គោលដៅអាទិភាពរបស់ក្លឹប Barcelona សម្រាប់ទីផ្សារដោះដូរនាខែមករាខាងមុខ គឺពិតណាស់ជា Raheem Sterling ដោយក្លឹបចង់យកក្នុងលក្ខខណ្ឌខ្ចីជើង ចេញពីក្លឹបមេឃខៀវ Man City។ តែយ៉ាងណាគ្រប់យ៉ាង គឺត្រូវរង់ចាំអុតមើលការចរចា ដោយមិនទាន់ច្បាស់ ១០០ ភាគរយនៅឡើយថា Xavi Hernandez អាចសម្រេចការនាំយកចំណូលថ្មីរូបនោះឬអត់។
យ៉ាងណាផែនការណ៍ផ្លូវក្រោយ ដើម្បីត្រៀមក្នុងករណីយក Sterling មិនបាន ក៏អ្នកចាត់ការសញ្ជាតិអេស្ប៉ាញត្រៀមរួចជាស្រេចដែរ នោះគឺលោកបានឲ្យក្លឹបសម្លឹងមើលកូនតោ ២ រូប រវាង Hakim Ziyech និង Timo Werner ថា យកម្នាក់ណាក៏បាន ប្រសិនជាខ្សែប្រយុទ្ធអង់គ្លេសបដិសេធការផ្ទេរមក Camp Nou។ នេះបើតាមសារព័ត៌មាន ESPN បានចុះផ្សាយ។
សម្រាប់ Ziyech និង Werner គេមិនសូវទទួលបានឱកាសលេងជាប់លាប់នោះទេ ជាពិសេសក្រោយ Romelu Lukaku មកដល់ ហើយគួបផ្សំបញ្ហារបួសផង ឱកាសលេងរបស់អ្នកទាំងពីរក៏កាន់តែខ្សត់នៅរដូវកាលថ្មី ២០២១/២២។
បញ្ជាក់ថា Ziyech និង Werner សុទ្ធតែជាប់កុងត្រាដល់ចុងខែមិថុនា ឆ្នាំ ២០២៥ ដូចគ្នា។ យ៉ាងណាសម្រាប់ Xavi គឺគ្រាន់តែចង់ចរចានៅលក្ខខណ្ឌខ្ចីជើង ដោយមិនគិតថា ក្លឹប Barcelona មានលទ្ធភាពអាចទិញពេញថ្លៃ ក្នុងស្ថានភាពបច្ចុប្បន្ននេះទេ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក