កូនខ្មែរយើងមួយចំនួនចូលចិត្តឱ្យតម្លៃជនបរទេសជាងឱ្យតម្លៃខ្មែរគ្នាឯង ជាពិសេសគឺកូនខ្មែរដែលធ្វើការផ្នែកបម្រើសេវាកម្មតាមភោជនីយដ្ឋានតែម្ដង។ មិនថាភ្ញៀវជនជាតិអ្វីក៏ដោយ យើងត្រូវតែបម្រើសេវាកម្មស្មើភាព និងថ្លឹងថ្លែងឱ្យមានសមធម៌។
សំខាន់ជាងគេបំផុត យើងត្រូវផ្ដល់តម្លៃដល់ប្រទេសរបស់យើងនិងជនជាតិយើងជាចម្បង ទោះបីជាក្នុងកាលៈទេសៈណាក៏ដោយ បើមិនដូច្នោះទេ មិនត្រឹមតែយើងទេដែលត្រូវបានគេមើលងាយ សូម្បីប្រជាជននៅក្នុងប្រទេសយើងទាំងមូលក៏ត្រូវបានគេមើលងាយដូចគ្នាដែរ។ លើសពីនេះទៅទៀត ពួកយើងដែលជាអ្នកបានរៀនសូត្រ ជាបញ្ញវន្ត ត្រូវតែស្រឡាញ់ជាតិ ស្រឡាញ់ទឹកដី ស្រឡាញ់វប្បធម៌ខ្លួនឯង។
យើងត្រូវស្វែងយល់ឱ្យរឹតតែស៊ីជម្រៅជាងនេះទៅទៀតទាក់ទឹននឹងតម្លៃនៃវប្បធម៌ជាតិឯង។ វាជារឿងដ៏គួរឱ្យសោកស្តាយ ប្រសិនបើយើងប្រើពាក្យថា “បរទេសនិយម” ទៅសំដៅលើផ្នត់គំនិតថ្មីៗ ដែលយើងជាអ្នកសិក្សារៀនសូត្របានរុករកឃើញនិងបង្កើតអ្វីថ្មី។ យើងគួរតែទទួលស្គាល់ថា វាជាផ្នត់គំនិតទំនើបនិយមដែលមានតម្លៃឆ្លុះបញ្ចាំងពីជាតិយើង មានន័យថា យើងគឺជាយើង ហើយគំនិតថ្មីនេះ មិនមែនផ្នត់គំនិតបរទេសនិយមនោះឡើយ។
ក្នុងនាមជាកូនខ្មែរមួយរូប ខ្ញុំឈឺចិត្តណាស់ ខ្ញុំចង់ឱ្យកូនខ្មែរយើងខ្ពស់មុខ ខ្ពស់មាត់ មិនចង់ឃើញពួកគេខ្លាចបរទេសទេ។ ខ្មែរយើងមួយចំនួនកាលពីមុន ពេលឃើញបរទេសមក ម្នាក់ៗធ្វើខ្លួនស្ញោរៗ ខ្លាចគេ ញញើតបាក់ស្បាត។
ម្យ៉ាងវិញទៀតឱ្យតែបរទេសមកធ្វើការនៅស្រុកយើង ភាគច្រើនយើងចាញ់ប្រៀបគេរហូត ដោយសារតែយើងមិនយល់ពីតម្លៃខ្លួនឯង ហើយនេះក៏ព្រោះតែយើងភាគច្រើនធ្វើការបម្រើថៅកែជាបរទេសក៏ថាបាន ម្យ៉ាងក្រុមហ៊ុននៅស្រុកយើងភាគច្រើនក៏សុទ្ធសឹងតែថៅកែជាជនបរទេសទៀត។ បរទេសមិនមែនសុទ្ធតែល្អទាំងអស់ទេ នៅស្រុកណាក៏ដូចស្រុកណាដែរ គឺតែងតែមានមនុស្សប៉ោឡែ មានអ្នកសុំទាន មានអ្នកលួចគេ និយាយទៅគឺមិនខុសគ្នាពីយើងប៉ុន្មានឡើយ។
ចុះហេតុអ្វីឱ្យតែជនបរទេសមក យើងតែងតែឱ្យធ្វើធំនិងផ្ដល់សេវាកម្មឱ្យពួកនោះជាអាទិភាពម្ល៉េះ? ខ្ញុំនិយាយបែបនេះ ហាក់បីដូចជាមានលក្ខណៈជាតិនិយមបន្តិចមែន ប៉ុន្តែយើងត្រូវយល់កាលៈទេសៈក្នុងការបម្រើសេវាកម្មរវាងជនបរទេសនិងជនជាតិខ្លួនឯង។ នៅពេលខ្លះ យើងគួរតែប្រកាន់ទស្សនៈជាតិនិយមជាប់ខ្លួន គ្រាន់តែថា កុំជាតិនិយមខុសរឿងទៅបានហើយ។
សូមម្ចាស់អាជីវកម្មទាំងអស់មេត្តាប្ដូរផ្នត់គំនិតដែលថាបរទេសមានសមត្ថភាពជាងខ្មែរចេញទៅ។ ជនជាតិខ្មែរមានសមត្ថភាពវិសេសវិសាលមិនចាញ់បរទេសឡើយ។ មនុស្សលោកយើងមានខួរក្បាលដែលមានទម្ងន់ស្មើៗគ្នា ដូច្នេះអ្វីៗគ្រប់យ៉ាងដែលកើតមានជារឿងមុននិងក្រោយតែប៉ុណ្ណោះ។ ហេតុអ្វីបានជាយើងមិនយល់ពីតម្លៃខ្លួនឯង? គឺមកពីយើងល្ងង់! ហេតុអ្វីបានជាយើងល្ងង់?
ព្រោះយើងគ្មានឱកាសរៀនសូត្រខ្ពង់ខ្ពស់! ហេតុអ្វីយើងគ្មានឱកាសរៀនសូត្រខ្ពស់ខ្ពស់? ព្រោះគ្មានថវិកា! ហេតុអ្វីគ្មានថវិកា? ព្រោះសេដ្ឋកិច្ចយើងនៅមានកម្រិត! ដូច្នេះ គ្មានអ្វីប្រសើរជាងអាវុធដ៏មុតស្រួចដែលអាចធ្វើឱ្យយើងក្លាហាន ហ៊ាន ដឹង ចេះឆ្ងល់ ចេះសួរ ហ៊ានប្រឈមមុខ និងហ៊ានដោះស្រាយនោះទេ។ ស្អីទៅជាអាវុធមុតស្រួចហ្នឹង?
គឺវិស័យអប់រំ ដែលធ្វើឱ្យយុវជនយើងគ្រប់រូបមានចំណេះដឹងទូលំទូលាយហ្នឹងឯង! ម្ល៉ោះហើយយុវជនត្រូវរៀនឱ្យចេះ រៀនឱ្យច្បាស់ រៀនឱ្យយល់ អានឱ្យច្រើន ប៉ុន្តែកុំអានតែចំណងជើងហើយនិយាយអួតប្រាប់គេថាបានអានដែរនោះ ប្រយ័ត្នគេសើចចម្អក។ សូមអានច្បូតពីក្បាលដល់កន្ទុយ ហើយធ្វើការត្រិះរិះ ពិចារណាលើខ្លឹមសារដែលយើងបានអាន ថាតើយើងទទួលបានមេរៀនអ្វី? ហើយយើងនឹងបង្កើតអ្វីថ្មី ក្រោយពីបានសិក្សារៀនសូត្រ? សូមព្យាយាមបដិបត្តិខ្លួនក្នុងនាមជាអ្នកផ្តួចផ្តើមបង្កើតថ្មី ជាជាងធ្វើខ្លួនជាអ្នកដើរតាម ហើយចេះតែស្រែកថា បរទេសឆ្លាត បរទេសមានគំនិតច្នៃប្រឌិត និងជាជាងយើងខ្លួនឯងធ្វើខ្លួនជាអ្នកអសកម្ម ឬតាំងខ្លួនជាអ្នករងគ្រោះដោយមិនដឹងខ្លួន។
ដូច្នេះ សូមម្ចាស់អាជីវកម្មគ្រប់រូបរៀនផ្ដល់តម្លៃនិងសេវាកម្មដល់អតិថិជនទាំងអស់ដោយយុត្តិធម៌ សមភាព សមធម៌ ហើយកុំផ្អៀងតែទៅលើបរទេសខ្លាំងពេក។ មានន័យថា យើងកុំបម្រើសេវាកម្មបែបបរទេសនិយមខុសស្ដង់ដា តែក៏មិនគួរធ្វើអាកប្បកិរិយាមិនសមរម្យឬធ្វើឫកច្រងេងច្រងាងគំរោះគំរើយដាក់បរទេសដែរ។ យើងត្រូវយល់ថា ពាក្យថាបរទេសមានន័យថា អ្នកក្រៅប្រទេសឬអ្នកមកពីប្រទេសដទៃប៉ុណ្ណោះ ពុំមែនមានន័យថាឆ្លាតជាងយើង ពូកែជាងយើង ឬអស្ចារ្យជាងយើងទាំងអស់គ្រប់រឿងទេ។
បើយើងទៅប្រទេសគេវិញ ក៏គេហៅយើងថាជាជនបរទេសដែរ។ ហេតុនេះត្រូវរៀនផ្ដល់តម្លៃដល់ជាតិសាសន៍ឯងជាចម្បង ដើម្បីកុំឱ្យជនបរទេសមើលងាយខ្មែរឬជិះជាន់ខ្មែរ។ រូបមន្តដើម្បីឱ្យខ្មែរចេះផ្ដល់តម្លៃដល់ជាតិសាសន៍ឯង គឺមានតែការវិនិយោគទុនទៅលើការសិក្សារៀនសូត្រឱ្យខ្លាំងតែប៉ុណ្ណោះ។ ព្រោះថា បើកូនខ្មែរជំនាន់ក្រោយមានចំណេះដឹងទូលំទូលាយ នោះពួកគេនឹងលែងខ្លាចបរទេសទៀតហើយ ហើយពួកគេក៏ចេះឱ្យតម្លៃជាតិសាសន៍ឯងផងដែរ៕
#MenglyJQuach
#MJQUP