អាហារ​សាមញ្ញ ៣​ មនុស្ស​ជា​ច្រើន​មិន​សូវ​ចាប់​អារម្មណ៍ តែ​ងាយ​ទាញ​ជាតិ​ពុល​ចូល​ខ្លួន

ការ​ទទួល​ទាន​អាហារ គឺ​ត្រូវ​មាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់ បើ​អ្នក​ចង់​ទទួល​បាន​សុខភាព​ល្អ។ ដោយឡែក​អាហារ​ទាំង ៣ ខាង​ក្រោម តាម​អ្នក​ជំនាញ​បាន​ណែនាំ​ឲ្យ​អ្នក​រាល់​គ្នា គួរ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​បំផុត ព្រោះ​វា​ងាយ​នឹង​មាន​ផ្ទុក​ជាតិ​ពុល ​ប៉ះពាល់​មក​កាន់​រាងកាយ៖

៣) ត្រកួន

1

ការ​ជ្រើសរើស​ទិញ​ត្រកួន​មក​ទទួល​ទាន អ្នក​ត្រូវ​មាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់ គួរ​ជ្រើស​យក​កន្លែង​លក់​ដែល​គួរ​ឲ្យ​ទុក​ចិត្ត។ ព្រោះ​អី​ត្រកួន​ជា​បន្លែ​ដែល​ដុះ​តាម​ទឹក តាម​ស្រះ ងាយ​ទទួល​រង​ជាតិ​ពុល​ចេញ​ពី​ប្រភព​ទឹក ថ្នាំ​សម្លាប់​សត្វ​ល្អិត និង​សារធាតុ​រំញោច​ផ្សេងៗ។

ជា​ពិសេស​កុមារ មិន​ណែនាំ​ឲ្យ​ទទួល​ទាន​ត្រកួន​ច្រើន​ពេក​ទេ ព្រោះ​ងាយ​បង្ក​ជា​ការ​ក្អួតចង្អោរ ពុល រាករូស និង​ប៉ះពាល់​ដល់​ដំណើរការ​អភិវឌ្ឍ​សរីរាង្គ​មួយ​ចំនួន​របស់​ពួក​គេ​ជា​ដើម។

២) ខ្យង គ្រំ លៀស

2

អាហារ​មួយ​ចំនួន​ផ្សេង​ទៀត ដូច​ជា​គ្រំ ខ្យង លៀស ដែល​ស្ថិត​ក្នុង​ទឹក​សាប ក៏​ងាយ​នឹង​ទទួល​រង​ការ​បំពុល​ដោយ​សារធាតុ​សំណ បារត អាសេនិច នីកែល ក្រូម​ជា​ដើម​ផង​ដែរ។ យក​ល្អ​មិន​គួរ​ទទួល​ទាន​អាហារ​ទាំង​អស់​នោះ​ឡើយ។

១) អាហារ​ដែល​គេ​រុំ​កាសែត

3

អាហារ​រុំ​កាសែត ឬ​ក្រដាស​បោះពុម្ព​មួយ​ចំនួន ក៏​ងាយ​នឹង​ដក់​ជាប់​ទឹក​ថ្នាំ​ចេញ​ពី​ក្រដាស​ទាំង​នោះ​ផង​ដែរ ហើយ​វា​គឺ​ជា​ជាតិ​ពុល មាន​ជាតិ​អេតាណុល តូលូអ៊ីន សំណ ជា​ដើម។

ការ​ប្រើប្រាស់​កាសែត​រុំ​អាហារ ជា​ពិសេស​អាហារ​ចៀន មាន​ជាតិ​ខ្លាញ់ ក្តៅ បង្កើន​ហានិភ័យ​ខ្ពស់​នៃ​ការ​ប៉ះពាល់​ដល់​សុខភាព​មនុស្ស​ធ្ងន់ធ្ងរ។ ដូច្នេះ​យក​ល្អ​ ពេល​ទិញ​អាហារ​កុំ​ឲ្យ​គេ​វេចខ្ចប់​ដោយ​ប្រើប្រាស់​ក្រដាស​កាសែត​ ឬ​ប្រភេទ​ក្រដាស​ធម្មតា​ឲ្យ​សោះ។

ក្រោយ​ទទួល​ទាន​អាហារ​ចេញ​ពី​ការ​រុំ​ប្រភេទ​នេះ គឺ​ងាយ​នឹង​បណ្តាល​ឲ្យ​អ្នក​មាន​អាការៈ​ក្រហាយ​មាត់ ក្អួត ឈឺ​ពោះ ហើយ​បើ​ទម្លាប់​ទទួល​ទាន​ជា​ប្រចាំ វា​នឹង​វិវត្ត​ម្តង​បន្តិច​ទៅ​ជា​ជំងឺ​មហារីក ហើយ​ក៏​អាច​ខូច​តម្រង​នោម​ផង​ដែរ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក