ក្លឹបតោខៀវ Chelsea កំពុងប្រើប្រាស់ភាពឈ្លាសវៃរបស់ខ្លួន ក្នុងការចាប់យកឱកាសដើម្បីឆ្មក់យកកីឡាករ Barcelona ដ៏សំខាន់មួយ មុនគេសម្រេចការបន្តកុងត្រាថ្មី ដែលអាចមានតម្លៃផ្តាច់កុងត្រាជិតខ្ទង់ពាន់លាន។
នោះគឺយុវជនវ័យ ១៧ ឆ្នាំ Gavi ដែលទើបតែឡើងមកលេងនៅឈុតធំ Barcelona នារដូវកាលនេះ ហើយកំពុងក្លាយខ្លួនជាខ្សែបម្រើដ៏គួរឲ្យចាប់អារម្មណ៍មួយ ខណៈដែលសុពលភាពកុងត្រាត្រូវផុតនៅចុងខែមិថុនា ឆ្នាំ ២០២៣ ជាមួយតម្លៃផ្តាច់កុងត្រាបច្ចុប្បន្ន តែ ៤២ លានផោនប៉ុណ្ណោះ។
យ៉ាងណាតម្លៃនេះអាចបន្តឡើង ប្រសិនណាការចរចាកុងត្រាថ្មី អាចសម្រេចត្រូវរ៉ូវជាមួយអ្នកមានបុណ្យ ពោលនឹងឲ្យតម្លៃផ្តាច់កុងត្រារបស់ Gavi ឡើងដល់ ៨៤០ លានផោនឯណោះ។ បើតាមសារព័ត៌មាន El Nacional ចុះផ្សាយថា Chelsea ជាក្លឹបយក្សនៅអង់គ្លេស ក៏កំពុងរូតរះដើម្បីរត់ការចរចាយក Gavi មកចូលរួមនៅពេលដ៏ខ្លីខាងមុខ។
យ៉ាងណាយើងមិនច្បាស់នោះទេ ព្រោះដំណឹងល្ហិចល្ហៀងក៏លឺថា ភាគីអ្នកមានបុណ្យកៀកនឹងការសម្រេចកុងត្រាថ្មីឲ្យកីឡាករអេស្ប៉ាញទៅហើយ។ គួរបញ្ជាក់ថា នៅជម្រើសជាតិក៏គេទើបតែបានចូលលេងផងដែរ ក្នុងនាមជាកីឡាករវ័យក្មេងបំផុតកាលពីខែមុន៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក