ម្តាយឪពុកជាច្រើនមានការគិតគូរណាស់ អំពីការផ្តល់កំណើតដល់កូន ព្រោះក្រៅពីគិតដល់កត្តាសុខភាព និងអវយវៈគ្រប់គ្រាន់ល្អសមរម្យហើយ ពួកគាត់ក៏មិនដែលរំលងនឹងក្បួនច្បាប់នៃហុងស៊ុយ ដែលមានតំណមសម្រាប់ឆ្នាំណាដែលគួរបង្កើត និងឆ្នាំណាដែលមិនគួរបង្កើតកូននោះផងដែរ។
គេនិយមហៅថា បង្កើតកូនយកចំឆ្នាំហុងស៊ុយ ហើយសម្រាប់ឆ្នាំខាល ២០២២ ខាងមុខ ប្រសិនម្តាយឪពុកជាម្ចាស់ឆ្នាំទាំង ៣ ខាងក្រោម នោះគឺមិនគួរគិតគូររឿងមានគភ៌ឡើយ៖
ម្តាយឬឪពុកកើតឆ្នាំវក – ស្វា
តាមហោរាសាស្រ្ត បើឪពុកម្តាយកើតឆ្នាំវក គឺមិនគួរបង្កើតកូននៅឆ្នាំខាលឡើយ ដូច្នេះឆ្នាំ ២០២២ ខាងមុខ គឺជាពេលវេលាមិនល្អ ដែលគួរមានបុត្រនោះទេ។
ប្រសិនសម្រាលបានកូននៅឆ្នាំខាល នោះនឹងធ្វើឲ្យទំនាក់ទំនងស្នេហារវាងឪពុកម្តាយ ចាប់ផ្តើមមានភាពមិនចុះសម្រុងគ្នា ហើយធ្វើឲ្យគ្រួសារមានភាពច្របូកច្របល់។ ការងារ ការរកស៊ីរបស់ឪពុកម្តាយ ចាប់ផ្តើមមានការធ្លាក់ចុះ មានការខាតបង់ ចង់តោងអាជីវកម្មធំ ក៏ធ្វើទៅមិនបានដែរ។
ម្តាយឬឪពុកកើតឆ្នាំម្សាញ់ - ពស់
តាមហោរាសាស្រ្ត កូនឆ្នាំខាល នឹងមិនលើករាសីឪពុកឬម្តាយឆ្នាំម្សាញ់បានឡើយ ព្រោះជាឆ្នាំឆុង ដែលអាចឲ្យឪពុកម្តាយ ជួបបញ្ហាលំបាកច្រើនក្នុងការងារ ការរកស៊ី និងជីវិត ក្រោយសម្រាលកូននោះចេញមក។
ម្យ៉ាងវិញទៀត រាសីអ្នកកើតឆ្នាំម្សាញ់ តាមដំណាលទាយថា នឹងមានការធ្លាក់ចុះស្រាប់ផងនៅឆ្នាំក្រោយ ២០២២ ដូច្នេះការផ្តល់កំណើតឲ្យកូន អាចនឹងធ្វើឲ្យទារកនោះមានការលូតលាស់មិនល្អដូចការរំពឹងទុក។
ម្តាយឬឪពុកកើតឆ្នាំកុរ – ជ្រូក
ប្រសិនអ្នកជ្រើសរើសការមានកូន នោះម្តាយឬឪពុក ដែលកើតឆ្នាំកុរ នឹងមានសុខភាពធ្លាក់ចុះ ហើយរាងកាយ សុខភាពទារកកើតមកក៏មិនសូវជាល្អប៉ុន្មានដែរ។ ម្យ៉ាងទៀតនិយាយពីលាភសំណាង សម្រាប់ឆ្នាំ ២០២២ ខាងមុខ ក៏អាចឲ្យម្តាយឪពុកឆ្នាំកុរ ត្រូវឆុងនឹងកូនឆ្នាំខាលផងដែរ ដូច្នេះនឹងមានការធ្លាក់ចុះទាំងផ្នែកសេដ្ឋកិច្ចគ្រួសារ និងបរិយាកាសច្របូកច្របល់កើតមានឡើងនៅក្នុងរង្វង់គ្រួសារ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក