សម្រាប់អ្នកអង្គុយធ្វើការយូរម៉ោង អ្នកមិនងាយចូលដំណេក តែងលេចចេញអាការៈ ៤ បង្ហាញមកដូចខាងក្រោម ខ្លះអាចច្រឡំថាមកពីជំងឺផ្សេង តែការពិតទៅ វាជាដើមចមអាចនាំឲ្យអ្នកកើតជំងឺបេះដូង ហើយបើព្យាបាលមិនទាន់ គឺអាចហួសពេល និងប៉ះពាល់ដល់អាយុជីវិត៖
៤) អស់កម្លាំង ឆាប់ថប់អារម្មណ៍
មានហេតុផលជាច្រើនដែលបណ្តាលឲ្យអ្នកអស់កម្លាំង តែទោះជាយ៉ាងណា បើអ្នកត្រឹមតែធ្វើការងារស្រាលៗ ហើយមានអារម្មណ៍ថាល្វើយ អស់កម្លាំង គ្មានថាមពលក្នុងខ្លួន អ្នកក៏ត្រូវតែយកចិត្តទុកដាក់លើស្ថានភាពសុខភាពដែរ។ រោគសញ្ញានេះ បើបន្ត នោះយូរទៅកាន់តែធ្ងន់ធ្ងរ អាចដល់គាំងបេះដូង។
លើសពីនេះបើអ្នកងាយធ្លាក់ចូលទៅក្នុងស្ថានភាពធុញថប់ផ្លូវអារម្មណ៍ញឹកញាប់ ស្រ្តេសច្រើន នោះក៏ជារឿងដែលគួរឲ្យបារម្ភមួយដែរ។
៣) ឈឺទ្រូង
អ្នកឧស្សាហ៍ឈឺទ្រូង គឺ ៧៥ ភាគរយហើយ ជាអ្នកជំងឺបេះដូង។ កុំយល់ច្រឡំជាមួយជំងឺផ្តាសាយ គ្រុនក្តៅឈឺចុកចាប់ពេញខ្លួន ប្រសិនអ្នកឧស្សាហ៍ឈឺទ្រូងខាងឆ្វេង ហើយការដកដង្ហើមខ្លីៗ ធ្វើការធ្ងន់យូរមិនបាន នោះក៏ជាអាការៈនៃជំងឺបេះដូងផងដែរ។
២) ការឈឺចាប់មិនធម្មតាលើផ្នែកមួយចំនួន
ក្រៅពីការឈឺចុកចាប់ទ្រូង ក៏មានអាការៈដូចជាឈឺក្បាល បាត់ស្មារតី ស្ពឹកដៃ ដើមដៃ ឈឺខ្នង ឈឺស្មា រឹងថ្គាម ដោយពុំមានមូលហេតុច្បាស់ ឬឧស្សាហ៍កើតឡើងញឹកញាប់ ទាំងនោះក៏ជារោគសញ្ញាត្រូវប្រយ័ត្នផងដែរ។ ជាពិសេសគឺមនុស្សស្រី ងាយនឹងប្រឈមខ្ពស់។
១) ការគេងនិងបញ្ហារំលាយអាហារ
ការស្រាវជ្រាវបង្ហាញថា ប្រសិនអ្នកមានអាការៈពិបាកគេង គេងមិនលក់ នោះយូរទៅក៏អាចប្រឈមខ្ពស់នឹងជំងឺបេះដូង។
លើសពីនេះបើបញ្ហាប្រព័ន្ធរំលាយអាហារចុះខ្សោយ ងាយនឹងចង់ក្អួតចង្អោរ ហើមពោះ ក្រហាយទ្រូង ដោយគ្មានមូលហេតុ ក៏ជាសញ្ញាព្រមាននៃជំងឺបេះដូងដូចគ្នា។ យ៉ាងណាបើចង់ច្បាស់ ប្រសិនកើតមានលាយឡំរោគសញ្ញាខាងលើហើយ យកល្អគួរឆ្លៀតពេលទៅពេទ្យដើម្បីពិគ្រោះនិងពិនិត្យ (Check up) សុខភាពម្តង ជៀសវាងទុកចោលយូរដល់ពិបាកព្យាបាល៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក