អាកាសធាតុត្រជាក់ក្នុងរដូវរងានឹងធ្វើឱ្យមនុស្សជាច្រើនមានអារម្មណ៍ស្រស់ស្រាយ និងត្រជាក់។ ប៉ុន្តែរាល់រដូវរងាបែបនេះ តែងតែប្រឈមមុខនឹងបញ្ហាធ្វើឲ្យស្បែកស្ងួត។ ថ្ងៃនេះ យើងនឹងចែករំលែកវិធី ៥ យ៉ាងដើម្បីការពារស្បែកស្ងួតក្នុងរដូវរងារ សូមសាកធ្វើតាមទាំងអស់គ្នាមិនថា វាត្រជាក់ប៉ុណ្ណាទេ ស្បែករបស់អ្នកប្រាកដជាមានសំណើម។
1. ជៀសវាងការងូតទឹកក្តៅ
ពេលត្រជាក់ប្រាកដណាស់ មនុស្សជាច្រើនចង់ងូតទឹកក្តៅឧណ្ហៗ ដើម្បីកំដៅរាងកាយ។ ប៉ុន្តែនោះគឺជារឿងដែលធ្វើឱ្យស្បែកបាត់បង់សំណើមលឿនណាស់ ព្រោះការងូតទឹកក្នុងសីតុណ្ហភាពខ្ពស់ ធ្វើឱ្យស្បែកបាត់បង់សំណើម។ សីតុណ្ហភាពកាន់តែខ្ពស់ បណ្តាលឱ្យប្រេងនៅលើស្បែកត្រូវបានដកចេញកាន់តែឆាប់ រហូតធ្វើឱ្យស្បែកស្ងួតកាន់តែងាយស្រួល។
2. ប្រើក្រែមចិញ្ចឹមស្បែកបន្ទាប់ពីងូតទឹក
បន្ទាប់ពីងូតទឹករួច មិនគួរជូតខ្លួនឱ្យស្ងួតឡើយ។ ប៉ុន្តែអ្នកគួរតែជូតខ្លួនដោយក្រណាត់សើមតិច បន្ទាប់មកលាបក្រែមលាបស្បែកអោយសព្វពេញខ្លួនដើម្បីជួយរក្សាជាតិទឹកក្នុងស្បែក ផ្តល់សំណើមដល់ស្បែក ការពារស្បែកស្ងួតបានយ៉ាងល្អ។
3. លាបក្រែមលាបស្បែក ឬក្រែមផ្តល់សំណើម
ក្រែម ឡេ ឬក្រែមផ្តល់សំណើម ត្រូវតែលាបជារៀងរាល់ថ្ងៃជាប្រចាំ ដើម្បីបំបាត់ស្បែកស្ងួត និងស្តារស្បែកឱ្យត្រលប់មកមានសំណើមវិញដូចដើម។ ជាការល្អបំផុតក្នុងការជ្រើសរើសផលិតផលដែលសំបូរទៅដោយ collagen ឬសារធាតុចម្រាញ់ពីធម្មជាតិ ដូចជាទឹករ៉ែ ឬផ្កាឡាវេនឌឺ។
4. ផឹកទឹកឱ្យបានគ្រប់គ្រាន់
ផឹកទឹកឱ្យបានគ្រប់គ្រាន់ជារៀងរាល់ថ្ងៃ នឹងជួយស្តារស្បែកស្ងួតឱ្យមានសំណើម និងពោរពេញដោយជាតិទឹក។ វិធីល្អបំផុតគឺផឹកទឹកក្តៅ ម្តងម្កាលដើម្បីមានទឹកចិញ្ចឹមរាងកាយយើងគ្រប់ពេល។
5. ការទទួលទានផ្លែឈើ និងបន្លែ
ការទទួលទានបន្លែ និងផ្លែឈើដែលមានជាតិទឹកច្រើន អាចជួយស្តារសំណើមដល់ស្បែក ព្រោះក្រៅពីផ្លែឈើ និងបន្លែទាំងនេះនឹងមានទឹកជាធាតុផ្សំ។ មិនតែប៉ុណ្ណោះ វាក៏មានផ្ទុកនូវសារធាតុចិញ្ចឹម និងវីតាមីនសំខាន់ៗជាច្រើនដូចជា វីតាមីន C និងសារធាតុប្រឆាំងអុកស៊ីតកម្មផងដែរ។ ទន្ទឹមនឹងនេះ វាអាចជួយបំប៉នស្បែកឱ្យមើលទៅភ្លឺថ្លា និងមានសុខភាពល្អ ដែលភាគច្រើនត្រូវបានរកឃើញនៅក្នុងប៉េងប៉ោះ ត្រសក់ ការ៉ុត ក្រូច ឪឡឹក ផ្លែប៉ោម។
ប្រភព៖ បរទេស