តាមរយៈការសង្កេតលើផ្ទៃក្រចក ក៏អាចបង្ហាញពីសភាពនៃសុខភាពរាងកាយមនុស្ស ថាកំពុងមានសុខភាពល្អឬអត់ដែរ? ប្រសិនអ្នកជាមនុស្សដែលមានផ្ទៃក្រចករាបស្មើល្អ ក្រចកដុះលូតលាស់លឿនធម្មតា ហើយមានពណ៌ផ្កាឈូកស្រាល គួរតែមិនអីទេ តែបើដូចក្នុងលក្ខខណ្ឌទាំង ៤ ខាងក្រោម នោះជារឿងដែលត្រូវតែប្រយ័ត្ន៖
៤) ក្រចកស្ងួត ប្រេះ និងផុយ
តាមវេជ្ជបណ្ឌិតខាងជំនាញសាលស្បែកនៅអូស្ត្រាលី បានចែករំលែកថា ប្រសិនអ្នកកំពុងខ្វះខាតជាតិវីតាមីន និងអាហារូបត្ថម្ភនោះក្រចកនឹងមិនងាយលូតលាស់ឡើយ ហើយវាក៏ខ្សោយ ងាយផុយបាក់ស្រួលៗផងដែរ។
ដូច្នេះយកល្អ អ្នកគួរយកចិត្តទុកដាក់លើរបបអាហារ ជាពិសេសជ្រើសរើសអាហារណាសម្បូរទៅដោយជាតិវីតាមីន A, B, C, D និង E។
៣) ក្រចកឡើងពណ៌ជាំ
ក្រចកដែលមានសុខភាពល្អ បង្ហាញមកជាពណ៌ផ្កាឈូកបែបធម្មជាតិ ខុសពីក្រចកដែលមានពណ៌រាងជាំ នោះមានន័យថាចរន្តឈាមរបស់ពួកគេស្ថិតនៅកម្រិតទាបពេក ឬមានកង្វះជាតិដែក។
២) ចេញឆ្នូតពណ៌ស
ប្រសិនចេញឆ្នូតពណ៌ស ជាបន្ទាត់បញ្ឈរ រំលេចឡើងលើផ្ទៃក្រចក នោះមានន័យថា រាងកាយអ្នកកំពុងខ្វះជាតិកាល់ស្យូម និងស័ង្កសី។ ដូច្នេះអ្នកត្រូវតែប៉ះប៉ូវត្រលប់មកវិញ តាមរយៈការទទួលទានអាហារឲ្យបានសមស្រប។
១) ក្រចកមានស្នាមអុជ
តើអ្នកធ្លាប់ឃើញសភាពក្រចកមនុស្សមួយចំនួន មានស្នាមអុជ ដុំៗ ដូចផ្លូវក្រឡុកដែរឬទេ? នោះក៏បង្ហាញពីអាការៈនៃប្រភេទជំងឺម្យ៉ាងឲ្យឈ្មោះ អូតូអ៊ុយមីន ដែលវាមានពាក់ព័ន្ធនឹងជំងឺសាលស្បែក ដែលអ្នកត្រូវប្រុងប្រយ័ត្ន និងគួរទៅពិគ្រោះជាមួយក្រុមគ្រូពេទ្យផងដែរ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក