការគាំទ្រ - មិនថាបុរសនោះធ្វើការងារអ្វី តូចទាប ឬធំដុំកម្រិតណា ក្នុងនាមជាភរិយាដែលតែងតែបង្ហាញការគាំទ្រ លើកទឹកចិត្ត ជំរុញឲ្យស្វាមីខិតខំ នោះជារឿងដែលគាត់ចង់បានបំផុតក្នុងជីវិត។ ជាមួយការគាំទ្រនេះ នឹងអាចឲ្យគាត់អាចយកឈ្នះរាប់ឧបសគ្គទាំងឡាយចំពោះមុខ។
៣ យ៉ាងស្រ្តី ឬភរិយាត្រូវការ៖
១) អារម្មណ៍សុវត្ថិភាព – មនុស្សស្រីស្រលាញ់និងព្រមរៀបការជាមួយបុរសណាដែលអាចផ្តល់ឲ្យនាងនូវអារម្មណ៍ថាសុវត្ថិភាព និងដូចទទួលបានការការពារជាប់ខ្លួនជានិច្ច។ ពួកនាងចង់បានស្វាមីដែលមានភាពរឹងមាំ អាចពឹងពាក់បាន ហើយក៏ចង់បានស្វាមីដែលចេះស្តាប់បង្គាប់ ឃើញខុសទទួលខុស មិនរឹងរូសជាមួយនាង។
២) មនោសញ្ចេតនា ភាពផ្អែមល្ហែម – បុរសត្រូវការភាពទន់ភ្លន់ពីនារី ស្របពេលដែលនារី ក៏ត្រូវការភាពផ្អែមល្ហែមពីខាងបុរសដូចគ្នា។ នាងប្រាថ្នាចង់ឲ្យស្វាមីបង្កើតបរិយាកាសរ៉ូមែនទិច ចេះប្រើប្រាស់អារម្មណ៍មនោសញ្ចេតនា ទោះម្តងម្កាលក៏វាមានន័យសម្រាប់នាងបំផុតដែរ។
១) ចេះលើកទឹកចិត្តនិងលួងលោម – វាជាធម្មជាតិក្នុងទំនាក់ទំនងស្នេហា ដែលបុរសទាមទារឲ្យមានការលួងលោម និងអត់ធ្មត់ខ្ពស់ ហើយគួរចាត់ទុកប្រពន្ធដូចជាកំណប់ទ្រព្យក្នុងជីវិត។ ស្រ្តីលះបង់ច្រើនណាស់ ដូច្នេះនាងតែងតែចង់បានការលើកទឹកចិត្ត ការនៅក្បែរ ការលួងលោម ដែលវាជាសុភមង្គល និងអារម្មណ៍កក់ក្ដៅធំបំផុតក្នុងជីវិតរបស់នាង៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក