សម្រាប់មនុស្សស្រី ចូលដល់វ័យចំណាស់បន្តិច ខ្លះ ២០ ក្រាស់ ខ្លះហៀរចូល ៣០ ឆ្នាំឡើងទៅ រាងកាយនឹងចាប់ផ្តើមចុះថយនូវការផលិតកូឡាជែន ក៏ដូចជាបាត់បង់នូវសារធាតុសំខាន់មួយចំនួនផ្សេងទៀត អាចធ្វើឲ្យរាងកាយងាយប្រែទៅសភាពចាស់ ហើយក៏ងាយនឹងគេសួរថា ឥឡូវចាស់ម្ល៉េះបង ផងដែរ។
Knongsrok សុំធ្វើការណែនាំនូវទឹកទិព្វ ៥ ប្រភេទ ដែលមនុស្សស្រីមិនគួរមើលរំលង បើចង់ឲ្យរាងកាយនៅក្មេងជាងវ័យកាន់ឆ្នាំ៖
៥) ទឹកផ្លែទទឹម
ផ្លែទទឹមមានរសជាតិឆ្ងាញ់ អាចផ្តល់ថាមពល និងសារធាតុចិញ្ចឹមដ៏មានតម្លៃសម្រាប់រាងកាយរបស់លោកអ្នក។ ប្រសិនស្រ្តីទទួលទានផ្លែទទឹមជាប្រចាំ នោះអាចការពាររាងកាយពីការខូចខាតនៃរ៉ាឌីកាលសេរី ហើយកាត់បន្ថយកម្រិតនៃការរលាក។
វាក៏មានសារធាតុម្យ៉ាងឲ្យឈ្មោះថា Punicalagins ដែលអាចជួយរក្សាកូឡាជែននៅក្នុងស្បែក ពន្យារភាពចាស់ និងបំបាត់ស្នាមជ្រួយ ធ្វើឲ្យស្បែករលោង។
៤) ទឹកក្រូច
ដើម្បីឲ្យរាងកាយអាចផលិតបាននូវកូឡាជែន រាងកាយត្រូវមានវីតាមីន C ច្រើន ហើយផ្លែក្រូច គឺអាចបំពេញបរិមាណនៃវីតាមីននោះបាន។
ទឹកក្រូចមួយពែងប្រហែល ២៤០ ម.ល ផ្តល់ប្រហែល ៦៧ ភាគរយនៃវីតាមីន C ដែលរាងកាយត្រូវការក្នុងមួយថ្ងៃ។ លើសពីនេះបរិមាណអាស៊ីដនៃផ្លែក្រូចក៏ដើរតួក្នុងការបង្កើត Elastin និង Collagen រក្សាស្បែកឲ្យរឹងមាំ និងគ្រប់គ្រងភាពចាស់មុនអាយុ។ យកល្អគួរទទួលទានទឹកក្រូច បន្ទាប់ពីអាហារពេលព្រឹក ក្រោយនោះ ១-២ ម៉ោង។
៣) ទឹកប៉េងប៉ោះ
នៅក្នុងសមាសធាតុនៃប៉េងប៉ោះមានផ្ទុកនូវសារធាតុ Lycopene ដែលវាអាចទប់ស្កាត់ការបំផ្លាញកូឡាជែន ពោលវាសំខាន់ណាស់ អាចជួយរក្សាស្បែករបស់អ្នកឲ្យក្មេងជាងវ័យ។
ការទទួលទានទឹកប៉េងប៉ោះជារៀងរាល់ថ្ងៃ គឺជាជម្រើសដ៏ល្អមួយ ព្រោះគ្រាន់តែប៉េងប៉ោះ ១ ផ្លែជាមធ្យមអាចផ្តល់វីតាមីន C ជិត ៣០ ភាគរយ ដែលរាងកាយត្រូវការ។
២) ទឹកផ្លែប៉ោម
វាមានផ្ទុកនូវវីតាមីន C ដែលល្អសម្រាប់ការបង្កើតកូឡាជែននៅក្នុងស្បែក។ ជាមួយគ្នានេះដែរ សមាសធាតុអង់ស៊ីមនៅក្នុងផ្លែប៉ោម ក៏ជួយស្រ្តីកម្ចាត់ជាតិខ្លាញ់ និងរក្សាសំណើមដល់ស្បែក។
១) ទឹកទំពាំងបាយជូរ
បន្ទាប់ពីអាយុ ៣០ ឆ្នាំ ស្រ្តីគួរតែបង្កើនការទទួលទានទឹកទំពាំងបាយជូរឲ្យបានទៀងទាត់ ក៏ដោយសារតែផ្លែឈើនេះសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ជួយបញ្ចៀសការកកើតមុនលើស្បែក។
បន្ថែមពីលើនោះ វីតាមីន C នៅក្នុងផ្លែទំពាំងបាយជូរក៏ចូលរួមចំណែកដល់ការលើកកម្ពស់ ការបង្កើត Collagen និងពន្យឺតដំណើរការភាពចាស់នៃស្បែកថែមទៀតផង៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក