អាហារទាំង ៥ ខាងក្រោមនេះ ក្រោយពីទុកចោលមួយយប់ ទោះបីឆ្លងកាត់ការរក្សាទុកត្រឹមត្រូវក៏ដោយ តែវានៅតែប្រឈមខ្ពស់ អាចប្រមូលផ្តុំបាក់តេរីកកកុញច្រើន ងាយបង្កផលប៉ះពាល់ដល់សុខភាពលោកអ្នក។ ដូច្នេះបើជៀសបាន គួរតែជៀសកុំលូកវាទទួលទានឲ្យសោះ៖
៥) អាហារសមុទ្រ
ដូចជាបង្គា ក្តាម និងត្រីមានផ្ទុកនូវប្រូតេអ៊ីន សារធាតុរ៉ែ និងវីតាមីនជាច្រើន ដែលល្អសម្រាប់សុខភាពមនុស្សទទួលទាន។ តែយ៉ាងណា ប្រសិនទុកវាចោលមួយយប់ហើយ ទោះអ្នកយកវាមកច្នៃចម្អិនថ្មី ក៏សារធាតុសំខាន់ទាំងអស់បានបាត់បង់បាត់ទៅហើយ ផ្ទុយទៅវិញប៉ះអាហារខ្លះ អាចបណ្តាលឲ្យពុល ខូចថ្លើម ខូចតម្រងនោមថែមទៀត។
៤) តៅហ៊ូ
តៅហ៊ូដែលទុកចោលពេញមួយយប់ គឺងាយនឹងខូច រលួយលឿនណាស់ ហើយប្រូតេអ៊ីនខាងក្នុងនោះក៏បាត់បង់ដែរ។ វាក៏ងាយនឹងឆ្លងមេរោគម្យ៉ាងឲ្យឈ្មោះ Clostridium botulinum ដែលជាបាក់តេរីដ៏គ្រោះថ្នាក់ អាចបណ្តាលឲ្យខូចសរសៃប្រសាទ គំរាមកំហែងដល់អាយុជីវិត។
៣) បន្លែបៃតងមួយចំនួន
ដូចជាត្រកួន ស្ពៃ ច្រើនតែមានជាតិនីត្រាតខ្ពស់ ហើយក្រោយទុកចោលមួយយប់ នីត្រាតនឹងផ្លាស់ប្តូរ ទៅជាសារធាតុនីទ្រីត ដែលជាសារធាតុបង្កគ្រោះថ្នាក់ដល់ខុសភាពមនុស្ស។ សូម្បីតែអង្គការសុខភាពពិភពលោក ក៏ណែនាំឲ្យបញ្ចៀសប្រភេទអាហារដែលមានជាតិនីទ្រីតនេះដែរ។
ដូច្នេះហើយបន្លែដែលចម្អិនហើយ កុំស្តាយអី ដើម្បីសុខភាពគ្រួសារល្អទាំងអស់គ្នា យកល្អបោះចោលវាទៅ កុំលើកមកទទួលទានឲ្យសោះ។
២) ស៊ុត
ស៊ុតដែលចម្អិនហើយ ទោះរក្សាទុកត្រឹមត្រូវប៉ុណ្ណា ក៏ងាយនឹងបណ្តុំទៅដោយបាក់តេរីដែរ។ វាអាចប៉ះពាល់ខ្លាំងដល់ប្រព័ន្ធរំលាយអាហារ ងាយឲ្យអ្នករាគ ក្អួត ចង្អោរ ក្រោយទទួលទានវានៅព្រឹកបន្ទាប់។
១) ផ្សិតត្រចៀកកណ្តុរស
ជាអាហារដែលសម្បូរទៅដោយសារធាតុចិញ្ចឹម ប៉ុន្តែការរក្សាវាទុកពេញមួយយប់ នោះសារធាតុទាំងអស់នឹងថយចុះ ហើយផលិតជាសមាសធាតុពុលត្រលប់មកវិញ។
ដោយសារផ្សិតនេះវាមានផ្ទុកនីត្រាតច្រើន ដូច្នេះប្រសិនរក្សាទុកចោលមួយយប់ ហើយកម្តៅឡើងវិញ នីត្រាតនឹងបម្លែងទៅជានីទ្រីត ដូចបានរៀបរាប់ខាងលើ វាជាសារធាតុបណ្តាលឲ្យប៉ះពាល់សុខភាព៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក